ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ទីស្នាក់ការកណ្តាល ស្ថិតនៅ ជាន់ទី១៨ ព្រីនស៍ ភ្នំពេញ ថោវើរ អគារលេខ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ធនាគារ ព្រីនស៍ ម.ក ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្នុងបញ្ជីពាណិជ្ជកម្មលេខ ០០០១៤៦២៧ របស់ក្រសួងពាណិជ្ជកម្ម។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងធ្វើការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ដែលជាវិស័យគន្លឹះនៃអតិថិជនគោលដៅរបស់យើង។
បច្ចុប្បន្នធនាគារ ព្រីនស៍ ម.ក មានសាខាចំនួន៣៦ ដែលស្ថិតនៅតាមបណ្តាខេត្តនិងក្រុងចំនួន២២ ដែលមានដូចជា រាជធានីភ្នំពេញ (ទីស្នាក់ការកណ្ដាល និងសាខាចំនួន១១) បាត់ដំបង សៀមរាប កំពង់ចាម ព្រះសីហនុ ក្រុងតាខ្មៅ ព្រៃវែង ស្វាយរៀង ក្រចេះ រតនគិរី កំពង់ឆ្នាំង ព្រះវិហារ តាកែវ កំពង់ស្ពឺ កំពង់ធំ ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពត ស្ទឹងត្រែង និង មណ្ឌលគិរី។
ធនាគារមានផែនការបន្តពង្រីកប្រតិបត្តិការទូទាំងប្រទេស ដើម្បីខិតទៅកាន់តែជិតអតិថិជន និងមានលទ្ធភាពកាន់តែប្រសើរក្នុងការផ្ដល់សេវាហិរញ្ញវត្ថុតាមតម្រូវការផ្សេងៗរបស់អតិថិជន។
ធនាគារ ព្រីនស៍ ម.ក នឹងផ្តល់ជូននូវសេវាដូចជា៖ គណនីចរន្ត និងគណនីប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើមានកាលកំណត់ ឥណទានគេហដ្ឋាន ឥណទានបុគ្គល ឥណទានអាជីវកម្ម និងឥណទានវិបារូបរ៍។
ធនាគារ ព្រីនស៍ ម.ក មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីគាំទ្រដល់ការទទួលខុសត្រូវកិច្ចការសង្គមនៅក្នុងវិស័យអប់រំ វិស័យបរិស្ថាន និងវប្បធម៌ជាដើម។
តម្លៃស្នូល
- មានចំណង់ចំណូលចិត្តខ្ពស់: យើងចង់បាននូវឧត្តមភាព និងចង់ជួយអតិថិជនរបស់យើងឱ្យទទួលបានជោគជ័យ។
- ផ្តោតទៅលើលទ្ធផល: យើងចាប់ផ្តើមធ្វើអ្វីមួយ ដោយគិតដល់លទ្ធផលចុងក្រោយជាមួយនឹងការដឹងអំពីភាពបន្ទាន់ និងការផ្តោតលើការសម្រេចឱ្យបាននូវការងារដែលយើងចាប់ផ្តើម។
- មានគំនិតច្នៃប្រឌិត: យើងឱ្យតម្លៃទៅលើវប្បធម៌នៃការច្នៃប្រឌិត ដែលយើងធ្វើការពិសោធន៍នូវដំណោះស្រាយថ្មីៗ នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាពនិងការសហការគ្នា។
- មានភាពថ្លៃថ្នូរ: យើងមានភាពស្មោះត្រង់ តម្លាភាព និងប្តេជ្ញាក្នុងការធ្វើអ្វីដែលល្អបំផុតសម្រាប់អតិថិជន និងធនាគាររបស់យើង។
- ចេះសហការគ្នា: យើងបង្កើតចំណងរឹងមាំ និងយូរអង្វែងជាមួយមិត្តរួមការងារ ដៃគូ និងអតិថិជន ដើម្បីរួមគ្នាជំរុញភាពជោគជ័យ។
- មានសហគ្រិនភាព: យើងមើលឃើញហួសពីស្ថានភាព និងធនធានបច្ចុប្បន្នរបស់យើង ហើយមានសេចក្តីក្លាហានក្នុងការសម្រេចចិត្ត “ បាទ/ចាស ឬអត់” ។