ព័ត៌មាន

ធនាគារ ព្រីនស៍ បានក្លាយជាសមាជិកប្រព័ន្ធទូទាត់បាគង

ភ្នំពេញថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ - ធនាគារ ព្រីនស៍ បានក្លាយជាដៃគូផ្លូវការនៃប្រព័ន្ធទូទាត់បាគង ដែលជា​កម្មវិធី​ទូទាត់​ឌីជីថលនៅ​លើ​ទូរស័ព្ទ​ដៃ ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។

ធនាគារ ព្រីនស៍​ ពិតជាមានមោទនភាពណាស់ដែលបានក្លាយជាសមាជិកប្រព័ន្ធទូទាត់បាគងជាផ្លូវការ។ នេះគឺជាការសន្យា ក៏ដូចជាការតាំងចិត្តដ៏ពិសេសមួយដើម្បីធ្វើឱ្យមានភាពងាយស្រួលថែមមួយកម្រឹតសម្រាប់ប្រជាជនកម្ពុជា ក្នុងការប្រើប្រាស់សេវាធនាគារ ឬសេវាហិរញ្ញវត្ថុ។

ជាមួយនឹងប្រព័ន្ធទូទាត់បាគង អតិថិជនរបស់ធនាគារ ព្រីនស៍ ទាំងអស់អាចនឹងមានភាពងាយស្រួលក្នុងការផ្ទេរប្រាក់អន្តរធនាគារ ប្រកបដោយភាពងាយស្រួលនិងសុវត្ថិភាព។ អតិថិជនដែលមិនមែនជាអតិថិជនរបស់ ធនាគារ ព្រីនស៍ ក៏អាចអញ្ជើញមកសាខាណាមួយរបស់យើងដើម្បីធ្វើប្រតិបត្តិការដក និងដាក់ប្រាក់បានផងដែរ។

ការក្លាយជាសមាជិកផ្លូវការក្នុងប្រព័ន្ធទូទាត់បាគង របស់ធនាគារ​ ព្រីនស៍ គឺជាការសហការមួយដើម្បី ស្វែងរកមធ្យោបាយដែលអាចជួយសម្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការសេវាធនាគាររបស់ពួកគាត់កាន់តែងាយស្រួល ដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនដែលពាក់ព័ន្ធទាំងអស់អាចធ្វើប្រតិបត្តិការរួមគ្នាបាននៅលើកម្មវិធីតែមួយ។ វាពិតជាមានភាពងាយស្រួលនិងឆាប់រហ័សក្នុងការចុះឈ្មោះប្រើប្រាស់ ។ លោកអ្នកអាចទាញយកកម្មវិធីពីApp Store ឬក៏ Play Store ដោយជ្រើសរើសធនាគារ ព្រីនស៍ ជាធនាគារគោលក្នុងការប្រើប្រាស់នេះ។ ប្រព័ន្ធទូទាត់បាគងនេះផងដែរផ្តល់ជូនលោកអ្នកនូវភាពងាយស្រួលក្នុងការបង្កើតឈ្មោះប្រើប្រាស់ ក៏ដូចជាការរក្សាទិន្នន័យលេខសម្ងាត់របស់លោកអ្នកកាន់តែមានសុវត្ថិភាពខ្ពស់ ។

សមាហរណកម្ម

បាគងគឺជាកម្មវិធីទូរស័ព្ទ 'All-in-One' ដែលរួមបញ្ចូលលក្ខណៈពិសេសដូចខាងក្រោមៈ

  • កាបូបអេឡិចត្រូនិច

  • ការទូទាត់តាមទូរស័ព្ទ

  • សេវាធនាគារតាមអ៊ីនធឺណិត

  • កម្មវិធីហិរញ្ញវត្ថុផ្សេងទៀត

 

ប្រព័ន្ធទូទាត់បាគង ជួយសម្រួលដល់ប្រតិបត្តិការនានាក្នុងការ ផ្ញើប្រាក់ ទូទាត់ប្រាក់ ដាក់ប្រាក់ចូលក្នុងគណនី និងការទទួលប្រាក់ផ្ទេរ។ ប្រតិបត្តិការទាំងនេះអាចធ្វើឡើងតាមរយៈ៖ ការផ្ទេរប្រាក់ពីកាបូបអេឡិចត្រូនិច ទៅកាន់កាបូបអេឡិចត្រូនិច ឬពីកាបូបអេឡិចត្រូនិច ទៅកាន់គណនីសន្សំ (គណនីចរន្ត និងគណនីសន្សំ) របស់ស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិក ។ ការកើនឡើងនៃចំនួនស្ថាប័នហិរញ្ញវត្ថុជាសមាជិក បង្ហាញឱ្យឃើញពីការពេញចិត្តនិងការទទួលស្គាល់ពីសំណាក់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា។

ការផ្ទេរប្រាក់ងាយស្រួល

យោងតាមប្រសាសន៍របស់ ឯកឧត្ដម ជាចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអោយដឹងថា ប្រព័ន្ធទូទាត់បាគងនៅមិនទាន់អាចធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេសបាននោះទេ តែជាក់ស្តែងប្រព័ន្ធនេះអាចជួយសម្រួលដល់ការផ្ទេរប្រាក់អន្តរធនាគារក្នុងស្រុក និងកម្រឹតថ្នាក់តំបន់ ដោយជួយកាត់បន្ថយកម្រៃខ្ពស់នៃការផ្ទេរប្រាក់។

សហការបន្ត

ធនាគារ ព្រីនស៍ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងដើម្បីក្លាយជាចំណែកមួយនៃដំណោះស្រាយ ក៏ដូចជាជួយជម្រុញឱ្យប្រជាជនកម្ពុជាទាំងមូលមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុយ៉ាងងាយស្រួល។