ធនាគារ ព្រីនស៍ ប្រារព្ធពិធីខួបលើកទី៩ ដ៏អស្ចារ្យ ដែលជាភាពរីកចម្រើន ជោគជ័យ និងការប្តេជ្ញាចិត្ត ដើម្បីក្លាយជាធនាគារដែលជឿទុកចិត្ត និងឈានមុខគេនៅកម្ពុជា
[ភ្នំពេញ ១៨ កក្កដា ២០២៤] ធនាគារ ព្រីនស៍ ដែលជាធនាគារកម្ពុជា ថ្មីៗនេះបានប្រារព្ធពិធីខួបលើកទី៩របស់ខ្លួន ក្រោមរូបភាពជាអ្នកជំនាញផ្តល់សេវាហិរញ្ញវត្ថុទូទាំងប្រទេសដោយផ្ទាល់ និងដោយប្រយោលតាមរយៈសកម្មភាពផ្សេងៗក្នុងការកសាងប្រទេសជិតមួយទសវត្សមកនេះ។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៥ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងនៅឆ្នាំ២០១៨ជាធនាគារពាណិជ្ជពេញលេញមួយ គោលបំណងរបស់ធនាគារ ព្រីនស៍ គឺផ្តល់នូវឧត្តមភាពធនាគារ ដែលរួមបញ្ចូលការច្នៃប្រឌិតបច្ចេកវិទ្យា និងផ្តោតសំខាន់លើការពេញចិត្តរបស់អតិថិជនជាមួយដំណោះស្រាយធនាគារប្រកបដោយគុណតម្លៃ និងទំនុកចិត្ត។ ក្នុងព្រឹត្តិការណ៍ខួបលើកទី៩នេះ ធនាគារ ព្រីនស៍ មិនត្រឹមតែសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់មួយនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើសពីការរំពឹងទុកទៅទៀត ក្នុងការលេចចេញជាតួអង្គសំខាន់នៅក្នុងវិស័យធនាគាររបស់កម្ពុជា។ បន្ទាប់ពីបើកដំណើរការរយៈពេល៩ឆ្នាំក្នុងប្រទេសកម្ពុជា ធនាគារ ព្រីនស៍ បានកសាងទំនុកចិត្ត និងភាពរឹងមាំក្នុងវិស័យហិរញ្ញវត្ថុជាមួយទ្រព្យសកម្មសរុបប្រហែល ១,៤00លានដុល្លារ។ អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់ធនាគារស្មើនឹង ២៧%ក្នុងឆ្នាំ២០២៣ លើសច្រើនពីកម្រិតកំណត់ ដែលអាចឈរជើងលើទីតាំងវិជ្ជមានសម្រាប់ការអភិវឌ្ឍរបស់ខ្លួននាពេលអនាគត។
ជាមួយនឹងកំណើនអតិថិជនប្រមាណជា ១០០,០០០ នាក់ ធនាគារ ព្រីនស៍ បានក្លាយខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំមួយ ជាមួយប្រាក់បញ្ញើដល់ទៅ ១0០0 លានដុល្លារ និងការផ្តល់ឥណទានជិត ៨00 លានដុល្លារ។ លើសពីនេះ យើងបានគាំទ្រយ៉ាងពេញទំហឹងក្នុងការប្រើប្រាស់ ប្រាក់រៀល និងសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមធនាគារនៅកម្ពុជា (ABC) ក្នុងគំនិតផ្តួចផ្តើមនិងគម្រោងផ្សេងៗ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុកម្ពុជា លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការកសាងប្រទេសជាតិ ដើម្បីផលប្រយោជន៍រួម។ ធនាគារក៏កំពុងចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមនៃទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) ជាពិសេសផ្តល់ការគាំទ្រសម្រាប់កម្មវិធីកីឡានិងការអប់រំ ដើម្បីភាពប្រសើរឡើងនៃមនុស្សជំនាន់ក្រោយ។
ក្នុងការដំណើរការរបស់ធនាគារ ព្រីនស៍ យើងបានបន្តសម្រេចបាននូវកំណើនយ៉ាងច្រើននៅក្នុងទ្រព្យសកម្ម ពង្រីកមូលដ្ឋានអតិថិជន និងបង្កើនវត្តមានទាំងរូបវ័ន្តនិងឌីជីថល។ ធនាគារបានពង្រីកអាជីវកម្មរបស់ខ្លួន ដោយរួមបញ្ចូលនូវផលិតផលប្រកបដោយភាពច្នៃប្រឌិតជាច្រើនដូចជា ផលិតផលឥណទានផ្សេងៗ (ឥណទានបុគ្គល ឥណទានរថយន្ត និងឥណទានគេហដ្ឋាន) និងកម្មវិធីធនាគារចល័តដ៏ទំនើប (កម្មវិធី PRINCE Mobile, PRINCE MobileBiz, PRINCE Merchant) ដែលបំពេញតម្រូវការធនាគារឌីជីថលរបស់អតិថិជន។ កម្មវិធីទាំងនេះត្រូវបានរចនាឡើងជាមួយនឹងមុខងារទំនើបៗ ដើម្បីធានាថា វាងាយស្រួលប្រើប្រាស់ ដំណើរការរលូន និងមានសុវត្ថិភាព។
ធនាគារ ព្រីនស៍ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ដោយផ្តោតលើការពង្រីកសហគ្រាសធុនតូច និងមធ្យម (SMEs)។ ការយល់ដឹងអំពីបញ្ហាប្រឈមដែលសហគ្រាសធុនតូច និងមធ្យមជួបប្រទះ គឺបញ្ហាលទ្ធភាពទទួលបានហិរញ្ញវត្ថុមានកម្រិត ហើយដំណោះស្រាយដែលធនាគារផ្តល់ជូនពូកគេមានដូចជា ឥណទានអាជីវកម្មជាមួយនឹងលក្ខខណ្ឌអំណោយផល ការប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងរបៀបចូលក្នុងទីផ្សារ ដើម្បីជួយដល់ការពង្រីកអានុភាពអាជីវកម្ម និងជំរុញឱ្យមានវិបុលភាពសេដ្ឋកិច្ចក្នុងសហគមន៍។
ជាងនេះទៅទៀត ធនាគារ ព្រីនស៍ បានចាប់ដៃគូជាមួយក្រុមហ៊ុនសេវាកម្មផ្ទេរប្រាក់អន្តរជាតិចំនួនពីរគឺ RIA Money Transfer និង MoneyGram ។ ធនាគារក៏បានពង្រីកបណ្តាញទូទាត់ តាមរយៈការចាយវាយតាមប័ណ្ណឥណពន្ធ/ឥណទានម៉ាស្ទ័រកាត វីសា និងUnionPay ផងដែរ។ ម៉្យាងទៀត នាពេលថ្មីៗនេះ ធនាគារ ព្រីនស៍ បានក្លាយជាធនាគារដំបូង និងតែមួយគត់ដែលផ្តល់ជូនអតិថិជនរបស់ខ្លួននូវអត្ថប្រយោជន៍ដែលលើសពីផលិតផលសន្សំធម្មតា រួមមានគណនីសន្សំឆ្លាតបៀលដឺ គណនីសន្សំឆ្លាត គណនីទ្វេទ្រព្យ និងគណនីអាជីវករឆ្លាត ទាំងនេះសុទ្ធតែរួមបញ្ចូលកញ្ចប់ធានារ៉ាប់រង និងការការពារសុខុមាលភាពសម្រាប់អតិថិជនរបស់យើង។
ជាមួយនឹងសាខាទាំង៣៦ ទីតាំង ATM ចំនួន៨៤ និងសាលធនាគារអាទិភាពចំនួន៤ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់តាមរយៈពានរង្វាន់ពីស្ថាប័នអន្តរជាតិជាច្រើនក្នុងឆ្នាំ២០២៣ ដូចជា International Banker, Asiamoney, International Finance Magazine ជាដើម ដោយបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះឧត្តមភាពក្នុងវិស័យធនាគារ និងបន្តបម្រើអតិថិជនជាមួយនឹងផលិតផលនិងសេវាកម្ម ដែលមានលក្ខណៈសាមញ្ញ ងាយស្រួល និងសុវត្ថិភាព ដូចបានចែងនៅក្នុងពាក្យស្លោករបស់ធនាគារ ព្រីនស៍ “យើងប្រឹងប្រែងដើម្បីអ្នក”។
ក្នុងឱកាសគម្រប់ខួប៩ឆ្នាំ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានថ្លែងអំណរគុណយ៉ាងស្មោះសរចំពោះអតិថិជន ដៃគូអាជីវកម្ម និយតករ និងអ្នកពាក់ព័ន្ធចំពោះការគាំទ្រ និងការជឿទុកចិត្តមកលើធនាគារ ព្រីនស៍។ បន្ថែមពីនេះ លោកបានឆ្លៀតឱកាសបង្ហាញការកោតសរសើរចំពោះនិយោជិតរបស់ធនាគារ តាំងពីជួរមុខរហូតដល់ថ្នាក់ដឹកនំា ដោយទទួលស្គាល់ថា ធនាគារ ព្រីនស៍ នឹងមិនអាចក្លាយខ្លួនដូចថ្ងៃនេះបានឡើយ បើគ្មានការតាំងចិត្ត ការខិតខំសម្រេចជោគជ័យ និងជំនះរាល់ឧបសគ្គរបស់យើងទាំងអស់គ្នា។ លោកក៏បានសម្តែងនូវមោទកភាពដែលទទួលបានការចូលរួមពីសហសេវិកដ៏អស្ចារ្យ និងថ្លែងអំណរគុណដល់ដៃគូអាជីវកម្មនិងអតិថិជនដ៏មានតម្លៃសម្រាប់ការជឿទុកចិត្ត និងបន្តគាំទ្រធនាគារ ព្រីនស៍ ជាច្រើនឆ្នាំកន្លងមកនេះ។ សំខាន់ជាងនេះ គឺលោកពិតជាត្រេតអរ និងស្ងើចសរសើរជាពន់ពេកចំពោះការណែនាំ និងការគាំទ្រដែលមិនអាចកាត់ថ្លៃពីសំណាក់និយតករ។ លោកក៏បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងទ្វេដងបន្ថែមទៀត ដើម្បីនាំយកសេវាហិរញ្ញវត្ថុដែលមានគុណតម្លៃ និងគុណភាពខ្ពស់នៅកម្ពុជា។
ការប្រារព្ធខួបលើកទី៩ គឺជាពេលវេលានៃការឆ្លុះបញ្ចាំង និងការទន្ទឹងរង់ចាំនៃភាគីពាក់ព័ន្ធរបស់ធនាគារ រួមទាំងនិយោជិត អតិថិជន និងដៃគូអាជីវកម្ម ដើម្បីអបអរសាទរព្រឹត្តិការណ៍ដែលសម្រេចបាន និងឆ្ពោះទៅអនាគតប្រកបដោយសុទិដ្ឋិនិយម។ ដល់ពេលដែលត្រូវឈានជើងចូលទៅក្នុងជំពូកបន្ទាប់ ធនាគារ ព្រីនស៍ នៅតែបន្តប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់ខ្លួនក្នុងការក្លាយខ្លួនជាធនាគារកម្ពុជា ដែលបម្រើប្រជាជនកម្ពុជាជាមួយនឹងសេវាកម្មធនាគារដ៏ពិសេស និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
ប្រសិនបើអ្នកត្រូវការជំនួយ ឬពិគ្រោះយោបល់លើសេវាហិរញ្ញវត្ថុរបស់ ធនាគារ ព្រីនស៍ សូមទំនាក់ទំនងមកកាន់លេខ 1800 20 8888 (ឥតគិតថ្លៃ)។ បុគ្គលិកផ្នែកបម្រើសេវាអតិថិជនដែលរួសរាយរាក់ទាក់ និងទទួលបានការបណ្តុះបណ្តាលយ៉ាងល្អរបស់យើងត្រៀមខ្លួនជាស្រេចដើម្បីជួយអ្នក៕