ធនាគារ ព្រីនស៍ និងសេវាផ្ទេរប្រាក់Ria រួមសហការគ្នាក្នុងការពង្រឹងសេវាផ្ទេរប្រាក់អន្តរជាតិនៅកម្ពុជា
[ភ្នំពេញថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២២] ធនាគារ ព្រីនស៍ ជាធនាគារមួយក្នុងចំណោមធនាគារដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនសេវាផ្ទេរប្រាក់Ria ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនEuronet Worldwide, Inc. (NASDAQ: EEFT) និងជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកក្នុងវិស័យផ្ទេរប្រាក់ឆ្លងប្រទេសនៅថ្ងៃនេះបានប្រកាសពីកិច្ចសហការប្រតិបត្តិការអាជីវកម្មភាពជាដៃគូ ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើការផ្ទេរប្រាក់អន្តរជាតិតាមរយៈ បណ្តាញរបស់ធនាគារ ព្រីនស៍។
ឥឡូវនេះ អតិថិជនអាចផ្ញើ និងទទួលប្រាក់ជាអន្តរជាតិតាមរយៈសាខាណាមួយនៃធនាគារព្រីនស៍ សរុប៣២សាខាទូទាំងប្រទេសតាមរយៈសេវាផ្ទេរប្រាក់Ria ហើយអាចប្រើប្រាស់បណ្តាញជាសកលដ៏ធំទូលាយរបស់Riaដែលមានទីតាំងជាង ៤៩០,០០០ទីតាំង។ ស្របពេលជាមួយគ្នាផងដែរ នៅចុងខែឧសភានេះ អតិថិជននឹងអាចប្រើប្រាស់កម្មវិធីPRINCE Mobile របស់ពួកគេ ដើម្បីធ្វើការផ្ទេរប្រាក់តាមរយៈRia យ៉ាងរលូននៅក្នុងវេទិកាដែលមានសុវត្ថិភាព និងភាពងាយស្រួល ដែលនេះនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការផ្ទេរប្រាក់អន្តរជាតិ ដោយសារអតិថិជនអាចផ្ញើប្រាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈកម្មវិធីបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ ធនាគារ ព្រីនស៍ បានបណ្តាក់ទុនយ៉ាងច្រើនលើការកែលម្អ និងការផ្លាស់ប្តូរប្រព័ន្ធឌីជីថល ដើម្បីក្លាយជាធនាគារឈានមុខគេនៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ដែលទាំងអស់នេះ ធ្វើឡើងក្នុងគោលបំណងបម្រើអតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “នៅធនាគារ ព្រីនស៍ យើងមានចក្ខុវិស័យរយៈពេលវែងក្នុងការផ្តល់នូវសេវាកម្មធនាគារដ៏ល្អបំផុត ដើម្បីបម្រើអតិថិជនរបស់យើងនៅក្នុងស្រុក និងទូទាំងពិភពលោក ហើយការផ្ទេរប្រាក់ទៅក្រៅប្រទេស គឺជាសេវាកម្មដ៏សំខាន់មួយដែលឈានទៅរកចក្ខុវិស័យ និងគោលបំណងអាជីវកម្មរបស់យើង។ នៅធនាគារ ព្រីនស៍ យើងខិតខំប្រឹងប្រែងឥតឈប់ឈរ ដែលមិនត្រឹមតែស្របតាមតម្រូវការរបស់អតិថិជនយើងប៉ុណ្ណោះទេ តែដើម្បីបំពេញនូវតម្រូវការដែលលើសពីការរំពឹងទុករបស់អតិថិជនផងដែរ ហើយគោលបំណងរបស់យើង គឺក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជា”។
លោកបានបន្ថែមទៀតថា “នេះពិតជាកិត្តិយស និងឱកាសដ៏ល្អសម្រាប់ធនាគារ ព្រីនស៍ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនសេវាផ្ទេរប្រាក់Riaដើម្បីពង្រឹងសេវាផ្ទេរប្រាក់អន្តរជាតិរបស់យើង។ យើងតែងតែព្យាយាមផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មល្អបំផុត ដោយប្រើប្រាស់ភាពច្នៃប្រឌិត ហើយយើងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនរបស់យើងជាមួយនឹងវិធីសាស្រ្តនៃសេវាកម្មហិរញ្ញវត្ថុដែលមានប្រសិទ្ធភាពជាងមុន។”
Ria គឺជាសេវាផ្ទេរប្រាក់ឆ្លងប្រទេសធំជាងគេទីពីរនៅលើពិភពលោក ដែលមានបណ្តាញជិត 500,000 ទីតាំងនៅក្នុងប្រទេសជាង 160 រួមមាន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ចិន ម៉ាឡេស៊ី ឥណ្ឌា អូស្ត្រាលី វៀតណាម និងក្នុងប្រទេសដទៃទៀត ហើយបានបន្តធ្វើឱ្យពិភពលោកកាន់តែតូចជាងមុន ដោយបង្រួមគម្លាតរវាងគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេ តាមរយៈសេវាកម្មដែលមិនអាចប្រៀបផ្ទឹមបាន។
លោកEspen Kristensen អភិបាលគ្រប់គ្រងនៃAPAC បានមានប្រសាសន៍ថា“ភាពជាដៃគូជាមួយធនាគារ ព្រីនស៍ នេះ គឺជាការបោះជំហានទៅមុខមួយទៀតក្នុងការផ្តល់នូវភាពងាយស្រួល និងលទ្ធភាពទទួលបានសេវាផ្ទេរប្រាក់ដែលមិនអាចប្រៀបផ្ទឹមបានដល់អតិថិជនក្នុងប្រទេសកម្ពុជា ដែលនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់អ្នកផ្ញើ និងអ្នកទទួលផលក្នុងប្រទេស តាមរយៈការផ្តល់នូវសេវាដកប្រាក់នៅតាមទីតាំងដ៏ច្រើនសន្ធឹកសន្ធាប់ ហើយយើងមានបំណងផ្តល់នូវភាពងាយស្រួលថ្មីមួយកម្រិតទៀត តាមរយៈការបើកដំណើរសេវាផ្ទេរប្រាក់បញ្ញើតាមធនាគារតាមពេលវេលាជាក់ស្តែង ដែលយើងអាចអនុញ្ញតឱ្យអ្នកទទួលផលទទួលបានប្រាក់ក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ដោយផ្តល់នូវកម្រិតថ្មីនៃភាពងាយស្រួល និងអារម្មណ៍សុវត្ថិភាពសម្រាប់អតិថិជនរបស់យើង ស្របពេលដែលរួមចំណែកដល់លំហូរផ្នែកហិរញ្ញវត្ថុនៅក្នុងតំបន់ផងដែរ។”
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “អបអរសាទរដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុន RIA Financial Services ចំពោះកិច្ចសហការនៃភាពជាដៃគូនេះ។ ពិធីចុះហត្ថលេខានាពេលនេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងយុគសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងជំនឿទុកចិត្តរបស់សាធារណជនមកលើវិស័យនេះ។ ភាពជាដៃគូរវាងធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុន RIA Financial Services ក្នុងការធ្វើប្រតិបត្តិការជាអ្នកដំណើរការតតិយភាគី គឺជាចំណែកមួយក្នុងចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយផ្តល់នូវសេវាទូទាត់ និងសេវាផ្ទេរប្រាក់ ក៏ដូចជាចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុផងដែរ”។
ជាមួយនឹងការបើកដំណើរការនេះ យើងមានការផ្តល់ជូនពិសេសដល់អតិថិជនទាំងអស់ ដោយលើកលែងលើកម្រៃសេវាផ្ទេរប្រាក់ក្រៅប្រទេសសម្រាប់ ១០០ប្រតិបត្តិការដំបូង។ អតិថិជនអាចធ្វើការផ្ទេរប្រាក់នៅគ្រប់សាខាធនាគារ ព្រីនស៍ ទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមចូលទៅកាន់គេហទំព័រwww.princebank.com.khឬទាក់ទងមកសេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ ១៨០០ ២០ ៨៨៨៨។