អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ២ លានដុល្លារបន្ថែមទៀតដើម្បីចូលរួមដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩របស់ប្រទេសឡាវ
អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនលឿនបំផុតរបស់កម្ពុជា បានបរិច្ចាគថវិកាចំនួន ២ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយដល់រដ្ឋាភិបាលឡាវ ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះដែរ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានបរិច្ចាគថវិកាចំនួន ១ លានដុល្លារអាមេរិក ម្តងរួចមកហើយកាលពីដើមខែកញ្ញាកន្លងមកនេះ។ គូសបញ្ជាក់ផងដែរ អំណោយទាំងពីរលើកត្រូវបានធ្វើឡើងដោយឆ្លើយតបទៅតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាកូវីដ-១៩ រវាងប្រទេសជិតខាងទាំងពីរ។
ការបរិច្ចាគនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញដោយលោក ហ្គុយ ឆាយ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលតំណាងជំនួសមុខអោយអ្នកឧកញ៉ា ចេន ហ្ស៊ី ដែលក្នុងនោះ អំណោយទាំងពីរលើកដែលមានទឹកប្រាក់សរុប ៣លានដុល្លារអាមេរិក ក្នុងគោលបំណងជួយប្រជាជនឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
សូមបញ្ជាក់ថា ៖ ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ច្រើនជាងគេនៅលើពិភពលោក អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មនៅក្នុងតំបន់មេគង្គ ដឹងយ៉ាងច្បាស់ថា តើវាមានសារៈសំខាន់យ៉ាងណាសម្រាប់ធុរកិច្ចកម្ពុជាក្នុងការជួយដល់ប្រទេសជិតខាងក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ជាសកលនេះ។ ក្នុងនាមជាសហគ្រាសឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក៏មានគោលបំណងចូលរួមចំណែកក្នុងតួនាទីនៃភាពជាអ្នកដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជាអំពីកិច្ចការក្នុងតំបន់ ខណៈដែលនេះជាពេលវេលាដ៏លំបាកមួយសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូល។
ព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមហ៊ុនពហុវិស័យឈានមុខគេដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធដូចជា ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ធនាគារ ព្រីនស៍ ម.ក ក្រុមហ៊ុនព្រីនស៍អចលនទ្រព្យហ័នយូ ក្រុមហ៊ុន Belt Road Capital Management ក្រុមហ៊ុន Awesome Global និងក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានឈានមុខគេសម្រាប់សកម្មភាពទំនួលខុសត្រូវសង្គម(CSR) នៅឆ្នាំនេះ។ ជាមួយកិច្ចការទំនួលខុសត្រូវសង្គមនេះហើយ ទើបក្រុមហ៊ុនចាប់ផ្តើមកម្មវិធីអាហារូបករណ៍ធំជាងគេបំផុតនៅប្រទេសកម្ពុជាគឺ «អាហារូបករណ៍ ចេន ហ្ស៊ី» ។ លើសពីនោះទៅទៀត ក្រុមហ៊ុនព្រីសន៍ ហូលឌីង គ្រុប បានទទួលពានរង្វាន់អន្តរជាតិចំនួនប្រាំបី និងនៅតែរក្សាបាននូវប្រតិបត្តិការអាជីវកម្ម បើទោះបីជាមានឧបសគ្គខ្លះៗក៏ដោយ។