ធនាគារ ព្រីនស៍ ម.ក សហការជាមួយនឹងសមាគមគ្រប់គ្រងហិរញ្ញវត្ថុនិងទីផ្សារអឺរ៉ុប (Efma) រៀបចំ វេទិកាវិស័យធនាគារក្នុងសម័យឌីជីថលលើកដំបូងគេនៅកម្ពុជា
ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩៖ ធនាគារ ព្រីនស៍ ម.ក សហការជាមួយសមាគមគ្រប់គ្រងហិរញ្ញវត្ថុនិងទីផ្សារអឺរ៉ុប ហៅកាត់ថា Efma ដែលជាស្ថាប័នអឺរ៉ុប ដែលទទួលបានការទទួលស្គាល់លំដាប់ថ្នាក់ពិភពលោក ដែលដើរតួនាទីក្នុងការសម្របសម្រួលទំនាក់ទំនងតភ្ជាប់ថ្នាក់ដឹកនាំដ៏មានឥទ្ធិពលនានានៅក្នុងវិស័យធនាគារ ធានារ៉ាប់រង និងហិរញ្ញវត្ថុ។
វេទិកានេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ក្រោមប្រធានបទ “ សេវាធនាគារសម្រាប់អតិថិជនសម័យថ្មី: បទពិសោធន៍បច្ចេកវិទ្យាទំនើប” ដែលមានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រងនៃវិស័យហិរញ្ញវត្ថុក្នុងតំបន់អាស៊ី ក៏ដូចជាវាគ្មិនអន្តរជាតិផងដែរ។
វេទិកាបានពិភាក្សាអំពីកាលានុវត្តភាពក៏ដូចជាបញ្ហាប្រឈមនានាដែលគ្រឹះស្ថានធនាគារក្នុងស្រុកនិងអន្តរជាតិជួបប្រទះនៅក្នុងការរៀបចំដំណើរការឌីជីថល ស្របទៅតាមភាពរីកចម្រើនផ្នែកបច្ចេកវិទ្យានៅទូទាំងពិភពលោកនិងបម្រែបម្រួលនៃតម្រូវការរបស់អតិថិជន។
កម្មវិធីនេះបានទទួលកិត្តិយសដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា។ វាគ្មិននៅក្នុងកម្មវិធីគឺរួមមានអ្នកជំនាញនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ដែលមានដូចជាលោក Michael Lor ទីប្រឹក្សាជាន់ខ្ពស់អាស៊ីប៉ាស៊ីហ្វិករបស់ Efma លោកបណ្ឌិត Christian Roland នាយកផ្នែក Agile Enablement នៃធនាគារ Siam Commercial Bank លោក Kazuya Sakakibara នាយកប្រតិបត្តិផ្នែកយុទ្ធសាស្រ្តបចេ្ចកវិទ្យាព័ត៌មានវិទ្យានិងការអភិវឌ្ឍផលិតផល នៃធនាគារ Jibun លោកស្រី Pui Fang Chow នៃធនាគារ DBS Bank Singapore និងលោកស្រី Supaneewan Chutrakul ដែលជាអនុប្រធានជាន់ខ្ពស់នៃធនាគារ Kasikorn Bank ។
ប្រធានបទសំខាន់ៗដែលបានពិភាក្សារួមមាន ៖
- និន្នាការនៃការវិវឌ្ឍក្នុងវិស័យឌីជីថល
- ដំណើរការរៀបចំសេវាធនាគារឌីជីថល
- ការប្រើប្រាស់បច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិ្មត (A.I)
- បទពិសោធន៍អតិថិជននិងបណ្តាញសេវាកម្មរបស់ធនាគារក្នុងសម័យឌីជីថល
- ប្រព័ន្ធធនាគារបើកចំហ
- ការរៀបចំបុគ្គលិកឲ្យស្របទៅតាមយុគសម័យឌីជីថល
- សេវាកម្មធនាគារឌីជីថលសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម