ព័ត៌មាន

ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់អន្តរជាតិថ្មីៗចំនួន០២ ពីស្ថាប័នអន្តរជាតិ International Banker

រាជធានីភ្នំពេញ ថ្ងៃទី០១​ ខែកញ្ញា ឆ្នាំ២០២១៖ ធនាគារ ព្រីនស៍ ថ្មីៗនេះបានទទួលពានរង្វាន់ជា ធនាគារពាណិជ្ជឆ្នើមនៅកម្ពុជាឆ្នាំ២០២១ និងជាធនាគារដែលមានភាពច្នៃប្រឌិតល្អបំផុតលើផ្នែកសេវាធនាគារបុគ្គលនៅកម្ពុជាឆ្នាំ២០២១។ នេះគឺជាឆ្នាំទី២របស់ធនាគារ ព្រីនស៍ហើយដែលទទួលបានពានរង្វាន់ជាធនាគារពាណិជ្ជឆ្នើមនៅកម្ពុជាជាបន្តបន្ទាប់។  

ពានរង្វាន់ដែលទទួលបានពីស្ថាប័នអន្តរជាតិ International Banker នៅថ្ងៃនេះគឺជាការទទួលស្គាល់ ក្នុងការកំណត់ស្តង់ដារថ្មីសម្រាប់ការអនុវត្ត និងការជម្រុញបន្ថែមនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។ ស្ថាប័នអន្តរជាតិ International Banker ផ្អែកទៅលើការតែងតាំងពីសំណាក់អ្នកអាន ក្នុងការស្វែងរកស្ថាប័នហិរញ្ញវត្ថុដែលមានសក្តានុពលល្អបំផុតនៅទូទាំងពិភពលោក។ ស្ថាប័នធនាគារទាំងនោះមិនត្រឹមតែជាធនាគារ ដែលដំណើរការបានល្អប៉ុណ្ណោះទេ តែថែមទាំងជាស្ថាប័នដែលមានដំណើរប្រតិបត្តិការឈានមុខគេដែលអាចកំណត់នូវប្រសិទ្ធភាពថ្មី ហើយជាហេតុផលដែលធ្វើឱ្យស្ថាប័នដ៏ទៃមានការស្ញប់ស្ញែង។

យោងតាមប្រសាសន៍ របស់លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានលើកឡើងថា “​ យើងពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលធនាគារ ព្រីនស៍ទទួលបានការតែងតាំង និងឈ្នះពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួន០២នេះ ពីក្នុងវិស័យធនាគារនៅកម្ពុជា។ យើងពិតជាមានកិត្តិយសក្រៃលែងដែលទទួលបានពានរង្វាន់ទាំងពីរនេះ ដែលវាជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ទៅកាន់អតិថិជនរបស់យើង។ ដូច្នេះពានរង្វាន់ទាំងពីរនេះ គឺជាគុណតម្លៃរបស់អតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកនៅក្នុងធនាគារ ព្រីនស៍ទាំងអស់ ដែលជាផ្នែកមួយធ្វើឱ្យធនាគារ ព្រីនស៍សម្រេចបាននូវគោលដៅដូចសព្វថ្ងៃ។ ខ្ញុំពិតជាអរគុណដល់អ្នកទាំងអស់ណាស់ អ្នកទាំងអស់គ្នាគឺជាកំលាំងជម្រុញដែលធ្វើឱ្យធនាគាររបស់យើងមានភាពកាន់តែប្រសើរជាងមុន ។ 

លោក​ ហ៊ន់ សុរចនា បានបន្ថែមទៀតថា ចាប់តាំងពីយើងបានក្លាយខ្លួនជាធនាគារពាណិជ្ជកាលពីបីឆ្នាំមុន​រហូតមកដល់បច្ចុប្បន្ន យើងតែងតែមានការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់អតិថិជនជានិច្ច។ ដោយទទួលបានការជម្រុញពីអតិថិជន​យើង ក្នុងន័យនេះធនាគារមិនមែនគ្រាន់តែជាកន្លែងដែលអតិថិជនមកធ្វើប្រតិបត្តិការមួយមុខនោះទេ តែវាគឺជាការធ្វើដំណើររួមគ្នាដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អតិថិជន ហើយយើងក៏បានបន្តប្រើប្រាស់យុទ្ធសាស្រ្តដែលផ្តោតសំខាន់លើអតិថិជនតាំងពីពេលនោះមកដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។  ឧទាហរណ៍៖ កាលពីពេលថ្មីៗនេះ យើងបានដាក់ចេញនូវកម្មវិធី PRINCE MobileBiz និងកម្មវិធីPRINCE Merchants ដែលត្រូវបានបង្កើត និងផ្តល់ជូនជាពិសេសដល់អតិថិជនអាជីវកម្មរបស់យើងបន្ថែមពីលើកម្មវិធី PRINCE Mobile -- កម្មវិធីធនាគារតាមទូរស័ព្ទដែលមានការរីកចម្រើនជារៀងរាល់ឆ្នាំ ហើយសមិទ្ធផលនេះបានមកពីការបម្រែបម្រួលនៃប្រព័ន្ធឌីជីថល ដែលជាកត្តាអាចឱ្យយើងបញ្ចូលបច្ចេកវិទ្យាទាំងនោះទៅក្នុងជីវភាពរស់នៅអតិថិជនរបស់យើងបានប្រសើរជាងមុន។ ក្នុងនោះផងដែរ អតិថិជនរបស់យើង បានទទួលស្គាល់ថាវាពិតជាមានសារសំខាន់យ៉ាងខ្លាំងក្នុងការធ្វើឱ្យដំណើរការអាជីវកម្មរបស់ពួកគេមានភាពប្រសើរឡើង ជាពិសេសក្នុងការធ្វើអាជីវកម្មប្រភេទឌីជីថលដែលវាពិតជាមានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ19នេះ។ កម្មវិធីនេះផងដែរនឹងធ្វើឱ្យអាជីវករទាំងអស់អាចផ្តោតអារម្មណ៍លើបញ្ហាផ្សេងទៀតដើម្បីទ្រទ្រង់ ឬពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមទៀតផងដែរ។

យុទ្ធសាស្រ្តដែលផ្តោតសំខាន់លើអតិថិជន ដែលធនាគារ ព្រីនស៍ បានអនុវត្តតាំងពីដំបូងមក បានធ្វើឱ្យយើងអាចបង្កើតទៅជាពាក្យស្លោកថ្មីមួយសម្រាប់ធនាគាររបស់យើងគឺ “យើងប្រឹងប្រែងដើម្បីអ្នក” ហើយពាក្យស្លោកថ្មីនេះត្រូវបានយកទៅអនុវត្តនៅគ្រប់ប្រតិបត្តិការរបស់ធនាគារទាំងអស់ដែលមានដូចជា ការអភិវឌ្ឍផលិតផល សេវាកម្មអតិថិជន ការទំនាក់ទំនង និងផ្សព្វផ្សាយ -ល- ។ បុគ្គលិកនៃធនាគារ ព្រីនស៍គ្រប់គ្នាត្រូវធានាបានថា គ្រប់តម្រូវការរបស់អតិថិជនគឺត្រូវបានបំពេញយ៉ាងល្អឥតខ្ចោះ ។​ហើយយើងជឿជាក់ថាតាមរយៈការអនុវត្តបែបនេះ គឺដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់បំពេញតម្រូវការជូនដល់អតិថិជន ក៏ដូចជាដើម្បីបំពេញតម្រូវការសម្រាប់ការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសយើងផងដែរ ។ 

ជាចុងបញ្ចប់ លោក ហ៊ន់ សុរចនា បានបន្ថែមថា ជាមួយការជម្រុញ និងការទទួលស្គាល់តាមរយៈ ពានរង្វាន់ អន្តរជាតិទាំងពីរនេះ ធនាគារ ព្រីនស៍ នឹងបន្តខិតខំដើម្បីក្លាយជាធនាគារដ៏ល្អបំផុតមួយសម្រាប់អតិថិន ដែលផ្តល់ជូននូវសេវាកម្ម ក៏ដូចជាផលិតផលកាន់តែប្រសើរឡើង។ សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនដ៏មានតម្លៃ និងដៃគូសហការទាំងអស់ សម្រាប់ការផ្តល់ឱកាសដល់ធនាគារ ព្រីនស៍ក្នុងការបំពេញសេវាកម្ម និងជាធនាគារជម្រើសទី១របស់លោកអ្នក សូមអរគុណសម្រាប់ការគាំទ្ររបស់លោកអ្នក។