មានសុពលភាពអនុវត្តចាប់ពីថ្ងទី ០១ មីនា ២០២៥
ធនាគារ ព្រីនស៍ ម.ក
បញ្ញត្តិនិងលក្ខខណ្ឌទូទៅ
បញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ (“បញ្ញត្តិនិងលក្ខខណ្ឌទូទៅ”) គ្រប់គ្រងលើ ការបើកគណនី ប្រតិបត្តិការទូទៅនៃគណនី និងការបិទគណនីណាមួយ រួមទំាង ការផ្តល់ផលិតផល និងសេវាកម្មផ្សេងៗរបស់ ធនាគារ ព្រីនស៍ ម.ក (“ធនាគារ ព្រីនស៍”) ដោយត្រូវអនុវត្តរួមគ្នាជាមួយនឹង បញ្ញត្តិនិងលក្ខខណ្ឌពិសេសណាមួយផ្សេងទៀត ដែលត្រូវអនុវត្តចំពោះប្រភេទនៃគណនី ផលិតផល ឬសេវាកម្មជាក់លាក់នីមួយៗ (“បញ្ញត្តិនិងលក្ខខណ្ឌពិសេស")។ តាមរយៈការបើក ការរក្សា និងការបន្តធ្វើប្រតិបត្តិការចំពោះគណនី ឬការប្រើប្រាស់ផលិតផល និងសេវាកម្ម ដែលបានផ្តល់ជូនដោយ ធនាគារ ព្រីនស៍ អតិថិជន យល់ព្រមអនុវត្តតាមបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ ហើយបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ បង្កើតជាកិច្ចព្រមព្រៀងរវាងអតិថិជននិង ធនាគារ ព្រីនស៍។ អតិថិជន ត្រូវអានដោយប្រុងប្រយ័ត្នបំផុត និងយល់ឱ្យបានច្បាស់អំពីបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ ព្រមទាំងបញ្ញត្តិនិងលក្ខខណ្ឌដែលពាក់ព័ន្ធនានា មុនពេលប្រើប្រាស់ គណនី ផលិតផល ឬសេវាកម្មណាមួយ។ ក្នុងករណីដែលអតិថិជនមានចម្ងល់ ឬត្រូវការការពន្យល់បន្ថែម ទាក់ទងនឹងបញ្ញត្តិនិងលក្ខខណ្ឌទាំងនេះ អតិថិជន អាចទាក់ទងមកកាន់ ធនាគារ ព្រីនស៍ តាមរយៈទូរសព្ទលេខ៖ ១៨០០ ២០ ៨៨៨៨ ឬអញ្ជើញមកកាន់សាខាប្រតិបត្តិការណាមួយរបស់ ធនាគារ ព្រីនស៍។ អតិថិជន អាចរកមើល បញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ នៅលើគេហទំព័ររបស់ ធនាគារ ព្រីនស៍៖ https://www.princebank.com.kh/ ។
១. និយមន័យ
១.១. លើកលែងតែមានការឱ្យនិយមន័យផ្សេងពីនេះ រាល់ពាក្យដែលប្រើប្រាស់ក្នុងបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ ត្រូវមាននិយមន័យដូចមានចែងក្នុងឧបសម្ព័ន្ធ១នៃបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ។
២. គណនី និងសេវាកម្ម
២.១. ប្រភេទគណនី ប័ណ្ណ និង របៀបប្រតិបត្តិការ៖
(ក). អតិថិជន អាចស្នើសុំបើកគណនីប្រភេទ CASA និង/ឬ គណនីបញ្ញីមានកាលកំណត់ និងប្រភេទគណនីដទៃទៀតដែល ធនាគារ ព្រីនស៍ ដាក់ឱ្យប្រើប្រាស់ពីពេលមួយទៅពេលមួយ ទាំងសម្រាប់រូបិយវត្ថុជាតិ និង/ឬ រូបិយប័ណ្ណបរទេស ទាំងសម្រាប់គណនីដែលមានម្ចាស់គណនីតែម្នាក់ ឬគណនីរួមដែលមានម្ចាស់គណនីលើសពីម្នាក់ ជាប្រភេទគណនីក្រោមឈ្មោះរូបវន្តបុគ្គល ឬគណនីក្រោមឈ្មោះនីតិបុគ្គល ដោយអនុលោមតាមបញ្ញត្តិ និងលក្ខខណ្ឌទូទៅនេះ បញ្ញត្តិនិងលក្ខខណ្ឌពិសេសដែលគ្រប់គ្រងលើប្រភេទនៃគណនីជាក់លាក់នីមួយៗ រួមបញ្ចូលទាំង លក្ខខណ្ឌជាក់លាក់សម្រាប់ប្រភេទគណនីនីមួយៗដូចបានជូនដំណឹងទៅកាន់អតិថិជន តាមរយៈមធ្យោបាយទំនាក់ទំនងដែលមានរបស់ ធនាគារ ព្រីនស៍ រួមមាន គេហទំព័ររបស់ ធនាគារ ព្រីនស៍ និង ខិតប័ណ្ណដែលទាក់ទងនឹងផលិតផលរបស់ ធនាគារ ព្រីនស៍ និងគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំប្រតិបត្តិផ្ទៃក្នុងដែលពាក់ព័ន្ធរបស់ ធនាគារ ព្រីនស៍។ ធនាគារ ព្រីនស៍ រក្សាសិទ្ធិក្នុងការទទួលយក ឬបដិសេធ ការស្នើសុំរបស់អតិថិជន តាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន ដោយមិនចាំបាច់ផ្តល់មូលហេតុណាមួយទ្បើយ។
(ខ). ការស្នើសុំប្រើប្រាស់ ប័ណ្ណអេធីអឹម ប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាន ដែលមានដាក់ជូនឱ្យប្រើប្រាស់ដោយ ធនាគារ ព្រីនស៍ ត្រូវគោរពតាម បញ្ញត្តិនិងលក្ខខណ្ឌពិសេសដែលគ្រប់គ្រងលើការប្រើប្រាស់ប័ណ្ណទាំងនោះ។
(គ). អតិថិជន អាចកំណត់របៀបប្រតិបត្តិការគណនី ទៅតាមជម្រើសរបស់ខ្លួន និងដែលអាចទទួលយកបានដោយធនាគារ ព្រីនស៍ ហើយរាល់ការស្នើសុំកែប្រែរបៀបប្រតិបត្តិការគណនី ត្រូវមានការអនុម័តយល់ព្រមពី ធនាគារ ព្រីនស៍។
(ឃ). អតិថិជន អាចចុះឈ្មោះប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធឌីជីថលភ្ជាប់ទៅនឹងគណនី អនុលោមតាមបញ្ញត្តិនិងលក្ខខណ្ឌពិសេសគ្រប់គ្រងលើការប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធឌីជីថល។
២.២. គណនី និងរូបិយប័ណ្ណនៃគណនី
(ក). ប្រសិនបើប្រទេសអ្នកទទួលការផ្ទេរប្រាក់ រឹតត្បិតឥណទាន ឬការផ្ទេរប្រាក់ ក្នុងរូបិយប័ណ្ណជាក់លាក់ណាមួយ នោះ ធនាគារ ព្រីនស៍ មិនមានកាតព្វកិច្ចក្នុងការផ្ទេរប្រាក់ ក្នុងរូបិយប័ណ្ណដែលត្រូវបានរឹតត្បិតនោះទ្បើយ ហើយ ធនាគារ ព្រីនស៍ នឹងផ្ទេរប្រាក់ក្នុងរូបិយប័ណ្ណផ្សេង ផ្អែកតាមអត្រាប្តូរប្រាក់ជាក់ស្តែង ទៅតាមរបៀបដែលបានកំណត់ដោយ ធនាគារ ព្រីនស៍។
(ខ). អតិថិជន ទទួលស្គាល់ និងយល់ព្រមទទួលយក នូវរាល់ហានិភ័យដែលថា ការដាក់ប្រាក់ជារូបិយប័ណ្ណបរទេសទៅក្នុងគណនី ត្រូវអនុលោមតាមការទ្បើងចុះនៃលក្ខខណ្ឌទីផ្សារទាក់ទងនឹងអត្រាប្តូរប្រាក់ ដែលអាចបណ្តាលឱ្យមានការចំណេញឬខាតចំពោះការទទួលបានចំណូលនិង/ឬការវិនិយោគនានា នៅឥណប្រតិទាន។
២.៣. ការដាក់សាច់ប្រាក់/ទឹកប្រាក់នៃមូលប្បទានប័ត្រទៅក្នុងគណនី
(ក). ការដាក់សាច់ប្រាក់ទៅក្នុងគណនី
(i) រាល់ការដាក់សាច់ប្រាក់ ត្រូវអនុលោមតាមកម្រិតកំណត់ សម្រាប់ការដាក់សាច់ប្រាក់ដែល ធនាគារ ព្រីនស៍ បានកំណត់។ ធនាគារ ព្រីនស៍ មានសិទ្ធិបដិសេធការដាក់សាច់ប្រាក់ណាមួយ ប្រសិនបើ ធនាគារ ព្រីនស៍ មិនអាចកំណត់អំពីប្រភពដើមនៃសាច់ប្រាក់ទាំងនោះ ទៅតាមការពេញចិត្តរបស់ខ្លួន។
(ii) ប្រសិនបើ ធនាគារ ព្រីនស៍ ទទួលយកការដាក់សាច់ប្រាក់ក្នុងរូបិយប័ណ្ណផ្សេងក្រៅពីរូបិយប័ណ្ណនៃគណនីនោះ ធនាគារ ព្រីនស៍ នឹងធ្វើការប្តូរសាច់ប្រាក់នោះទៅជាប្រាក់ដែលស៊ីសង្វាក់នឹងរូបិយប័ណ្ណនៃគណនី ដោយប្តូរប្រាក់ក្នុងអត្រាប្តូរប្រាក់ជាក់ស្តែង មុនពេលដាក់បញ្ជូលសាច់ប្រាក់ទាំងនេះទៅក្នុងគណនីនោះ។
(ខ). ការដាក់ទឹកប្រាក់ដែលមាននៅក្នុងមូលប្បទានប័ត្រទៅក្នុងគណនី
(i) នៅពេលមូលប្បទានប័ត្រ (ទោះបីមូលប្បទានប័ត្រនោះ ត្រូវបានចេញដោយ ធនាគារក្នុងស្រុក ឬបរទេស) ត្រូវបានដាក់ជូនធនាគារ ព្រីនស៍ ដើម្បីបញ្ចូលទឹកប្រាក់ដែលមាននៅក្នុងមូលប្បទានប័ត្រនោះទៅក្នុង គណនីណាមួយ ធនាគារ ព្រីនស៍ មិនមានកាតព្វកិច្ចក្នុងការដាក់បញ្ចូលទឹកប្រាក់ដែលមាននៅក្នុង មូលប្បទានប័ត្រនោះទៅក្នុងគណនីទេ លុះត្រាតែទឹកប្រាក់នៃមូលប្បទានប័ត្រនោះ ត្រូវបានបញ្ជាក់ថាជាទឹកប្រាក់ដែលត្រឹមត្រូវ និងអាចបញ្ចូលទៅក្នុងគណនីបាន។
(ii) ធនាគារ ព្រីនស៍ នឹងកាត់ទឹកប្រាក់ចេញពីគណនី ក្នុងចំនួនស្មើនឹងទឹកប្រាក់ដែលត្រូវដាក់បញ្ចូលទៅក្នុងគណនីមួយផ្សេងទៀត រួមជាមួយនឹង កម្រៃសេវា ការប្រាក់ និងសោហ៊ុយជើងសារដែលពាក់ព័ន្ធ ទោះបីជាមូលប្បទានប័ត្រ ត្រូវបានរកឃើញនៅពេលក្រោយថា គ្មានទឹកប្រាក់គ្រប់គ្រាន់ ដោយមូលហេតុណាមួយក៏ដោយ។
(iii) ធនាគារ ព្រីនស៍ អាចទទួលយក ឬបដិសេធមិនទទួលយកមូលប្បទានប័ត្រដែលបានដាក់មក ប្រសិនបើ ធនាគារ ព្រីនស៍ យល់ឃើញថា មូលប្បទានប័ត្រមានភាពមិនប្រក្រតីក្នុងរូបភាពណាមួយ ឬត្រូវបានកែប្រែក្នុងទម្រង់ណាមួយ ទោះបីជាអ្នកចេញមូលប្បទានប័ត្របានចុះហត្ថលេខាអមក៏ដោយ។ ធនាគារ ព្រីនស៍ ទទួលរាល់មូលប្បទានប័ត្រដែលបានដាក់មក ធនាគារ ព្រីនស៍ ក្នុងនាមជាភ្នាក់ងារប្រមូលមូលប្បទានប័ត្រតែប៉ុណ្ណោះ។ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ធនាគារ ព្រីនស៍ អាចដំណើរការមូលប្បទានប័ត្រ ទោះបីជាអតិថិជននិងអ្នកទទួលផល ជាបុគ្គលពីរផ្សេងគ្នាក៏ដោយ។
(iv) មូលប្បទានប័ត្រដែលគ្មានទឹកប្រាក់គ្រប់គ្រាន់ដើម្បីទូទាត់ អាចត្រូវបានបញ្ជូនត្រទ្បប់ ទៅកាន់អតិថិជនវិញ តាមរយៈប្រៃសនីយ៍ ឬអ្នករត់សំបុត្រវិជ្ជាជីវៈ ទៅកាន់អាសយដ្ឋានចុងក្រោយដែលបានផ្តល់ជូន ធនាគារ ព្រីនស៍ និងក្រោមការចំណាយផ្ទាល់របស់អតិថិជន ដោយអតិថិជនជាអ្នកទទួលរ៉ាប់រងនូវរាល់ហានិភ័យដែលពាក់ព័ន្ធទាំងអស់។
(v). ធនាគារ ព្រីនស៍ អាចយល់ព្រមជាមួយនឹងធនាគារផ្សេងៗ ឬសភាផាត់ទាត់ ក្នុងការកែប្រែនីតិវិធី និងរយៈពេល ទាក់ទងនឹងការប្រមូលមូលប្បទានប័ត្រដែលត្រូវបានបញ្ជូនត្រទ្បប់វិញ ឬឯកសារដទៃទៀតណាមួយ ហើយ ធនាគារ ព្រីនស៍ មិនទទួលខុសត្រូវលើរាល់សកម្មភាពដែលបានធ្វើទ្បើងដោយធនាគារទាំងនោះ (ឬភ្នាក់ងាររបស់ពួកគេ) ឬសភាផាត់ទាត់ ឬចំពោះការខាតបង់ ឬការបំផ្លាញឯកសារណាមួយដែលស្ថិតនៅក្រោមការកាន់កាប់របស់ធនាគារទាំងនោះ ឬសភាផាត់ទាត់ ឬក្នុងអំទ្បុងពេលបញ្ជូនទ្បើយ។
២.៤. ការផ្ទេរប្រាក់
(ក). លុះត្រាមានការជូនដំណឹងផ្សេងដោយ ធនាគារ ព្រីនស៍ ទៅកាន់អតិថិន សេវាផ្ទេរប្រាក់ត្រូវបានដាក់ជូនអតិថិជនប្រើប្រាស់ ដោយអនុលោមតាម គោលនយោបាយ និងនីតិវិធីរបស់ ធនាគារ ព្រីនស៍ នៅពេលទទួលបានទឹកប្រាក់។
(ខ). ប្រសិនបើ អតិថិជនស្នើសុំឱ្យ ធនាគារ ព្រីនស៍ ធ្វើការដាក់ប្រាក់ចូលទៅក្នុងគណនីជាក់លាក់ណាមួយ ហើយទឹកប្រាក់ដែល ធនាគារ ព្រីនស៍ បានទទួល ស្ថិតក្នុងរូបិយប័ណ្ណមួយ ដែលខុសពីរូបិយប័ណ្ណនៃគណនីនោះ នោះ ធនាគារ ព្រីនស៍ នឹងធ្វើការប្តូរទឹកប្រាក់ដែលបានទទួលនោះ ទៅជារូបិយប័ណ្ណនៃគណនីទទួលនោះ ក្នុងអត្រាប្តូរប្រាក់ដែលអនុវត្តជាក់ស្តែង។
២.៥. ការដកប្រាក់ និង ការបញ្ជាប្រតិបត្តិការ
(ក). ការដកប្រាក់
(i) រាល់ការដកប្រាក់ ត្រូវគោរពតាមកម្រិតកំណត់សម្រាប់ការដកប្រាក់ដែល ធនាគារ ព្រីនស៍ បានកំណត់ និងត្រូវបានកាត់ចេញពីគណនី ប្រសិនបើអតិថិជនមានទឹកប្រាក់ដែលបានផាត់ទាត់រួចក្នុងគណនី យ៉ាងហោចណាស់ស្មើនឹងចំនួនទឹកប្រាក់ដែលដកនោះ។
(ii) ការដកប្រាក់ណាមួយតាមរយៈ ម៉ាស៊ីនអេធីអឹម ឬស៊ីឌីអឹម ដោយប្រើប្រាស់ប័ណ្ណដែលបានចេញជូនដោយ ធនាគារ ព្រីនស៍ ត្រូវគោរពតាម បញ្ញត្តិនិងលក្ខខណ្ឌពិសេស ដែលគ្រប់គ្រង់ការប្រើប្រាស់ប័ណ្ណទាំងនោះ។
(iii) ការដកប្រាក់ និង ការទូទាត់ប្រាក់ ចេញពីគណនីជាក់លាក់ណាមួយ ត្រូវគោរពតាមរបៀបប្រតិបត្តិគណនីជាក់លាក់នោះ ដូចបានកំណត់ដោយអតិថិជន។
(iv) អតិថិជន ត្រូវទទួលខុសត្រូវក្នុងការរាប់សាច់ប្រាក់ទាំងអស់ មុនពេលចាកចេញពីបញ្ជរសាខាប្រតិបត្តិការរបស់ ធនាគារ ព្រីនស៍ និងម៉ាស៊ីនអេធីអឹម និងត្រូវធ្វើការផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ នៅចំពោះមុខបុគ្គលិករបស់ ធនាគារ ព្រីនស៍ ប្រសិនបើការដកប្រាក់ត្រូវបានធ្វើឡើងនៅបញ្ជរសាខាប្រតិបត្តិការរបស់ ធនាគារ ព្រីនស៍ ។
(ខ). ការបញ្ជាប្រតិបត្តិការ
(i) ធនាគារ ព្រីនស៍ នឹងដំណើរការបញ្ជាប្រតិបត្តិការណាមួយ នៅកាលបរិច្ឆេទទូទាត់ ដែលបានកំណត់ដោយអតិថិជន ក្នុងលក្ខខណ្ឌដែល៖
ក). ធនាគារ ព្រីនស៍ បានទទួល ការបញ្ជាប្រតិបត្តិការឱ្យទូទាត់ នៅមុនពេលកំណត់បិទការទទួលការបញ្ជាប្រតិបត្តិការ ដែលបានកំណត់ដោយ ធនាគារ ព្រីនស៍។
ខ). ការទូទាត់ ស្ថិតនៅក្នុងកម្រិតនៃដំណើរការ ដែលបានកំណត់ដោយ ធនាគារ ព្រីនស៍ ឬក្នុងកម្រិត ឬកម្រិតនៃការអនុញ្ញាតដែលបានកំណត់ដោយអតិថិជន។ និង
គ). គណនី មានទឹកប្រាក់ដែលបានផាត់ទាត់រួចគ្រប់គ្រាន់ ឬមានឥណទានដែលបានផ្តល់ជូនឱ្យប្រើប្រាស់គ្រប់គ្រាន់ ដើម្បីធ្វើការទូទាត់ ដូចមានបញ្ជាក់ក្នុងការបញ្ជាទូទាត់។
(ii) ប្រសិនបើ ការបញ្ជាប្រតិបត្តិការ ត្រូវបានទទួលនៅ ឬមានបញ្ជាក់ពី កាលបរិច្ឆេទនៃការទូទាត់ដែលមិនចំថ្ងៃធ្វើប្រតិបត្តិការរបស់ ធនាគារ ព្រីនស៍ ការទូទាត់នឹងត្រូវបានធ្វើទ្បើងនៅថ្ងៃធ្វើប្រតិបត្តិការបន្ទាប់។
(iii) នៅពេលដែល ធនាគារ ព្រីនស៍ បានទទួលការបញ្ជាប្រតិបត្តិការ អតិថិជនយល់ព្រមអនុញ្ញាតឱ្យ ធនាគារ ព្រីនស៍ កាត់ទឹកប្រាក់ចេញពីគណនីដែលពាក់ព័ន្ធរបស់អតិថិជន ក្នុងចំនួនទឹកប្រាក់ដែលត្រូវទូទាត់ រួមជាមួយនឹង កម្រៃជើងសារ កម្រៃសេវា និងចំណាយដែលពាក់ព័ន្ធនានា។
(iv) ធនាគារ ព្រីនស៍ អាចកំណត់អំពីលំដាប់អាទិភាពនៃការទូទាត់ លើកលែងតែមានការបញ្ជាក់ជាក់លាក់អំពីលំដាប់អាទិភាពនៃការទូទាត់នេះ ដោយអតិថិជននៅក្នុងការបញ្ជាប្រតិបត្តិការ។
(v) ធនាគារ ព្រីនស៍ រក្សាសិទ្ធិក្នុងការប្រើប្រាស់សេវាកម្មរបស់ធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុតតិយភាគី ដើម្បីធ្វើដំណើរការការបញ្ជាផ្ទេរប្រាក់ និងអាចប្រើប្រាស់មធ្យោបាយផ្សេងណាមួយដើម្បីអនុវត្តដំណើរការផ្ទេរប្រាក់ដែល ធនាគារ ព្រីនស៍ យល់ថាសមស្របនៅក្នុងកាលៈទេសៈជាក់ស្តែងដែលជួបប្រទះ ទោះបីជាការបញ្ជាប្រតិបត្តិការរបស់អតិថិជនមានលក្ខណៈផ្ទុយពីនេះក៏ដោយ។
(vi) ប្រសិនបើ ធនាគារ ព្រីនស៍ យល់ព្រមទទួលយកការបញ្ជាទូទាត់ប្រាក់ដែលមានកាលបរិច្ឆេទទូទាត់ប្រាក់កន្លងហួសទៅហើយ អតិថិជន យល់ព្រមថា ធនាគារ ព្រីនស៍ នឹងទូទាត់ប្រាក់នៅថ្ងៃដែលទទួលបានការបញ្ជាប្រតិបត្តិការ ឬ ប្រសិនបើ ធនាគារ ព្រីនស៍ បានទទួលការបញ្ជាទូទាត់ប្រាក់នេះនៅក្រោយពេលកំណត់បិទការទទួលការបញ្ជាប្រតិបត្តិការ ការទូទាត់ប្រាក់នោះនឹងត្រូវបានដំណើរការនៅថ្ងៃធ្វើប្រតិបត្តិការបន្ទាប់។ ការទូទាត់ប្រាក់ នឹងមិនត្រូវបានដំណើរការនៅកាលបរិច្ឆេទដែលបានកន្លងហួសទៅហើយដូចមានបញ្ជាក់នៅក្នុងការបញ្ជាទូទាត់ប្រាក់ដែលបានផ្តល់ជូន ធនាគារ ព្រីនស៍ ទ្បើយ។
២.៦. មូលប្បទានប័ត្រ
(ក). អតិថិជន ដែលមានគណនីចរន្ត រួមទាំងគណនីរួម អាចស្នើសុំមូលប្បទានប័ត្រធនាគារ សៀវភៅមូលប្បទានប័ត្រ ឬសៀវភៅធនាគារ ពី ធនាគារ ព្រីនស៍ ដែលមានសិទ្ធិអនុម័តយល់ព្រមឬបដិសេធការស្នើសុំនេះ ដោយមិនចាំបាច់ផ្តល់មូលហេតុ។ មូលប្បទានប័ត្រធនាគារ អាចត្រូវបានលុបចោលដោយ ធនាគារ ព្រីនស៍ ផ្អែកតាមការស្នើសុំរបស់អតិថិជន និងដោយអនុលោមតាម គោលនយោបាយ នីតិវិធីប្រតិបត្តិ និងគោលការណ៍ណែនាំផ្ទៃក្នុងរបស់ ធនាគារ ព្រីនស៍ ហើយនៅក្នុងគ្រប់ករណីទាំងអស់ រាល់កម្រៃសេវាដែលពាក់ព័ន្ធ នឹងមិនត្រូវបានប្រគល់ ត្រឡប់ជូនអតិថិជនវិញទ្បើយ។
(ខ). របៀបប្រតិបត្តិការលើគណនីរួម ត្រូវអនុវត្តចំពោះការប្រើប្រាស់មូលប្បទានប័ត្រ ដែលភ្ជាប់ជាមួយនឹងគណនីរួមនោះ ហើយម្ចាស់គណនីរួមទាំងអស់ ត្រូវរួមគ្នាទទួលខុសត្រូវដោយសាមគ្គី ចំពោះការប្រើប្រាស់មូលប្បទានប័ត្រនេះ។ អតិថិជន ទទួលខុសត្រូវក្នុងការប្រគល់សៀវភៅមូលប្បទានប័ត្រជូន ធនាគារ ព្រីនស៍ វិញ នៅពេលបិទគណនីមូលប្បទានប័ត្រ ឬនៅពេលណាមួយ ទៅតាមការស្នើសុំរបស់ ធនាគារ ព្រីនស៍។
(គ). អតិថិជន ត្រូវមានទឹកប្រាក់គ្រប់គ្រាន់នៅក្នុងគណនីចរន្ត មុនពេលសរសេរចេញនូវមូលប្បទានប័ត្រ ដោយហេតុថា ធនាគារ ព្រីនស៍ នឹងធ្វើការទូទាត់ប្រាក់ទៅកាន់អ្នកទទួលប្រាក់ ដែលមានបញ្ជាក់នៅក្នុងមូលប្បទានប័ត្រ ដោយធ្វើការកាត់ទឹកប្រាក់ចេញពីគណនីរបស់អតិថិជន ដែលភ្ជាប់ជាមួយនឹងការប្រើប្រាស់មូលប្បទានប័ត្រ នៅពេលដែល ធនាគារ ព្រីនស៍ បាទទួលមូលប្បទានប័ត្រដែលអតិថិជនបានសរសេរចេញនោះ។
(ឃ). អតិថិជន អាចធ្វើការកែតម្រូវមូលប្បទានប័ត្រ ដោយចុះហត្ថលេខាបន្ទាប់ពីបានធ្វើការកែប្រែនោះ។ ក្នុងករណីនេះ អតិថិជន ត្រូវមានកាតព្វកិច្ចអនុវត្តតាមការកែប្រែនេះ។ ធនាគារ ព្រីនស៍ នឹងបដិសេធការទូទាត់ ចំពោះរាល់ការកែប្រែដែលមិនមានការចុះហត្ថលេខាត្រឹមត្រូវ បញ្ជាក់ពីការយល់ព្រមទៅលើការកែប្រែលើមូលប្បទានប័ត្រនោះ។
(ង). មូលប្បទានប័ត្រដែលត្រូវទូទាត់ទៅកាន់បុគ្គលជាក់លាក់ណាមួយ អាចត្រូវបានផ្ទេរ តាមរយៈការធ្វើបិដ្ឋិលេខ។ បិដ្ឋិលេខ ត្រូវបានធ្វើជាលាយលក្ខណ៍អក្សរលើខ្នងនៃមូលប្បទានប័ត្រ ឬនៅលើក្រដាសបិទភ្ជាប់បន្ថែមទៅនឹងមូលប្បទានប័ត្រ និងត្រូវតែបានចុះហត្ថលេខាដោយអ្នកធ្វើបិដ្ឋិលេខ។ បិដិ្ឋលេខ អាចជាបិដ្ឋិលេខចំហ ដោយមិនបញ្ជាក់ពីឈ្មោះអ្នកទទួលផល។ នៅពេលដែលមូលប្បទានប័ត្រត្រូវបានផ្ទេរឬធ្វើបិដ្ឋិលេខ រាល់សិទ្ធិដែលកើតមានពីមូលប្បទានប័ត្រ ក៏ត្រូវបានផ្ទេរដែរ។ ប្រសិនបើ បិដ្ឋិលេខត្រូវបានធ្វើជាចំហ ដោយមិនបញ្ជាក់ពីឈ្មោះអ្នកទទួលផល អ្នកកាន់មូលប្បទានប័ត្រអាច៖
(i) បំពេញកន្លែងចំហ ដោយឈ្មោះខ្លួនឯង ឬឈ្មោះរបស់បុគ្គលដទៃទៀត។
(ii) ធ្វើបដិ្ឋលេខបន្តមូលប្បទានប័ត្រជាចំហ ឬឱ្យបុគ្គលដទៃ។ ឬ
(iii) ផ្ទេរមូលប្បទានប័ត្រទៅកាន់តិតិយបុគ្គល ដោយមិនចាំបាច់បំពេញកន្លែងចំហ ឬមិនចាំបាច់ធ្វើបិដិ្ឋលេខទ្បើយ។
(ច). ធនាគារ ព្រីនស៍ អាចស្នើសុំព័ត៌មានឬឯកសារណាមួយពីអតិថិជន ដើម្បីដំណើរការមូលប្បទានប័ត្រ និងដើម្បីកំណត់ពីកម្រិតទឹកប្រាក់ដែលអាចទូទាត់ចេញពីមូលប្បទានប័ត្រ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារ ព្រីនស៍ អាចបដិសេធការស្នើសុំបើកសាច់ប្រាក់ចេញពីមូលប្បទានប័ត្រ ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ដោយមិនចាំបាច់ផ្តល់មូលហេតុ និងដោយគ្មានការទទួលខុសត្រូវណាមួយទ្បើយ។
(ឆ). អតិថិជន យល់ព្រមថា ការបង្ហាញមូលប្បទានប័ត្រមកកាន់ ធនាគារ ព្រីនស៍ ដោយបុគ្គលណាមួយ ត្រូវចាត់ទុកថាជាការអនុញ្ញាតឱ្យ ធនាគារ ព្រីនស៍ ធ្វើការទូទាត់ក្នុងរូបិយប័ណ្ណនៃគណនី ដែលទឹកប្រាក់ត្រូវបានកាត់ចេញដើម្បីទូទាត់។ នៅពេលដែលទឹកប្រាក់នៃមូលប្បទានប័ត្រ ត្រូវទូទាត់ក្នុងរូបិយប័ណ្ណមួយផ្សេងទៀត ដែលខុសពីរូបិយប័ណ្ណគណនីនៃមូលប្បទានប័ត្រ ធនាគារ ព្រីនស៍ អាចធ្វើការទូទាត់ទឹកប្រាក់នៃមូលប្បទានប័ត្រ ក្នុងរូបិយប័ណ្ណនៃគណនីមូលប្បទានប័ត្រ ហើយអត្រាប្តូរប្រាក់ត្រូវអនុវត្ត។
(ជ). ធនាគារ ព្រីនស៍ អាចបដិសេធ និងបញ្ជូនត្រទ្បប់វិញនូវមូលប្បទានប័ត្រដែលបានបង្ហាញជូន ធនាគារ ព្រីនស៍ ក្នុងករណីដូចខាងក្រោម៖
(i) គ្មានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនីចរន្ត។
(ii) ទឹកប្រាក់ក្នុងគណនីមូលប្បទានប័ត្រនោះ មិនទាន់ត្រូវបានផាត់ទាត់រួចរាល់ត្រឹមត្រូវ។
(iii) ការទូទាត់ត្រូវបានបញ្ឈប់ ឬលុបចោលដោយបហារ័ក។
(iv) មូលប្បទានប័ត្រមិនត្រូវបានបង្ហាញជូន ធនាគារ ព្រីនស៍ ដើម្បីទូទាត់ ក្នុងរយៈពេល ០៦ (ប្រាំមួយ) ខែ គិតចាប់ពីកាលបរិច្ឆេទនៃមូលប្បទានប័ត្រ។
(v) ចំនួនទឹកប្រាក់ជាអក្សរ និងតួលេខ ខុសគ្នា
(vi) គ្មានទឹកប្រាក់សរសេរជាអក្សរ ឬតួលេខ
(vii) ហត្ថលេខារបស់បហារ័កនៅលើមូលប្បទានប័ត្រ ខុសពីគម្រូហត្ថលេខាដែលបានផ្តល់ជូន ធនាគារ ព្រីនស៍
(viii) គណនីមូលប្បទានប័ត្រ ត្រូវបានបិទ ឬបង្កក និង/ឬ
(ix) បហារ័ក បានទទួលមរណៈភាព ឬមានវិប្បលាសស្មារតី។
(ឈ). ប្រសិនបើមូលប្បទានប័ត្រដែលអតិថិជនបានសរសេរចេញ ត្រូវបានបដិសេធ និងបញ្ជូនត្រទ្បប់វិញ ធនាគារ ព្រីនស៍ អាចធ្វើការក្រើនរំលឹកដល់អតិថិជន ហើយក្នុងករណីដែលមូលប្បទានប័ត្រត្រូវបញ្ជូនត្រទ្បប់វិញចំនួន០៣(បី)ដង ធនាគារ ព្រីនស៍ អាចបិទ ឬបង្កកគណនីចរន្តដែលពាក់ព័ន្ធ អនុលោមតាមគោលនយោបាយផ្ទៃក្នុង នីតិវិធីប្រតិបត្តិការ និងគោលការណ៍ណែនាំប្រតិបត្តិរបស់ ធនាគារ ព្រីនស៍ តាមឆន្ទានុសិទ្ធិរបស់ខ្លួន និងដោយគ្មានការទទួលខុសត្រូវណាមួយទ្បើយ។
(ញ). អតិថិជន ត្រូវរក្សាទុកសៀវភៅមូលប្បទានប័ត្រឱ្យមានសុវត្ថិភាព និងមិនត្រូវទុកចោលមូលប្បទានប័ត្រដែលបានចុះហត្ថលេខាប៉ុន្តែមិនទាន់បានបំពេញព័ត៌មានចូលនៅក្នុងសៀវភៅមូលប្បទានប័ត្រ ឬនៅទីតាំងណាមួយ ដែលអាចបណ្តាលឱ្យបុគ្គលដទៃអាចប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ប្រសិនបើ អតិថិជន បានបាត់សៀវភៅមូលប្បទានប័ត្រ ឬសៀវភៅមូលប្បទានប័ត្ររបស់អតិថិជនត្រូវបានគេលួច អតិថិជន ត្រូវជូនដំណឹងភ្លាមៗមកកាន់ ធនាគារ ព្រីនស៍។
(ដ). អតិថិជន អាចស្នើសុំលុបចោល ឬបញ្ឈប់ការទូទាត់មូលប្បទានប័ត្រដែលបានសរសេរចេញ ដោយមូលហេតុបាត់បង់ ឬត្រូវបានគេលួចនូវមូលប្បទានប័ត្រនោះ ឬមូលហេតុដទៃទៀត ដោយត្រូវអញ្ជើញទៅកាន់សាខាប្រតិបត្តិការណាមួយរបស់ ធនាគារ ព្រីនស៍។ ប៉ុន្តែ ប្រសិនបើមូលប្បទានប័ត្រ ឬមូលប្បទានប័ត្រធនាគារ ត្រូវបានទូទាត់រួច ការលុបចោលឬបញ្ឈប់ការទូទាត់មូលប្បទានប័ត្រនេះ មិនអាចធ្វើបានទ្បើយ។ អតិថិជន ត្រូវផ្តល់ជូន ធនាគារ ព្រីនស៍ នូវរាល់ព័ត៌មាននិងឯកសារពេញលេញ ទៅតាមការតម្រូវរបស់ ធនាគារ ព្រីនស៍ សម្រាប់ការ ស្នើសុំលុបចោលឬបញ្ឈប់ទូទាត់ការទូទាត់មូលប្បទានប័ត្រនេះ។ ធនាគារ ព្រីនស៍ អាចលុបចោលមូលប្បទានប័ត្រដែលបានសរសេរចេញរួច នៅពេលទទួលបានការជូនដំណឹងដោយផ្ទាល់មាត់ពីអតិថិជន ប៉ុន្តែ អតិថិជន ត្រូវអញ្ជើញទៅកាន់សាខាប្រតិបត្តិការណាមួយរបស់ ធនាគារ ព្រីនស៍ ដើម្បីបំពេញនិងចុះហត្ថលេខាលើទម្រង់ បែប បទដែលពាក់ព័ន្ធតាមការកំណត់របស់ ធនាគារ ព្រីនស៍ នៅក្នុងអំឡុងពេល ដែលបានកំណត់ដោយ ធនាគារ ព្រីនស៍។
២.៧. គណនីអសកម្ម៖
(ក). អតិថិជនយល់ថា ធនាគារ ព្រីនស៍ ត្រូវតែប្រតិបត្តិតាមការតម្រូវរបស់បញ្ញត្តិច្បាប់ដែលពាក់ព័ន្ធ ក្នុងការគ្រប់គ្រងលើគុណភាពគណនីធនាគារ និងហានិភ័យដែលពាក់ព័ន្ធនានា។ ប្រសិនបើ គណនីរបស់អតិថិជន មិនមានសកម្មភាព នៅក្នុងរយៈពេលជាក់លាក់មួយដែលបញ្ញត្តិច្បាប់បានកំណត់ គិតចាប់ពីកាលបរិច្ឆេទបើកគណនី ឬកាលបរិច្ឆេទនៃប្រតិបត្តិការចុងក្រោយរបស់អតិថិជនលើគណនី លើកលែងប្រតិបត្តិការគណនីដែលកើតចេញពីប្រព័ន្ធរបស់ធនាគារ នោះ ធនាគារ ព្រីនស៍ នឹងចាត់ថ្នាក់គណនីនោះជា “គណនីអសកម្ម” ហើយកម្រៃសេវាលើគណនីអសកម្មនឹងត្រូវអនុវត្ត។ អតិថិជន អាចទទួលបានព័ត៌មានលម្អិត ទាក់ទងនឹងកម្រៃសេវាលើគណនីអសកម្មនេះ នៅលើគេហទំព័រផ្លូវការរបស់ ធនាគារ ព្រីនស៍។
(ខ). នៅពេលដែលគណនីរបស់អតិថិជន មិនមានប្រតិបត្តិការរយៈពេល១០ឆ្នាំ ដោយនៅមានសមតុល្បនៅក្នុងគណនីនោះ អតិថិជន យល់ព្រមអនុញ្ញាតឱ្យ ធនាគារ ព្រីនស៍ ផ្ទេរសមតុល្បដែលនៅសល់ក្នុងគណនីនោះ ទៅកាន់ ធនាគារជាតិ នៃ កម្ពុជា ដោយមិនចាំបាច់មានការយល់ព្រមបន្ថែមពីអតិថិជនឡើយ។
(គ). នៅក្នុងករណីដែលគណនីរបស់អតិថិជន ត្រូវបានចាត់ថ្នាក់ជាគណនីអសកម្ម អតិថិជនយល់ព្រមជាមួយ ធនាគារ ព្រីនស៍ ថា៖
(i). អតិថិជនមិនអាចធ្វើប្រតិបត្តិការដកប្រាក់ ឬដាក់ប្រាក់ទៅក្នុងគណនីនោះឡើយ លើកលែងតែគណនីនោះ ត្រូវបានចាត់ថ្នាក់ជាគណនីសកម្មវិញ។
(ii). ធនាគារ ព្រីនស៍ អាចបិទគណនីនោះ (ប្រសិនបើសមតុល្បនៅក្នុងគណនីស្មើសូន្យ) ដោយអនុលោមតាមបញ្ញត្តិច្បាប់ជាធរមាន និង/ឬ គោលនយោបាយនិងនីតិវិធីអនុវត្តផ្ទៃក្នុងរបស់ ធនាគារ ព្រីនស៍ ដោយមិនចាំបាច់មានការយល់ព្រមបន្ថែមពីអតិថិជនឡើយ។ និង
(iii). ធនាគារ ព្រីនស៍ អាចធ្វើសកម្មភាពណាមួយផ្សេងទៀត ដូចបានតម្រូវដោយបញ្ញត្តិច្បាប់ជាធរមាន ឬដូចដែល ធនាគារ ព្រីនស៍ យល់ឃើញថាចាំបាច់ ឬសមស្រប ដោយអនុលោមតាមគោលនយោបាយ នីតិវិធីអនុវត្ត និងគោលការណ៍ណែនាំផ្ទៃក្នុងរបស់ ធនាគារ ព្រីនស៍។
២.៨. គណនីដែលត្រូវបានបង្កក៖ ធនាគារ ព្រីនស៍ នឹងបញ្ឈប់ការដំណើរការប្រតិបត្តិការនានា រួមមាននិងមិនកម្រិតត្រឹមតែ ការដកប្រាក់ ការផ្ទេរប្រាក់ ការទូទាត់ប្រាក់ ឬបញ្ជាប្រតិបត្តិការណាមួយ ទាក់ទងនឹងគណនីដែលត្រូវបានបង្កក ប្រសិនបើ៖
(ក). ធនាគារ ព្រីនស៍ បានទទួលការស្នើសុំណាមួយពី អាជ្ញាធរ និង/ឬតុលាការមានសមត្ថកិច្ច។
(ខ). ធនាគារ ព្រីនស៍ បានទទួលការជូនដំណឹងអំពី ភាពក្ស័យធន និង/ឬ បណ្តឹងជម្រះបញ្ជីឬក្ស័យធន ដែលត្រូវបានធ្វើទ្បើងប្រឆាំងនឹងអតិថិជន។ ឬ
(គ). ធនាគារ ព្រីនស៍ បានទទួលការជូនដំណឹងអំពី ការប្រឆាំង ឬការជំទាស់ ឬការទាមទារ ពីអភិបាល ម្ចាស់ភាគហ៊ុន ម្ចាស់គណនីរួម ឬបុគ្គលណាមួយដែលបានអះអាងថាជា អភិបាល ម្ចាស់ភាគហ៊ុន ឬម្ចាស់គណនីរួមណាមួយនៃគណនី។
៣. អត្រាការប្រាក់
៣.១. ធនាគារ ព្រីនស៍ ផ្តល់ជូនការប្រាក់លើគណនីរបស់អតិថិជន ក្នុងអត្រាការប្រាក់ដែលកំណត់ដោយ ធនាគារ ព្រីនស៍ ដូចដែលបានជូនដំណឹងទៅកាន់អតិថិជន តាមរយៈមធ្យោបាយទំនាក់ទំនងដែលមានរបស់ ធនាគារ ព្រីនស៍ រួមបញ្ចូលតែមិនកម្រិតត្រឹមតែ ទម្រង់ពាក្យស្នើសុំ ខិតប័ណ្ណ ទម្រង់ដទៃទៀត កម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃ និងគេហទំព័រផ្លូវការរបស់ ធនាគារ ព្រីនស៍។ ការប្រាក់ នឹងត្រូវបានផ្តល់ជូនទៅក្នុងគណនីរបស់អតិថិជន អនុលោមតាមលក្ខខណ្ឌនៃផលិតផលនីមួយៗ និងគោលនយោបាយផ្ទៃក្នុង នីតិវិធីអនុវត្ត និងគោលការណ៍ណែនាំប្រតិបត្តិផ្ទៃក្នុងរបស់ ធនាគារ ព្រីនស៍។ អតិថិជន យល់ព្រមអនុញ្ញាតឱ្យ ធនាគារ ព្រីនស៍ កែប្រែអត្រាការប្រាក់ និងរបៀបទូទាត់ការប្រាក់ ដោយមិនចាំបាច់មានការយល់ព្រមបន្ថែមពីអតិថិជន និងដោយមានការជូនដំណឹងអំពីការកែប្រែនេះទៅកាន់អតិថិជន តាមរយៈមធ្យោបាយទំនាក់ទំនងដែលមានរបស់ ធនាគារ ព្រីនស៍ រាប់បញ្ចូលទាំង គេហទំព័រផ្លូវការរបស់ ធនាគារ ព្រីនស៍។
៤. របាយការណ៍គណនី
៤.១. អតិថិជន អាចស្នើសុំរបាយការណ៍គណនីរបស់ខ្លួន ទាំងក្នុងទម្រង់ក្រដាស ឬទម្រង់អេឡិចត្រូនិក។
៤.២. អតិថិជន ត្រូវពិនិត្យរបាយការណ៍គណនីរបស់ខ្លួនដោយប្រុងប្រយ័ត្ន និងត្រូវជូនដំណឹងមកកាន់ ធនាគារ ព្រីនស៍ អំពីការភ័ន្តច្រលំ ភាពមិនប្រក្រតី ការខកខាន ភាពមិនត្រឹមត្រូវ ឬការលម្អៀងនៃព័ត៌មាននៅក្នុងរបាយការណ៍គណនី ក្នុងរយៈពេល ០៥(ប្រាំ) ថ្ងៃនៃថ្ងៃប្រតិបត្តិការ បន្ទាប់ពីកាលបរិច្ឆេទបានទទួលរបាយការណ៍គណនី ឬនៅថ្ងៃដែលអតិថិជនអាចចូលទៅពិនិត្យរបាយការណ៍គណនីរបស់ខ្លួនបាន បើមិនដូច្នោះទេ ត្រូវចាត់ទុកថា រាល់ព័ត៌មានទាំងនោះគឺ ពិត ត្រឹមត្រូវ និងចុងក្រោយ គិតចាប់ពីកាលបរិច្ឆេទចេញរបាយការណ៍គណនីនោះ។
៤.៣. ទោះបីប្រការ ៤.២ ខាងលើបានចែងយ៉ាងដូច្នោះក៏ដោយ ក៏ ធនាគារ ព្រីនស៍ អាចធ្វើការកែតម្រូវរាល់ការភ័ន្តច្រលំ ឬការខកខាន ដែលមាននៅក្នុងរបាយការណ៍គណនី នៅពេលណាមួយក៏បាន ដោយជូនដំណឹងពីការកែតម្រូវនោះទៅកាន់អតិថិជន។ ធនាគារ ព្រីនស៍ មានសិទ្ធិក្នុងការទាមទារឱ្យសងត្រទ្បប់វិញ និងកាត់ទឹកប្រាក់ចេញពីគណនីរបស់អតិថិជន ចំពោះទឹកប្រាក់ដែលត្រូវបានទូទាត់លើស និងដែលកើតពីការភ័ន្តច្រលំ ឬការខកខាននោះ។
៥. កម្រៃជើងសារ កម្រៃសេវា និងសោហ៊ុយចំណាយ
៥.១. អតិថិជន យល់ព្រមបង់ជូន ធនាគារ ព្រីនស៍ នូវរាល់កម្រៃជើងសារ កម្រៃសេវា និងសោហ៊ុយចំណាយផ្សេងៗដែលពាក់ព័ន្ធនឹងគណនី ផលិតផល និងសេវាកម្ម នៅក្នុងអត្រាអនុវត្ត ឬក្នុងចំនួនទឹកប្រាក់ណាមួយ ដូចដែលបានកំណត់ដោយ ធនាគារ ព្រីនស៍ ដោយមិនមានការកាត់កង កាត់បន្ថយ ឬការទាមទារត្រទ្បប់ទ្បើយ (“កម្រៃសេវា”)។ កម្រៃសេវាដែលអនុវត្តចំពោះប្រតិបត្តិការមួយចំនួន ត្រូវបានជូនដំណឹងនៅលើគេហទំព័ររបស់ ធនាគារ ព្រីនស៍ https://www.princebank.com.kh។ អតិថិជន យល់ព្រមអនុញ្ញាតឱ្យ ធនាគារ ព្រីនស៍ ធ្វើការផ្លាស់ប្តូរ ឬកែប្រែ កម្រៃសេវា នៅពេលណាមួយក៏បាន ដោយមិនចាំបាច់មានការយល់ព្រមបន្ថែមពីអតិថិជនឡើយ និងដោយមានជូនដំណឹងទៅកាន់អតិថិជន តាមរយៈមធ្យោបាយទំនាក់ទំនងដែលមានរបស់ ធនាគារ ព្រីនស៍ រួមបញ្ចូលតែមិនកម្រិតត្រឹមតែ គេហទំព័រផ្លូវការរបស់ ធនាគារ ព្រីនស៍ ឬការជូនដំណឹងនៅក្នុងកម្មវិធីសេវាធនាគារតាមទូរសព្ទដៃរបស់ ធនាគារ ព្រីនស៍។
៥.២. អតិថិជន អនុញ្ញាតឱ្យ ធនាគារ ព្រីនស៍ កាត់ទឹកប្រាក់ចេញពីគណនីរបស់អតិថិជន ដើម្បីទូទាត់កម្រៃសេវាដែលអតិថិជនជំពាក់ ធនាគារ ព្រីនស៍ និងពន្ធដែលពាក់ព័ន្ធ ដោយមិនចាំបាច់មានការយល់ព្រមបន្ថែមពីអតិថិជនឡើយ។
៥.៣. អតិថិជន យល់ព្រមថា ធនាគារ ព្រីនស៍ នឹងមិនចេញវិក្កយបត្រ ចំពោះកម្រៃជើងសារ កម្រៃសេវា និងសោហ៊ុយចំណាយណាមួយទ្បើយ។
៦. បុគ្គលទទួលបានការអនុញ្ញាត
៦.១. អតិថិជន យល់ព្រមថា ការបញ្ជាប្រតិបត្តិការ ប្រតិបត្តិការ ឬសកម្មភាពណាមួយ ដែលត្រូវបានធ្វើទ្បើងដោយបុគ្គលទទួលបានការអនុញ្ញាត ដើម្បីធ្វើសកម្មភាពសម្រាប់និងក្នុងនាមអតិថិជន នៅក្រោមបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ និងបញ្ញត្តិនិងលក្ខខណ្ឌពិសេសដែលពាក់ព័ន្ធឯទៀត ត្រូវចងជាកាតព្វកិច្ចចំពោះអតិថិជន ដែលអតិថិជនត្រូវទទួលខុសត្រូវចំពោះ ធនាគារ ព្រីនស៍ លើរាល់សោហ៊ុយចំណាយ កម្រៃសេវា ឬការទទួលខុសត្រូវផ្សេងៗដែលកើតមាន ឬកើតចេញពីការបញ្ជាប្រតិបត្តិការ ប្រតិបត្តិការ ឬសកម្មភាពនោះ។
៦.២. ធនាគារ ព្រីនស៍ អាចផ្អែកលើបញ្ជាប្រតិបត្តិការ ឬកិច្ចព្រមព្រៀងណាមួយដែលបានចុះហត្ថលេខា ផ្តួចផ្តើម ផ្ញើចេញ ឬផ្តល់ឱ្យដោយបុគ្គលទទួលបានការអនុញ្ញាត ដែលមើលទៅឃើញថាភាពពិតប្រាកដ ទោះបីជាក្រោយមកអតិថិជនអះអាងថាការបញ្ជា ប្រតិបត្តិការ ឬកិច្ចព្រមព្រៀងទាំងនោះ មិនត្រូវបានអនុញ្ញាតដោយអតិថិជនក៏ដោយ។
៦.៣. បុគ្គលទទួលបានការអនុញ្ញាតនីមួយៗ ត្រូវបន្តទទួលបានការអនុញ្ញាតនេះ រហូតដល់ពេលដែល ធនាគារ ព្រីនស៍ ទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរពីអតិថិជន អំពីការកែប្រែការអនុញ្ញាតនេះ នៅក្នុងទម្រង់ដែលបានកំណត់ដោយ ធនាគារ ព្រីនស៍។
៦.៤. ធនាគារ ព្រីនស៍ អាចស្នើសុំឱ្យបុគ្គលទទួលបានការអនុញ្ញាតនីមួយៗ ធ្វើការកំណត់អត្តសញ្ញាណខ្លួនឯង ដោយអនុលោមតាមច្បាប់និងបញ្ញត្តិជាធរមាន ឬការតម្រូវជាក់លាក់សមរម្យណាមួយផ្សេងទៀតដោយ ធនាគារ ព្រីនស៍ ពីពេលមួយទៅពេលមួយ និងអាចមិនដំណើរការឬមិនធ្វើសកម្មភាពទៅតាមបញ្ជាប្រតិបត្តិការ រហូតទាល់តែដំណើរការផ្ទៀងផ្ទាត់ត្រូវបានបំពេញចប់សព្វគ្រប់ និងត្រឹមត្រូវ។
៧. ការយល់ព្រម និងការអនុញ្ញាតរបស់អតិថិជន
៧.១. អតិថិជន យល់ព្រមដោយមិនអាចដកហូតវិញបានអនុញ្ញាតឱ្យ ធនាគារ ព្រីនស៍៖
(ក). ចូលទៅកាន់គណនីរបស់អតិថិជន។
(ខ). កត់ត្រាព័ត៌មានលម្អិតអំពីប្រតិបត្តិការ នៅក្នុងកំណត់ត្រារបស់ ធនាគារ ព្រីនស៍ ហើយអតិថិជនយល់ព្រមថា រាល់កំណត់ត្រារបស់ ធនាគារ ព្រីនស៍ ដែលបានទាញចេញពីប្រតិបត្តិការ កើតចេញពីការប្រើប្រាស់គណនី ផលិតផល និងសេវាកម្មណាមួយ រួមទាំងពេលវេលាដែលប្រតិបត្តិការត្រូវបានកត់ត្រា កំណត់ត្រានោះ ត្រូវជាភស្តុតាងចុងក្រោយ ដែលបញ្ជាក់ពីភាពពិតប្រាកដ និងភាពត្រឹមត្រូវនៃប្រតិបត្តិការ។
(គ). ផ្ញើសារបដិសេធ ទាក់ទងនឹងបញ្ជាប្រតិបត្តិការឬុការស្នើសុំ ឬប្រតិបត្តិការដែលបានស្នើសុំ ប្រសិនបើ ធនាគារ ព្រីនស៍ យល់ឃើញថាសំណើរបស់អតិថិជន មិនអនុលោមតាមទម្រង់ឬការតម្រូវផ្សេងៗរបស់ ធនាគារ ព្រីនស៍។
(ឃ). កាត់ប្រាក់ចេញពីគណនីរបស់អតិថិជន ស្របទៅតាមការបញ្ជាប្រតិបត្តិការរបស់អតិថិជន បញ្ញត្តិនិងលក្ខខណ្ឌទូទៅ និងបញ្ញត្តិនិងលក្ខខណ្ឌជាក់លាក់ដែលពាក់ព័ន្ធនឹងការផ្ទេរប្រាក់ ឬការទូទាត់កម្រៃជើងសារ កម្រៃសេវា សោហ៊ុយចំណាយ ពន្ធ ឬការទូទាត់ប្រាក់ដទៃទៀត។
(ង). ជូនដំណឹងទៅកាន់អតិថិជន អំពីផលិតផល និងសេវាកម្មថ្មីៗ នៅគ្រប់ពេលវេលានាពេលអនាគត និងធ្វើប្រតិបត្តិការដែលបានស្នើសុំ តាមរយៈការប្រើប្រាស់សេវាកម្មថ្មីនោះ នៅពេលដែល ធនាគារ ព្រីនស៍ បានទទួលបានសំណើរពីអតិថិជន។
(ច). ធ្វើសកម្មភាពចាំបាច់នានា ទាក់ទងនឹងគណនី ផលិតផល និងសេវាកម្ម ព័ត៌មានផ្ទាល់ខ្លួនដទៃទៀត និងការប្រើប្រាស់គណនី ផលិតផល និងសេវាកម្ម ។
(ឆ). អតិថិជន យល់ព្រមថា នៅពេលដែល ធនាគារ ព្រីនស៍ ទទួលបានការស្នើសុំឬការបញ្ជាប្រតិបត្តិការណាមួយរបស់អតិថិជនទាក់ទងនឹង គណនី ផលិតផល និងសេវាកម្ម អតិថិជន អនុញ្ញាតដោយមិនអាចដកហូតវិញបានឱ្យ ធនាគារ ព្រីនស៍ ដំណើរការប្រតិបត្តិការទាំងនោះ ស្របតាមការស្នើសុំឬការបញ្ជាប្រតិបត្តិការ និងបញ្ញត្តិនិងលក្ខខណ្ឌពាក់ព័ន្ធដែលមានជាធរមាន។
(ជ). ធ្វើការបញ្ជាក់សាជាថ្មី ឬស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនដែលចាំបាច់ នៅពលណាមួយក៏បាន តាមរយៈមធ្យោបាយនៃការប្រមូលព័ត៌មានណាមួយក៏បាន។
(ឈ). ធ្វើការប្រមូល រក្សាទុក ប្រើប្រាស់ ដំណើរការ និងបង្ហាញព័ត៌មានឬទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន និងព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងអតិថិជន រាប់បញ្ចូលនិងមិនកម្រិតត្រឹមតែ ព័ត៌មានដែលទាក់ទងនឹងគណនីនិងប្រតិបត្តិការ ព័ត៌មានឬទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលដែលអតិថិជនបានផ្តល់ជូន ធនាគារ ព្រីនស៍ សម្រាប់គោលបំណងប្រើប្រាស់ ផលិតផល និងសេវាកម្មរបស់ ធនាគារ ព្រីនស៍ មានដូចជា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទទួលផលដែលមាននៅក្រោមកិច្ចសន្យាធានារ៉ាប់រង ដែលពាក់ព័ន្ធនឹងផលិតផល និងសេវាកម្មរបស់ ធនាគារ ព្រីនស៍ ដែលតាមរយៈនេះ អតិថិជនធានាអះអាងចំពោះ ធនាគារ ព្រីនស៍ ថា អតិថិជនបានទទួលការយល់ព្រមត្រឹមត្រូវពីបុគ្គលនោះ ក្នុងការផ្តល់ព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេមកកាន់ ធនាគារ ព្រីនស៍ និងក្នុងការអនុញ្ញាតឱ្យ ធនាគារ ព្រីនស៍ ធ្វើការប្រមូល រក្សាទុក ប្រើប្រាស់ ដំណើរការ និងបង្ហាញព័ត៌មានឬទិន្នន័យផ្ទាល់ខ្លួន ដូចមានចែងនៅទីនេះ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច និយ័តករណាមួយ ដៃគូអាជីវកម្ម អ្នកផ្តល់សេវាកម្មតតិយភាគី របស់ ធនាគារ ព្រីនស៍ ឬដូចដែលត្រូវបានតម្រូវដោយបញ្ញត្តិច្បាប់ជាធរមាន ឬដោយអាជ្ញាធរមានសមត្ថកិច្ចដទៃទៀត។
៨. កាតព្វកិច្ចរបស់អតិថិជន
៨.១. ដើម្បីទទួលបាន និងប្រើប្រាស់គណនី ផលិតផល និងសេវាកម្មពី ធនាគារ ព្រីនស៍ អតិថិជន៖
(ក). ត្រូវផ្តល់ជូន ធនាគារ ព្រីនស៍ នូវព័ត៌មានដែលពេញលេញ ត្រឹមត្រូវ និងពិតប្រាកដ ជាមួយនឹងឯកសារដែលមានសុពលភាពទៅតាមការស្នើសុំ ឬនឹងស្នើសុំដោយសមហេតុផលពី ធនាគារ ព្រីនស៍ ពីពេលមួយទៅពេលមួយ និងធានាថារាល់ព័ត៌មាននិងឯកសារទាំងអស់នោះត្រឹមត្រូវ ពិតប្រាកដ និងមានសុពលភាពគ្រប់ពេលវេលា។
(ខ). ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ ធនាគារ ព្រីនស៍ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន អំពីការផ្លាស់ប្តូរនានាទៅលើព័ត៌មាននិងឯកសារដែលបានផ្តល់ជូន ធនាគារ ព្រីនស៍ ដូចជា ការកែប្រែហត្ថលេខា ហត្ថលេខី អាសយដ្ឋាន ឬព័ត៌មានបុគ្គល ឬព័ត៌មានក្រុមហ៊ុន។ ធនាគារ ព្រីនស៍ អាចផ្អែកលើព័ត៌មានចាស់ដែលបានផ្តល់ឱ្យខ្លួន រហូតដល់ពេលដែលអតិថិជនបានជូនដំណឹងមកកាន់ ធនាគារ ព្រីនស៍ ដោយត្រឹមត្រូវអំពីការកែប្រែទាំងនោះ ដើម្បីធនាគារ ព្រីនស៍ អាចធ្វើសកម្មភាពរបស់ខ្លួនដោយផ្អែកលើព័ត៌មានដែលបានកែប្រែនោះ។
(គ). ត្រូវជូនដំណឹងទៅកាន់ធនាគារ ព្រីនស៍ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន អំពីការភ័ន្តច្រលំ វិវាទ ឬការសង្ស័យពីការឆបោកឬភាពមិនស្របច្បាប់ណាមួយ ដែលទាក់ទងនឹងគណនី ផលិតផល និងសេវាកម្ម។
(ឃ). ត្រូវផ្ទៀងផ្ទាត់ និងធានាថារាល់ចំណុចសំខាន់ៗដែលមានក្នុង ប័ណ្ណដាក់ប្រាក់ ប័ណ្ណផ្ទេរប្រាក់ ឬប័ណ្ណដកប្រាក់ ត្រូវបានបំពេញដោយត្រឹមត្រូវ ហើយរាល់ការកែប្រែទាក់ទងនឹងប័ណ្ណទាំងនោះ ត្រូវចុះហត្ថលេខាពេញលេញដោយអតិថិជន ហើយយល់ព្រមអនុញ្ញាតឱ្យ ធនាគារ ព្រីនស៍ ធ្វើការកែតម្រូវ លើការបន្ថែមខុស និង/ឬការភ័ន្តច្រលំណាមួយ។
(ង). ត្រូវជូនដំណឹងទៅកាន់ ធនាគារ ព្រីនស៍ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន អំពីការកើតមានឡើង ឬភាពដែលអាចនឹងកើតមានឡើង នៃករណីបំពានលើ បញ្ញត្តិនិងលក្ខខណ្ឌទូទៅ និងបញ្ញត្តិនិងលក្ខខណ្ឌជាក់លាក់ដែលពាក់ព័ន្ធ។
(ច). មិនត្រូវប្រើប្រាស់គណនីដែលបានបើកនិងរក្សាទុកជាមួយ ធនាគារ ព្រីនស៍ ក៏ដូចជាឯកសារទាំងអស់ រួមបញ្ចូលតែមិនកម្រិតត្រឹមតែ សៀវភៅធនាគារ សៀវភៅមូលប្បទានប័ត្រ និងប័ណ្ណទទួលស្គាល់ការដាក់ប្រាក់ដែលចេញដោយ ធនាគារ ព្រីនស៍ ទាក់ទងនឹងគណនី ជាទ្រព្យធានាដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពី ធនាគារ ព្រីនស៍ ទ្បើយ ទោះក្នុងទម្រង់ណាមួយក៏ដោយ ទោះដោយមានឬគ្មានការចុះបញ្ជីក៏ដោយ ហើយទោះបីជា ធនាគារ ព្រីនស៍ បានយល់ព្រមឱ្យប្រើប្រាស់ជាទ្រព្យធានាក៏ដោយ ក៏ ធនាគារ ព្រីនស៍ អាចដកការយល់ព្រមនោះវិញ ដោយមិនចាំបាច់ផ្តល់មូលហេតុទ្បើយ។
(ឆ). ត្រូវគោរពតាមការបញ្ជាប្រតិបត្តិការ គោលនយោបាយ និងនីតិវិធីអនុវត្តដែល ធនាគារ ព្រីនស៍ បានដាក់ឱ្យអនុវត្ត ពីពេលមួយទៅពេលមួយ ទាក់ទងនឹងប្រតិបត្តិការ ឬការប្រើប្រាស់គណនី ផលិតផល និងសេវាកម្ម រួមបញ្ចូលតែមិនកម្រិតត្រឹមតែ ការត្រួតពិនិត្យអត្តសញ្ញាណ នីតិវិធីផ្ទៀងផ្ទាត់ ឬនីតិវិធីសុវត្ថិភាពដទៃទៀតដែល ធនាគារ ព្រីនស៍ អាចប្រើប្រាស់ដើម្បីបង្កើតការផ្តល់យថាភូតភាព និងសុពលភាពបញ្ជាប្រតិបត្តិការណាមួយ ឬមុនពេលដំណើរការបញ្ជាប្រតិបត្តិការ ទាក់ទងនឹងគណនី ផលិតផល និងសេវាកម្ម ឬផ្នែកណាមួយ។
(ជ). ត្រូវប្រើប្រាស់រាល់វិធានការការពារសមរម្យ ដើម្បីការពារការចូលទៅកាន់គណនីដោយមានការបន្លំ ឬការចូលទៅប្រើប្រាស់គណនី ផលិតផល និងសេវាកម្មដោយគ្មានការអនុញ្ញាត ។
(ឈ). ត្រូវគោរព និងប្រតិបត្តិតាមបញ្ញត្តិនិងលក្ខខណ្ឌដែលតម្រូវដោយតតិយភាគី ប្រសិនបើ គណនី ផលិតផល ឬសេវាកម្មណាមួយ ត្រូវបានផ្តល់ជូនដោយមានភ្ជាប់ជាមួយអត្ថប្រយោជន៍ផ្សេងៗដែលនឹងត្រូវបានផ្តល់ជូនដោយតតិយភាគីនោះ រាប់បញ្ចូលទាំង កញ្ចប់សេវាធានារ៉ាប់រង។ និង
(ញ). ត្រូវធ្វើសកម្មភាពផ្សេងទៀត ទៅតាមការតម្រូវដោយច្បាប់និងបញ្ញត្តិជាធរមាន និងដោយ ធនាគារ ព្រីនស៍។
៩. សិទ្ធិកម្មសិទ្ធិបញ្ញា
៩.១. ធនាគារ ព្រីនស៍ មានសិទ្ធិនិងផលប្រយោជន៍ផ្តាច់មុខ លើកម្មសិទ្ធិបញ្ញាទាំងអស់របស់ខ្លួន រាប់បញ្ចូលនិងមិនកម្រិតត្រឹមតែ ការសម្ងាត់ពាណិជ្ជកម្ម និងចំណេះជំនាញដែលជាព័ត៌មានសម្ងាត់ គេហទំព័រ ឈ្មោះដែនក្នុងប្រព័ន្ធអ៊ីនធើណែត សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលឯទៀត ពាណិជ្ជសញ្ញា ឡូហ្គោ សេវាសញ្ញា គំនូរ សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្ម និងគំនូរប្លង់សៀគ្វី ដែលត្រូវបានប្រើទាក់ទងនឹងការផ្តល់ផលិតផល និង/ឬសេវាកម្ម។ កម្មសិទ្ធិបញ្ញារបស់ ធនាគារ ព្រីនស៍ ដែលជាផ្នែកមួយនៃផលិតផល និង/ឬសេវាកម្ម អាចត្រូវបានប្រើប្រាស់សម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់ជាព័ត៌មានតែប៉ុណ្ណោះ និងមិនអាចត្រូវបានផលិតឡើងវិញ ចែកចាយ ឬបញ្ជូនទៅកាន់បុគ្គលណាមួយ ឬបញ្ចូលទៅក្នុងឯកសារឯទៀតណាមួយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ធនាគារ ព្រីនស៍ ទ្បើយ។
១០. សំណងការខូចខាត
១០.១. អតិថិជន យល់ព្រមដោយគ្មានលក្ខខណ្ឌ និងដោយមិនអាចដកហូតវិញបាន ក្នុងការសងសំណងជូន និង មិនទាមទារឱ្យ ធនាគារ ព្រីនស៍ អភិបាល បុគ្គលិក ភ្នាក់ងារ និងអ្នកតំណាងរបស់ ធនាគារ ព្រីនស៍ ទទួលខុសត្រូវចំពោះការទាមទារ សកម្មភាព បណ្តឹង ការទទួលខុសត្រូវ ការខូចខាត ការចំណាយ ការខាតបង់ ដែលទទួលរង ឬកើតមានទាក់ទងនឹង៖
(ក). ការផ្តល់គណនី ផលិតផល ឬសេវាកម្មណាមួយ ដោយ ធនាគារ ព្រីនស៍ ទៅកាន់អតិថិជន។
(ខ). ការប្រើប្រាស់គណនី ផលិតផល ឬសេវាកម្មរបស់អតិថិជន។
(គ). ការខកខានរបស់អតិថិជន ក្នុងការអនុវត្ត ឬពិនិត្យមើលកាតព្វកិច្ចរបស់ខ្លួន ដែលមានតាមរយៈបញត្តិនិងលក្ខខណ្ឌទូទៅ ឬបញ្ញត្តិនិងលក្ខខណ្ឌជាក់លាក់ណាមួយ។ និង
(ឃ). សកម្មភាព ឬការបដិសេធរបស់ ធនាគារ ព្រីនស៍ ក្នុងការអនុវត្តបញ្ជាប្រតិបត្តិការរបស់អតិថិជន ឬបញ្ជាប្រតិបត្តិការ ឬសំណើរណាមួយដែល ធនាគារ ព្រីនស៍ យល់ឃើញដោយសមហេតុផលថា បានធ្វើទ្បើងដោយ ឬក្នុងនាមរបស់អតិថិជន។
ដើម្បីជម្រះមន្ទិលសង្ស័យ សំណងការខូចខាតនេះ ត្រូវរួមបញ្ចូលតែមិនកម្រិតត្រឹមតែ ការទទួលខុសត្រូវផ្នែកពន្ធដារ សមតុល្យខ្វះខាត និងការខាតបង់ដែលមិនត្រូវបានដឹងណាមួយនៅក្នុងគណនី។
១១. ការទទួលខុសត្រូវរបស់ ធនាគារ ព្រីនស៍
១១.១. អតិថិជន យល់ព្រមថា ធនាគារ ព្រីនស៍ រួមបញ្ចូលទាំង ម្ចាស់ភាគហ៊ុន អភិបាល ឬបុគ្គលិក របស់ ធនាគារ ព្រីនស៍ មិនទទួលខុសត្រូវចំពោះអតិថិជន សម្រាប់ការខាតបង់ដែលទទួលរង ឬកើតមានទ្បើង ទោះដោយផ្ទាល់ ឬដោយប្រយោល ទាក់ទងនឹងគណនី ផលិតផល ឬសេវាកម្ម ដោយ ធនាគារ ព្រីនស៍ ត្រូវបន្តទទួលខុសត្រូវចំពោះអតិថិជន សម្រាប់តែការខាតបង់ដោយផ្ទាល់ដែលបណ្តាលមកពីការធ្វែសប្រហែសធ្ងន់ធ្ងរ ការបំពានដោយចេតនា ឬការឆបោកដោយ ធនាគារ ព្រីនស៍។ ដើម្បីជៀសវាងមន្ទិលសង្ស័យ ធនាគារ ព្រីនស៍ នឹងមិនទទួលខុសត្រូវចំពោះហេតុការណ៍ដូចខាងក្រោម៖
(ក). រាល់ការខាតបង់ដែលបានកើតទ្បើងដល់អតិថិជន ទាក់ទងនឹងការកែប្រែព័ត៌មាន ដែលមិនបានជូនដំណឹងទៅកាន់ ធនាគារ ព្រីនស៍ អំពីការកែប្រែនោះ។
(ខ). ការប្រើប្រាស់គណនី ផលិតផល ឬសេវាកម្ម ដោយអតិថិជន ឬបុគ្គលដទៃ ទោះជាមានឬគ្មានការអនុញ្ញាតជាក់លាក់ឬដោយប្រយោលពីអតិថិជន។
(គ). ភាពមិនអាចប្រើប្រាស់បាននូវគណនី ផលិតផល ឬសេវាកម្ម ដោយមូលហេតុណាមួយ ដែលហួសពីការគ្រប់គ្រងរបស់ ធនាគារ ព្រីនស៍។
(ឃ). ការចូលដោយគ្មានការអនុញ្ញាតទៅកាន់ ឬការខាតបង់ឬការកែប្រែព័ត៌មានឬទិន្នន័យ ក្នុងអំទ្បុងដាក់ដំណើរការប្រតិបត្តិការ ឬការបញ្ជូន។
(ង). ការបែកធ្លាយព័ត៌មានសំងាត់ណាមួយ ដោយហេតុការណ៍ដែលហួសពីការគ្រប់គ្រងរបស់ ធនាគារ ព្រីនស៍។
(ច). ការដាក់បញ្ចូលនូវបញ្ជាប្រតិបត្តិការ ឬព័ត៌មានដែលមិនត្រឹមត្រូវដោយអតិថិជន រួមបញ្ចូលតែមិនកម្រិតត្រឹមតែ ព័ត៌មានរបស់អ្នកទទួល នៅពេលប្រើប្រាស់គណនី ផលិតផល ឬសេវាកម្ម។
(ឆ). ការផ្ទេរប្រាក់ ការទូទាត់ប្រាក់ ឬការធ្វើប្រតិបត្តិ ដោយផ្នែក មិនពេញលេញ ព្យួរទុក លុបចោល ពន្យារ ឬបរាជ័យ ទៅកាន់អ្នកទទួលប្រាក់ឬអត្តគាហកៈដែលបានកំណត់ណាមួយ តាមរយៈគណនី ផលិតផល ឬសេវាកម្ម ដែលបណ្តាលមកពីអ្នកផ្តល់សេវាកម្មតតិយភាគីណាមួយ មូលនិធិមិនគ្រប់គ្រាន់នៅក្នុងគណនី គណនីរបស់អ្នកទទួលផលត្រូវបានបង្ខាំងឬរឹបអូស ឬការដាក់បញ្ជារបស់និយ័តករឬអាជ្ញាធរមានសមត្ថកិច្ចឬតុលាការណាមួយ ឬដោយមូលហេតុណាមួយផ្សេងទៀត ដែលហួសពីការគ្រប់គ្រងរបស់ ធនាគារ ព្រីនស៍។
(ជ). មានការភាន់ច្រឡំ ដំណើរការមិនល្អ ឬភាពមិនអាចដំណើរការបាននៃគណនី ផលិតផល សេវាកម្ម ប្រព័ន្ធ ឧបករណ៍ ឬបណ្តាញទំនាក់ទំនងទូរគមនាគមន៍។
(ឈ). ការបាត់បង់ទិន្នន័យ ឬអាជីវកម្ម ដែលអតិថិជន ឬភ្នាក់ងារ អាចទទួលរង។
(ញ). ការរាំងស្ទះណាមួយ លើអាជីវកម្មរបស់អតិថិជន។
(ដ). ការបរាជ័យក្នុងការទាញយកការសន្សំដែលប្រមើលទុករបស់អតិថិជន។
(ឋ). រាល់ការខាតបង់ជាលទ្ធផល ដោយប្រយោល ជាពិសេស ជាយថាហេតុ ដែលទទួលរងដោយអតិថិជន។
(ឌ). រាល់ការខាតបង់ ដែលទទួលរងដោយអតិថិជន ដែលជាលទ្ធផលនៃហេតុការណ៍លើសពីការគ្រប់គ្រងសមហេតុផលរបស់ធនាគារ ព្រីនស៍ ដែលរារាំង ឬពន្យារធនាគារ ព្រីនស៍ ឲ្យអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាកម្ម រួមទាំងការធ្វើសកម្មភាពតាមបញ្ជាទូទាត់ ការផ្ទេរប្រាក់ទៅកាន់គណនីអតិថិជន ការដំណើរការការប្រតិបត្តិការ ឬដាក់ប្រាក់ចូលទៅគណនីអតិថិជន។
(ឍ). ករណីប្រធានសក្តិ។
(ណ). ការខូច ឬការបរាជ័យនៃឧបករណ៍របស់ ធនាគារ ព្រីនស៍ ដោយមូលហេតុណាមួយ រួមទាំង ការដាច់ថាមពលអគ្គីសនី ការខូចឧបករណ៍ទទួលការឆ្លងឆ្លើយឯកជនឬរួម ការខូចឧបករណ៍ផ្ទេរ សេវាប្រៃសនីយ៍ ឬសំបុត្រ ការព្យួរការទូទាត់ប្រាក់ដោយធនាគារដទៃ។
(ត). សកម្មភាព ការខកខានក្នុងការធ្វើឬមិនធ្វើសកម្មភាពណាមួយ ការធ្វេសប្រហែល ឬកំហុសរបស់អតិថិជន។
(ថ). ការថយចុះនៃតម្លៃទឹកប្រាក់ក្នុងគណនីដោយមូលហេតុណាមួយ (ឧទាហរណ៍ ការទ្បើងចុះនៃអត្រាប្តូរប្រាក់ ពន្ធ ឬការរំលោះតម្លៃ) ឬការមិនមានទឹកប្រាក់នៅឥណប្រតិទាន ដោយហេតុផលនៃការរឹតត្បឹតក្នុងការប្តូរប្រាក់ ការទិញយក ការផ្ទេរដោយបង្ខំ ការផ្អាកបណ្តោះអាសន្ន ការគ្រប់គ្រងការប្តូរប្រាក់។
(ទ). អតិថិជន មិនគោរពតាម បញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ ឬបញ្ញត្តិនិងលក្ខខណ្ឌជាក់លាក់ដែលពាក់ព័ន្ធ។
១១.២. ប្រសិនបើ ករណីប្រធានសក្តិនាំឱ្យ ធនាគារ ព្រីនស៍ មិនអាចអនុវត្តកាតព្វកិច្ចរបស់ខ្លួនទាំងស្រុងឬដោយផ្នែក ដែលមានក្រោមបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ និង បញ្ញត្តិនិងលក្ខខណ្ឌជាក់លាក់ដែលពាក់ព័ន្ធដទៃទៀត ឬ មិនអាចផ្តល់ឬរក្សាគណនី ផលិតផល ឬសេវាកម្ម នោះ ធនាគារ ព្រីនស៍ នឹងផ្អាករាល់គណនី ផលិតផល ឬសេវាកម្មដែលពាក់ព័ន្ធ រហូតដល់ពេលដែលករណីប្រធានសក្តិ បានបញ្ចប់ភាពប៉ះពាល់ទៅលើ ការដាក់ឱ្យដំណើរការគណនី ផលិតផល ឬសេវាកម្មនោះ។
១២. ការកាត់កង
១២.១. អតិថិជន យល់ព្រមអនុញ្ញាតឱ្យ ធនាគារ ព្រីនស៍ កាត់កងទឹកប្រាក់ដែលបានទាមទារឱ្យ ធនាគារ ព្រីនស៍ ទូទាត់ ទាក់ទងនឹងការប្រើប្រាស់គណនី ផលិតផល ឬសេវាកម្ម របស់អតិថិជន ជាមួយនឹងទឹកប្រាក់ផ្សេងៗដែលអតិថិជនជំពាក់ ធនាគារ ព្រីនស៍ នៅគ្រប់ពេលវេលា ដោយមិនចាំបាច់មានការយល់ព្រមបន្ថែមពីអតិថិជនឡើយ។
១២.២. សិទ្ធិកាត់កងដែលមានចែងក្នុង ប្រការ ១២.១ ខាងលើ ត្រូវអនុវត្ត ដោយមិនកម្រិតលើប្រភេទរូបិយប័ណ្ណនៃទឹកប្រាក់ទាមទារ ទោះបីជាការទាមទារត្រូវបានធ្វើទ្បើងដោយ ធនាគារ ព្រីនស៍ ឬដោយអតិថិជន នាបច្ចុប្បន្ន ឬនាពេលអនាគត ដល់កំណត់សង ឬមិនទាន់ដល់កំណត់សង ជាក់ស្តែង ឬជាយថាហេតុ ជាកាតព្វកិច្ចដោយសាមគ្គី ឬក្នុងនាមជាកូនបំណុលចំបងនៃកាតព្វកិច្ច ឬជាការធានា។ ក្នុងករណីដែលការអនុវត្តសិទ្ធិកាត់កងនេះ មានជាប់ពាក់ព័ន្ធនឹងការប្តូររូបិយប័ណ្ណ ធនាគារ ព្រីនស៍ នឹងអនុវត្តអត្រាប្តូរប្រាក់ ដែល ធនាគារ ព្រីនស៍ យល់ឃើញថាសមហេតុផល។
១២.៣. បញ្ញត្តិនៃប្រការ ១២ នេះ មិនប៉ះពាល់ដល់ និងត្រូវបន្ថែមពីលើសិទ្ធិកាត់កង ឯកសិទ្ធិ សិទ្ធិឃាត់ទុក សិទ្ធិកាត់ទុក ឬសិទ្ធិប្រហាក់ប្រហែល ឬការតម្រូវដទៃទៀត ដែល ធនាគារ ព្រីនស៍ មាន ឬទទួលបាន (ទោះបីជា តាមរយៈច្បាប់ កិច្ចសន្យា ឬផ្សេងពីនេះ)។
១៣. ការបង្ហាញព័ត៌មាន
១៣.១. អតិថិជន យល់ព្រមអនុញ្ញាតឱ្យ ធនាគារ ព្រីនស៍ បង្ហាញព័ត៌មានណាមួយទាក់ទងនឹងអតិថិជន រួមបញ្ចូលតែមិនកម្រិតត្រឹមតែ ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានទាក់ទងនឹងប្រតិបត្តិការ ស្ថានភាពហិរញ្ញវត្ថុ និងគណនីរបស់អតិថិជន ទៅកាន់បុគ្គលណាមួយ ឬទាំងអស់ ដូចខាងក្រោម៖
(ក). ការិយាល័យ សាខា បុត្រសម្ព័ន្ធ អភិបាល ម្ចាស់ភាគហ៊ុន បុគ្គលិក ធនាគារទំនាក់ទំនង អ្នកដំណើរការតតិយភាគី ក្រុមហ៊ុនឬភ្នាក់ងារធានារ៉ាប់រងដែលពាក់ព័ន្ធ ដៃគូអាជីវកម្ម ឬភ្នាក់ងាររបស់ ធនាគារ ព្រីនស៍។
(ខ). អ្នកផ្តល់សេវាតតិយភាគី សវនករ អ្នកប្រឹក្សាយោបល់វិជ្ជាជីវៈ របស់ ធនាគារ ព្រីនស៍ ក្រោមកាតព្វកិច្ចរក្សាការសម្ងាត់។
(គ). និយ័តករ អាជ្ញាធរមានសមត្ថកិច្ច និងតុលាការ។ ឬ
(ឃ). បុគ្គលណាមួយ ដែល ធនាគារ ព្រីនស៍ ត្រូវតែបង្ហាញព័ត៌មាន៖
(i). ដើម្បីគោរពតាមសេចក្តីបង្គាប់របស់តុលាការ ឬការបញ្ជាដែលចេញពីយុត្តាធិការដែលអនុវត្តណាមួយ ឬបញ្ញត្តិច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា និង/ឬបញ្ញត្តិច្បាប់ដែលអនុវត្តណាមួយ
(ii). ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងអនុវត្តសិទ្ធិនិង/ឬកាតព្វកិច្ចរបស់ ធនាគារ ព្រីនស៍ ដែលកើតចេញពីកិច្ចសន្យា និងគោលនយោបាយដែលអនុវត្តផ្សេងទៀត
(iii). ដើម្បីចាប់ឱ្យបាន និងការពារប្រឆាំងនឹងការបោកប្រាស់បន្លំ ឬភាពទន់ខ្សោយផ្នែកបច្ចេកវិទ្យា ឬសុវត្ថិភាព។
១៤. ការប្រឆាំងនឹង ការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ និងការដាក់ទណ្ឌកម្ម
១៤.១. អតិថិជន ប្រកាសអះអាងថា ខ្លួនធ្វើសកម្មភាពក្នុងនាមខ្លួនឯងផ្ទាល់ និងមិនស្ថិតក្នុងឋានៈជាអ្នករក្សាទុក ឬភ្នាក់ងារណាមួយឡើយ លើកលែងតែអតិថិជនបានបង្ហាញដោយច្បាស់លាស់ផ្សេងពីនេះជូន ធនាគារ ព្រីនស៍។
១៤.២. អតិថិជន យល់ព្រមអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន ដែលមានក្រោមបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ និងបញ្ញត្តិនិងលក្ខខណ្ឌជាក់លាក់ដែលពាក់ព័ន្ធផ្សេងទៀត ដោយអនុលោមតាមច្បាប់និងបញ្ញត្តិជាធរមាន ទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម ហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ ឬទណ្ឌកម្មសេដ្ឋកិច្ច ឬទណ្ឌកម្មពាណិជ្ជកម្ម ដែលអនុវត្តចំពោះ ធនាគារ ព្រីនស៍។
១៤.៣. អតិថិជន ត្រូវជូនដំណឹងមកកាន់ ធនាគារ ព្រីនស៍ ភ្លាមៗ នូវព័ត៌មាននិងឯកសារដែលខ្លួនមាន រក្សាទុក ឬគ្រប់គ្រង ទៅតាមការតម្រូវរបស់ ធនាគារ ព្រីនស៍ ដើម្បីឱ្យ ធនាគារ ព្រីនស៍ អាចអនុលោមតាមច្បាប់និងបញ្ញត្តិជាធរមានទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម ហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ ឬទណ្ឌកម្មសេដ្ឋកិច្ច ឬទណ្ឌកម្មពាណិជ្ជកម្ម ដែលអនុវត្តចំពោះ ធនាគារ ព្រីនស៍។
១៤.៤. ទោះបីមានចែងផ្ទុយដោយប្រការណាមួយក្នុងបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ ធនាគារ ព្រីនស៍ មិនមានកាតព្វកិច្ចក្នុងការធ្វើ ឬមិនធ្វើសកម្មភាពណាមួយ ប្រសិនបើ ធនាគារ ព្រីនស៍ យល់ឃើញដោយសមស្របថា ប្រសិនបើខ្លួនធ្វើ ឬមិនធ្វើសកម្មភាពនោះ អាចនឹងបង្កើតឱ្យមានការបំពានច្បាប់និងបញ្ញត្តិជាធរមានទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម ហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ ឬទណ្ឌកម្មសេដ្ឋកិច្ច ឬទណ្ឌកម្មពាណិជ្ជកម្ម ដែលអនុវត្តចំពោះ ធនាគារ ព្រីនស៍។
១៥. អនុប្បទានសិទ្ធិ
១៥.១. អតិថិជន មិនអាចផ្ទេរ ឬធ្វើអនុប្បទានសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន ដែលមានក្រោមបញ្ញត្តិនិងលក្ខខណ្ឌទូទៅ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ធនាគារ ព្រីនស៍ ទ្បើយ។
១៥.២. អតិថិជន យល់ព្រមអនុញ្ញាតឱ្យ ធនាគារ ព្រីនស៍ ផ្ទេរ ធ្វើអនុប្បទាន ធ្វើនវកម្ម ឬចាត់ចែង សិទ្ធិនិង/ឬកាតព្វកិច្ចរបស់ខ្លួនដែលមានក្រោមបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ ដោយមិនចាំបាច់មានការយល់ព្រមបន្ថែមពីអតិថិជន ឬបុគ្គលដទៃណាទៀតឡើយ។
១៦. ការជូនដំណឹង
១៦.១. ការជូនដំណឹងឬទំនាក់ទំនងណាមួយ ដែលមាននៅក្រោមបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ ត្រូវធ្វើទ្បើងតាមរយៈអាសយដ្ឋាន លេខទូរសព្ទ ឬអាសយដ្ឋានអេទ្បិចត្រូនិក ដែលមានបញ្ជាក់នៅក្នុងទម្រង់ពាក្យស្នើសុំ និងត្រូវចាត់ទុកថាមានប្រសិទ្ធិភាព៖
(ក). នៅកាលបរិច្ឆេទប្រគល់ ប្រសិនបើបានធ្វើទ្បើងជាលាយលក្ខណ៍អក្សរ និងបញ្ជូនដោយផ្ទាល់ ឬតាមសំបុត្រ។
(ខ). នៅកាលបរិច្ឆេទដាក់ផ្ញើ (នៅអាសយដ្ឋានដែលបានបញ្ជូនទៅ) បន្ទាប់ពីថ្ងៃបញ្ជូន ប្រសិនបើបញ្ជូនតាមរយៈប្រៃសនីយ៍ធម្មតា (ទោះបីជាមាន ឬគ្មានចុះបញ្ជី)។
(គ). នៅកាលបរិច្ឆេទផ្ញើចេញ ឬការផ្ញើរៀបនឹងធ្វើទ្បើង ប្រសិនបើបញ្ជូនតាមរយៈប្រៃសនីយ៍បញ្ជាក់ ឬប្រៃសនីយ៍ចុះបញ្ជី (ប្រៃសនីយ៍តាមយន្តហោះ ប្រសិនបើធ្វើទៅកាន់បរទេស) ឬប្រហាក់ប្រហែល (សំណើសុំឱ្យមានការជូនដំណឹងពីការទទួល)។
(ឃ). នៅពេលដែលបញ្ជូនទៅដល់អ្នកទទួល ប្រសិនបើផ្ញើតាមរយៈអាសយដ្ឋានអេទ្បិចត្រូនិក លើកលែងអ្នកផ្ញើចេញបានទទួលសារស្វ័យប្រវត្តិបញ្ជាក់ថាអ៊ីម៉ែលមិនត្រូវបានបញ្ជូន។
(ង). នៅពេលដែលការជូនដំណឹង ត្រូវបានជូនដំណឹងដោយផ្ទាល់មាត់ តាមរយៈការហៅទូរស័ព្ទទៅកាន់លេខទូរសព្ទដៃរបស់អតិថិជន ដែលបានចុះបញ្ជីជាមួយ ធនាគារ ព្រីនស៍ ឬដែលបានផ្តល់ជូន ធនាគារ ព្រីនស៍ នៅពេលក្រោយ។ ក្នុងករណីនេះ អតិថិជន អនុញ្ញតដោយឥតលក្ខខណ្ឌ និងដោយមិនអាចដកហូតវិញបានឱ្យ ធនាគារ ព្រីនស៍ ធ្វើការថតសម្លេងរបស់អតិថិជន និងប្រើប្រាស់ខ្សែអាត់សម្លេងនោះ ក្នុងកម្រិតដែលត្រូវបានអនុញ្ញាតដោយបញ្ញត្តិច្បាប់ជាធរមាន។
(ច). នៅពេលដែលការជូនដំណឹង ត្រូវបានបញ្ជូនតាមរយៈការជូនដំណឹង នៅក្នុងកម្មវិធីសេវាធនាគារតាមទូរសព្ទដៃរបស់ ធនាគារ ព្រីនស៍ ដែលមានបង្ហាញនៅក្នុងឧបករណ៍ចល័តរបស់អតិថិជន ដែលអាចមានទម្រង់ជាអត្ថបទ រូបភាព និងតំណរភ្ជាប់ ។ល។និង។ល។
(ឆ). នៅពេលដែលការជូនដំណឹង ត្រូវបានធ្វើឡើងតាមរយៈឆាត (chat) នៅក្នុងកម្មវិធីសេវាធនាគារតាមទូរសព្ទដៃរបស់ ធនាគារ ព្រីនស៍។
(ជ). នៅពេលដែលការជូនដំណឹង ត្រូវបានបញ្ជូនតាមរយៈ សារ SMS ទៅកាន់លេខទូរសព្ទដៃរបស់អតិថិជនដែលបានចុះបញ្ជីជាមួយ ធនាគារ ព្រីនស៍។
១៦.២. អតិថិជន យល់ព្រមថា រាល់ការជូនដំណឹងឬទំនាក់ទំនង ដែលទទួលបានដោយម្ចាស់គណនីរួមម្នាក់ ត្រូវចាត់ទុកថាបានទទួលដោយម្ចាស់គណនីរួមឯទៀត ប្រសិនបើជាគណនីរួម។
១៧. ការបញ្ចប់ និងការព្យូរ
១៧.១. អតិថិជន យល់ព្រមថា ធនាគារ ព្រីនស៍ អាចបញ្ចប់ គណនី ផលិតផល ឬសេវាកម្មណាមួយ ដោយមានអានុភាពភ្លាមៗ និងដោយមិនចាំបាច់មានការជូនដំណឹង៖
(ក). ប្រសិនបើ ធនាគារ ព្រីនស៍ យល់ឃើញថាការធ្វើទៅតាមការបញ្ជាប្រតិបត្តិការរបស់អតិថិជន ឬការផ្តល់ជូនគណនី ផលិតផល ឬសេវាកម្ម ទៅកាន់អតិថិជន ធ្វើឱ្យ ធនាគារ ព្រីនស៍ បំពានច្បាប់និងបញ្ញត្តិជាធរមានណាមួយនៃព្រះរាជាណាចក្រកម្ពុជា ការដាក់ទណ្ឌកម្ម ឬការតម្រូវផ្សេងទៀតដោយ អាជ្ញាធរអាណាព្យាបាល អាជ្ញាធរមានសមត្ថកិច្ច និង/ឬ តុលាការ។
(ខ). ប្រសិនបើ ធនាគារ ព្រីនស៍ ត្រូវបានតម្រូវឱ្យធ្វើការបញ្ចប់នេះ ដោយអនុលោមទៅតាមច្បាប់និងបញ្ញត្តិជាធរមានណាមួយនៃព្រះរាជាណាចក្រកម្ពុជា ការដាក់ទណ្ឌកម្ម ឬការតម្រូវផ្សេងទៀតដោយ អាជ្ញាធរអាណាព្យាបាល អាជ្ញាធរមានសមត្ថកិច្ច និង/ឬ តុលាការ ឬ គោលនយោបាយ នីតិវិធីអនុវត្ត និងគោលការណ៍ណែនាំប្រតិបត្តិផ្ទៃក្នុងរបស់ ធនាគារ ព្រីនស៍។ ឬ
(គ). ក្នុងករណីដែលតតិយភាគី បញ្ឈប់ការផ្តល់សេវាកម្មផ្នែកណាមួយ។
នៅពេលបញ្ចប់គណនី ផលិតផល ឬសេវាកម្មណាមួយ អតិថិជនយល់ព្រមថា រាល់កាតព្វកិច្ចដែលមានរបស់អតិថិជនចំពោះ ធនាគារ ព្រីនស៍ ត្រូវដល់កំណត់អនុវត្តភ្លាមៗ។
១៧.២. អតិថិជន យល់ព្រមថា ធនាគារ ព្រីនស៍ អាចព្យួរគណនី ផលិតផល ឬសេវាកម្មណាមួយ ទាំងស្រុងឬដោយផ្នែក (ដោយមិនប៉ះពាល់ដល់សិទ្ធិរបស់ ធនាគារ ព្រីនស៍ ដែលមានក្រោម ប្រការ ១៧.១ ខាងលើ) ដោយមូលហេតុណាមួយក៏បាន និងដោយមិនចាំបាច់ជូនដំណឹងជាមុនទៅអតិថិជន នៅក្នុងករណីណាមួយដូចខាងក្រោម៖
(ក). គណនី ឬការផ្តល់ជូននូវ ផលិតផល ឬ សេវាកម្ម ជាកម្មវត្ថុនៃវិវាទ ឬការទាមទារណាមួយ ដោយតតិយភាគី។
(ខ). ធនាគារ ព្រីនស៍ យល់ឃើញថាពុំមានសមតុល្យគ្រប់គ្រាន់នៅក្នុងគណនី។
(គ). ធនាគារ ព្រីនស៍ យល់ឃើញថាមានភាពចាំបាច់ ដើម្បីការពារផលប្រយោជន៍របស់ភាគីណាមួយដែលមានទាក់ទងនឹងគណនី ឬ ការផ្តល់ជូននូវ ផលិតផល ឬ សេវាកម្ម។
(ឃ). ធនាគារ ព្រីនស៍ យល់ឃើញថាមានភាពចាំបាច់ ដើម្បីបញ្ជាក់អំពីសិទ្ធិអំណាចរបស់បុគ្គលទទួលបានការអនុញ្ញាត។
(ង). ធនាគារ ព្រីនស៍ យល់ឃើញថា គណនី ផលិតផល ឬ សេវាកម្ម មិនត្រូវបានប្រើប្រាស់ ទៅតាមការពេញចិត្តរបស់ ធនាគារ ព្រីនស៍។
(ច). តតិយភាគី បញ្ឈប់ការផ្តល់ជូននូវ ផលិតផល និង/ឬ សេវាកម្ម ផ្នែកណាមួយ។
(ឆ). ធនាគារ ព្រីនស៍ ត្រូវប្រតិបត្តិតាមបញ្ញត្តិច្បាប់ជាធរមាន និយ័តករ អាជ្ញាធរមានសមត្ថកិច្ច ឬសេចក្តីសម្រចរបស់តុលាការ។
(ជ). ធនាគារ ព្រីនស៍ កត់សម្គាល់ឃើញមានប្រតិបត្តិការ ឬ សកម្មភាពសង្ស័យណាមួយ ទាក់ទងនឹងគណនី ផលិតផល ឬ សេវាកម្ម។
(ឈ). ធនាគារ ព្រីនស៍ មានហេតុត្រឹមត្រូវដែលអាចជឿបានថា អតិថិជន បានប្រព្រឹត្តិអំពើបោកបន្លំ ឬសកម្មភាពមិនស្របច្បាប់ណាមួយ ឬបានបំពានបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ ឬបញ្ញត្តិនិងលក្ខខណ្ឌជាក់លាក់ណាមួយ។
១៧.៣. រាល់ការបញ្ចប់ គណនី ផលិតផល ឬ សេវាកម្ម មិនត្រូវប៉ះពាល់ដល់សិទ្ធិរបស់ ធនាគារ ព្រីនស៍ ដែលមានមុនការបញ្ចប់នោះទ្បើយ។
១៧.៤. នៅពេលបញ្ចប់គណនី៖
(ក). ធនាគារ ព្រីនស៍ អាចកាត់ប្រាក់ចេញពីគណនីរបស់អតិថិជន ដើម្បីទូទាត់នូវរាល់កម្រៃសេវា និងចំណាយដែលពាក់ព័ន្ធនឹងការបញ្ចប់គណនីនេះ និងទឹកប្រាក់ណាមួយដែលអតិថិជនជំពាក់ ធនាគារ ព្រីនស៍ នៅក្រោមបញ្ញត្តិ និងលក្ខខណ្ឌទូទៅនេះ និងបញ្ញត្តិនិងលក្ខខណ្ឌពិសេសដែលពាក់ព័ន្ធ។ និង
(ខ). ប្រសិនបើមានសមតុល្យនៅសល់ បន្ទាប់ពីបានធ្វើការកាត់ប្រាក់ចេញខាងលើរួច អតិថិជន យល់ព្រមអនុញ្ញាតឱ្យ ធនាគារ ព្រីនស៍ ផ្ទេរសមតុល្យដែលនៅសល់ ទៅកាន់គណនីផ្សេងទៀតរបស់អតិថិជន ដែលមានជាមួយ ធនាគារ ព្រីនស៍ ឬចេញមូលប្បទានប័ត្រដែលអាចទូទាត់បានជូនអតិថិជន និងផ្ញើទៅកាន់អាសយដ្ឋានចុងក្រោយរបស់អតិថិជនដែល ធនាគារ ព្រីនស៍ បានដឹង ដោយអតិថិជនជាអ្នកទទួលរ៉ាប់រងនូវរាល់ហានិភ័យនិងការចំណាយដែលពាក់ព័ន្ធទាំងអស់ ដោយមិនចាំបាច់មានការយល់ព្រមបន្ថែមពីអតិថិជនឡើយ។
១៨. វិសោធនកម្ម
១៨.១. អតិថិជន យល់ព្រមអនុញ្ញាតឱ្យ ធនាគារ ព្រីនស៍ ធ្វើការ កែប្រែ ព្យួរ បន្ថែម ឬលុបចោល គណនី ផលិតផល ឬសេវាកម្មណាមួយ ឬទាំងអស់ និង/ឬធ្វើវិសោធនកម្មលើបញ្ញត្តិណាមួយនៃបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ (“វិសោធនកម្ម”) នៅពេលណាមួយក៏បាន ក្នុងក្របខណ្ឌដែល ធនាគារ ព្រីនស៍ បានជូនដំណឹង (តាមវិធីដែលអាចអនុវត្តបាន) ទៅកាន់អតិថិជន តាមរយៈមធ្យោបាយទំនាក់ទំនងណាមួយដែលមានរបស់ ធនាគារ ព្រីនស៍ រួមបញ្ចូលទាំង គេហទំព័រផ្លូវការរបស់ ធនាគារ ព្រីនស៍។ ដោយគោរពតាមគោលនយោបាយ នីតិវិធីអនុវត្ត និងគោលការណ៍ណែនាំប្រតិបត្តិផ្ទៃក្នុងដែលមានរបស់ ធនាគារ ព្រីនស៍ អតិថិជន មានសិទ្ធិឈប់ប្រើប្រាស់ គណនី ផលិតផល ឬ សេវាកម្មណាមួយ ហើយ ធនាគារ ព្រីនស៍ មានសិទ្ធិបញ្ឈប់ការប្រើប្រាស់នេះ ក្នុងករណីដែលអតិថិជនមិនយល់ព្រមទទួលយកវិសោធនកម្ម ដូចដែលបានជូនដំណឹងទៅកាន់អតិថិជន ដោយ ធនាគារ ព្រីនស៍។ អតិថិជន យល់ព្រមថា ដរាបណាអតិថិជននៅបន្តប្រើប្រាស់ គណនី ផលិតផល ឬសេវាកម្មណាមួយ បន្ទាប់ពី ធនាគារ ព្រីនស៍ បានជូនដំណឹងទៅកាន់អតិថិជនអំពីវិសោធនកម្មនេះរួចហើយ ត្រូវចាត់ទុកថាអតិថិជនបានទទួលយក ការផ្លាស់ប្តូរនានាដែលទាក់ទងនឹង គណនី ផលិតផល ឬសេវាកម្ម នោះ និងយល់ព្រមគោរពអនុវត្តតាមបញ្ញត្តិនិងលក្ខខណ្ឌទូទៅដែលត្រូវបានធ្វើវិសោធនកម្ម។
១៩. ពន្ធ
១៩.១. រាល់ការប្រាក់ដែលបានទទួល ឬរាល់ទឹកប្រាក់ដែលបានមកពីការប្រើប្រាស់ គណនី ផលិតផល និងសេវាកម្ម ត្រូវបង់ពន្ធតាមបញ្ញត្តិស្តីពីពន្ធដារជាធរមាន។ ធនាគារ ព្រីនស៍ រក្សាសិទ្ធិក្នុងការកាត់ចេញនិងកាត់ទុកនូវប្រាក់ពន្ធ ដែលកើតចេញពីការប្រាក់ដែលបានទទួលជាក់ស្តែង ដើម្បីបង់ទៅកាន់អាជ្ញាធរពន្ធដារ ក្នុងនាមរបស់អតិថិជន។
២០. ការដោះស្រាយបណ្តឹងរបស់អតិថិជន
២០.១. ប្រសិនបើ អតិថិជនមានកង្វល់ បណ្តឹង ឬត្រូវការការពន្យល់បំភ្លឺណាមួយ ទាក់ទងនឹងការបើក ប្រតិបត្តិការទូទៅ និងការបិទគណនី ក៏ដូចជាការប្រើប្រាស់ ផលិផល និងសេវាកម្ម ដែលមានក្រោមបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ អតិថិជនអាចទាក់ទងមកកាន់សេវាទំនាក់ទំនងអតិថិជនរបស់ ធនាគារ ព្រីនស៍ តាមរយៈការហៅទូរសព្ទមកកាន់លេខទូរសព្ទ៖ ១៨០០ ២០ ៨៨៨៨ ដើម្បីទទួលបានការពន្យល់បន្ថែម ឬដាក់ពាក្យបណ្តឹង។ ក្នុងករណីនេះ អតិថិជន ត្រូវផ្តល់ជូន ធនាគារ ព្រីនស៍ នូវរាល់ព័ត៌មាននិងឯកសារគាំទ្រដែលពាក់ព័ន្ធទាំងអស់។
២០.២. អតិថិជន យល់ព្រម៖
(ក). ថា ធនាគារ ព្រីនស៍ នឹងដោះស្រាយបណ្តឹងអតិថិជន ដោយអនុលោមតាម គោលនយោបាយ នីតិវិធីអនុវត្ត និងគោលការណ៍ណែនាំប្រតិបត្តិផ្ទៃក្នុងរបស់ខ្លួន និងទៅតាមច្បាប់និងបញ្ញត្តិជាធរមាន។
(ខ). សហការជាមួយ ធនាគារ ព្រីនស៍ ដើម្បីដោះស្រាយបណ្តឹងឬវិវាទ ទៅតាមការតម្រូវសមរម្យរបស់ ធនាគារ ព្រីនស៍ រាប់បញ្ចូលតែមិនកម្រិតត្រឹមតែ ការបង្ហាញខ្លួនរបស់អតិថិជននៅសាខាប្រតិបត្តិការណាមួយរបស់ ធនាគារ ព្រីនស៍ នៅក្នុងអំឡុងពេលជាក់លាក់ដែលបានកំណត់ដោយ ធនាគារ ព្រីនស៍ និងបានជូនដំណឹងទៅកាន់អតិថិជន និងការផ្តល់ជូន ធនាគារ ព្រីនស៍ នូវរាល់ព័ត៌មាន ឬឯកសារ ទៅតាមស្នើសុំដោយសមហេតុផលរបស់ ធនាគារ ព្រីនស៍។បើមិនដូច្នោះទេ ត្រូវបានចាត់ទុកថាអតិថិជនបានយល់ព្រម និងសុខចិត្តទទួលយកដំណោះស្រាយនៃវិវាទឬបណ្តឹង ដែលធនាគារ ព្រីនស៍ បានដោះស្រាយ ដោយអនុលោមតាម គោលនយោបាយ នីតិវិធីអនុវត្ត និងគោលការណ៍ណែនាំប្រតិបត្តិផ្ទៃក្នុងដែលពាក់ព័ន្ធជាធរមានរបស់ ធនាគារ ព្រីនស៍។
២១. ច្បាប់គ្រប់គ្រងនិងយុត្តាធិការ
២១.១. បញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ ត្រូវបានគ្រប់គ្រងនិងបកស្រាយ ដោយអនុលោមតាមបញ្ញត្តិច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ វិវាទទាំងទ្បាយណា ដែលកើតចេញពីឬពាក់ព័ន្ធនឹងបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ នឹងត្រូវបានដោះស្រាយដោយសន្តិវិធី បើមិនដូច្នោះទេ នឹងត្រូវបានដោះស្រាយជាចុងក្រោយ ដោយតុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
២២. បញ្ញត្តិផ្សេងៗ
២២.១. បញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ បង្កើតជាកិច្ចព្រមព្រៀងទាំងស្រុងរវាង ធនាគារ ព្រីនស៍ និង អតិថិជន ទាក់ទងនឹងគណនី ផលិតផល និង សេវាកម្ម និងជំនួសរាល់ការព្រមព្រៀង ការសន្យា ការអះអាងដែលពាក់ព័ន្ធពីមុនដែលមាន។
២២.២. ប្រសិនបើបញ្ញត្តិណាមួយនៃបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ ត្រូវបានរកឃើញដោយតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចណាមួយថាមោឃៈ ឬមិនអាចអនុវត្តបាន បញ្ញត្តិនោះនឹងត្រូវបានចាត់ទុកថាត្រូវបានលុបចេញ ហើយផ្នែកដែលនៅសល់នៃបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ នឹងត្រូវបន្តមានសុពលភាពអនុវត្តយ៉ាងពេញលេញ។
២២.៣. ការខកខានក្នុងការអនុវត្តសិទ្ធិ ឬពន្យារការអនុវត្តសិទ្ធិ ឬការទាមទារសំណង ដែលកើតចេញពីបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ ឬក្រោមច្បាប់និងបញ្ញត្តិជាធរមាន មិនត្រូវប៉ះពាល់ដល់ការអនុវត្តសិទ្ធិ ឬបង្កើតជាការបោះបង់សិទ្ធិរបស់ ធនាគារ ព្រីនស៍ ទ្បើយ។ គ្មានការអនុវត្តសិទ្ធិ ឬការទាមទារសំណងតែមួយឬដោយផ្នែក ដែលមានក្រោមបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ រារាំងដល់ការអនុវត្តសិទ្ធិ ឬការទាមទារសំណងនាពេលខាងមុខទ្បើយ។
២២.៤. ការលះបង់សិទ្ធិ សិទ្ធិអំណាច និងការយល់ព្រមណាមួយរបស់ ធនាគារ ព្រីនស៍ ត្រូវចាត់ទុកជាមោឃៈ ប្រសិនបើមិនត្រូវបានចុះហត្ថលេខាដោយអ្នកតំណាងស្របច្បាប់របស់ ធនាគារ ព្រីនស៍ ជាលាយលក្ខណ៍អក្សរ។ ធនាគារ ព្រីនស៍ អាចលះបង់សិទ្ធិ និងការព្រមព្រៀងណាមួយ ដោយឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន។
២២.៥. ប្រសិនបើ អតិថិជនបើកគណនីរួមគ្នាជាមួយនឹងអតិថិជនដទៃទៀត ម្ចាស់គណនីនីមួយៗ ត្រូវទទួលខុសត្រូវដោយសាមគ្គីក្នុងការអនុវត្តកាតព្វកិច្ចដែលមានក្រោមបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ។
២២.៦. ប្រសិនបើមានភាពមិនស្របគ្នា រវាងបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះជាភាសាខ្មែរ និងការបកប្រែជាភាសាដទៃ ឯកសារជាភាសាខ្មែរត្រូវយកជាគោល។
២២.៧. លើកលែងមានចែងច្បាស់ក្នុងឯកសារដែលពាក់ព័ន្ធ អាទិភាពនៃការបកស្រាយ ត្រូវកំណត់តាមលំដាប់អាទិភាពដូចខាងក្រោម ប្រសិនបើមានភាពមិនស្របគ្នា៖
(ក). កិច្ចព្រមព្រៀងពិសេស
(ខ). បញ្ញត្តិនិងលក្ខខណ្ឌពិសេស
(គ). បញ្ញត្តិនិងលក្ខខណ្ឌទូទៅ និង
(ឃ). ទម្រង់ពាក្យស្នើសុំ
ឧបសម្ព័ន្ធ ១
និយមន័យ
គណនី | ៖ | សំដៅលើ រាល់គណនីដែលមានជាមួយនឹង ធនាគារ ព្រីនស៍ រួមបញ្ចូលទាំង គណនីចរន្ត គណនីសន្សំ (រួមគ្នាហៅថា “CASA”) និងគណនីបញ្ញើមានកាលកំណត់ (“គណនីបញ្ញើមានកាលកំណត់”) របស់អតិថិជន និងគណនីផ្សេងទៀតដែល ធនាគារ ព្រីនស៍ អាចដាក់ឱ្យប្រើប្រាស់ ពីពេលមួយទៅពេលមួយ។ |
ថ្ងៃប្រតិបត្តិការ | ៖ | សំដៅលើ ថ្ងៃដែល ធនាគារ ព្រីនស៍ បើកដំណើរការអាជីវកម្មជាធម្មតា សម្រាប់ប្រតិបត្តិការ ផ្សេងៗ ដូចមាននៅក្រោមបញ្ញត្តិនិងលក្ខខណ្ឌទូទៅ និង បញ្ញត្តិនិងលក្ខខណ្ឌពិសេសដទៃទៀត លើកលែង ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកសាធារណៈ។ |
ទឹកប្រាក់ផាត់ទាត់រួច | ៖ | សំដៅលើ ទឹកប្រាក់ដែលដាក់ចូលទៅ ឬមានសមតុល្យក្នុងគណនីណាមួយដែល ធនាគារ ព្រីនស៍ បានទទួលការទូទាត់ពេញលេញនិងចុងក្រោយ និងមិនអាចលុបចោល ឬបង់ត្រទ្បប់វិញបាន។ |
អតិថិជន | ៖ | សំដៅលើ រូបវន្តបុគ្គលដែលមានចាប់ពីអាយុ១៨ឆ្នាំទ្បើង ទាំងជនជាតិខ្មែរ និងជនបរទេស ដែលកំពុងស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និង នីតិបុគ្គលដែលត្រូវបានបង្កើតទ្បើងនិងចុះបញ្ជីត្រឹមត្រូវ ស្របតាមច្បាប់នៃព្រះរាជាណាចកម្រកម្ពុជា ឬច្បាប់បរទេសណា មួយ។ ការយោងទៅអតិថិជនមួយនៅក្នុងបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ សំដៅទៅលើការយោងទៅម្ចាស់គណនីរួមនីមួយៗ នៃគណនីរួម។ |
ករណីប្រធានសក្តិ | ៖ | សំដៅលើ ព្រឹត្តិការណ៍ដែលកើតទ្បើងលើសពីការគ្រប់គ្រងរបស់ ធនាគារ ព្រីនស៍ ដែលរារាំងធនាគារ ព្រីនស៍ មិនឱ្យអនុវត្តកាតព្វកិច្ចណាមួយរបស់ខ្លួន ដែលមាននៅក្រោមបញ្ញត្តិនិងលក្ខខណ្ឌទូទៅនេះ រូមបញ្ចូលតែមិនកម្រិតត្រឹមតែ៖ (១). សកម្មភាពរបស់ព្រះ (រួមមានជាអាទិ៍ អគ្គិភ័យ ការបំផ្ទុះ រញ្ជួយដី ភាពរាំងស្ងួត រលក និងទឹកជំនន់)។ (២). សង្រ្គាម ការប្រទូសរ៉ាយ (ទោះបីជាសង្រ្គាមត្រូវបានប្រកាស ឬគ្មាន) ការឈ្លានពាន សកម្មភាពរបស់សត្រូវបរទេស កំណែនទ័ព ការឈ្លៀស ឬការហ៊ុមព័ទ្ធ។ (៣). ឧទ្ទាមកម្ម បដិវត្តន៍ ការបះបោរ ការដណ្តើមអំណាច ឬយោធា ឬសង្គ្រាមស៊ីវិល។ (៤). កុបកម្ម ភាពវឹកវរ ការប៉ះទង្គិច កូដកម្ម ការធ្វើឱ្យយឺតយ៉ាវ ការរារាំងការចូល ឬចលាចល លើកលែងការហាមឃាត់នោះ អនុវត្តចំពោះតែបុគ្គលិករបស់អ្នកផ្គត់ផ្គង់ ឬរបស់អ្នកម៉ៅការបន្តប៉ុណ្ណោះ។ ឬ (៥). សកម្មភាព ឬការគម្រាមកំហែងភេវរកម្ម។ |
ផលិតផល | ៖ | សំដៅលើ រាល់ផលិតផលធនាគារ ដែលផ្តល់ជូនដោយ ធនាគារ ព្រីនស៍។ |
សេវាកម្ម | ៖ | សំដៅលើ រាល់សេវាកម្មដែលផ្តល់ជូនដោយ ធនាគារ ព្រីនស៍ ទៅកាន់អតិថិជន ទាក់ទងនឹងប្រតិបត្តិការគណនី។ |