ឥឡូវនេះ ធនាគារ ព្រីនស៍ ម.ក សហការជាមួយ ធនាគារសហគ្រាសធុនតូច និងមធ្យម ម.ក ផ្តល់ឥណទានសហគ្រាសធុនតូច និងមធ្យម ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគា្រសធុនតូច និងមធ្យម ជំហានទី២
ភ្នំពេញ [ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១] – ក្នុងការបន្តគាំទ្រដល់រដ្ឋាភិបាល និងធុរកិច្ចកម្ពុជាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ-១៩ ឥឡូវនេះ ធនាគារ ព្រីនស៍ បានចាប់ដៃគូជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីអនុវត្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ ដែលជាប្រភពហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម គឺជាកម្មវិធីមួយដែលផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ជូននូវហិរញ្ញប្បទាន ជាមួយអត្រាការប្រាក់ឥណទានដ៏សមរម្យ និងលក្ខខណ្ឌឥណទានមានភាពងាយស្រួល។ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២០ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SCFS) ជំហានទី១ បានអនុម័តដោយជោគជ័យផ្តល់ជូននូវឥណទានដែលមានតម្លៃស្មើនឹង ១០០លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់កំណត់ត្រឹម ៧% សម្រាប់ម្ចាស់អាជីវកម្មសហគ្រាសធុនតូចនិងមធ្យមចំនួន៧៥៣នាក់។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា“សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងសមធម៌ នៃសេដ្ឋកិច្ចកម្ពុជា។ ទោះជាយ៉ាងណា ក្នុងរយៈពេលពីរឆ្នាំនៃការឆ្លងកាត់បញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ វិស័យសហគ្រាសធុនតូច និងមធ្យមបានជួបផលលំបាកក្នុងការពង្រីក និង/ឬ រក្សាប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយសារតែខ្វះការគាំទ្រផ្នែកហិរញ្ញវត្ថុ ភាពលំបាកក្នុងការស្នើសុំប្រាក់កម្ចី និងអត្រាការប្រាក់ខ្ពស់។ ដោយចក្ខុវិស័យរបស់យើង គឺផ្តល់ដំណោះស្រាយហិរញ្ញវត្ថុល្អបំផុត និងក្លាយជាស្ថាប័នហិរញ្ញវត្ថុដែលជាជម្រើសទីមួយរបស់អតិថិជន យើងមានភាពសោមនស្សរីករាយ ក្នុងការបន្តការគាំទ្ររបស់យើងចំពោះកម្មវិធីហិរញ្ញប្បទាននេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ យើងសង្ឃឹមថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២នេះ អាចជួយដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសយើង និងជួយអតិថិជនអាជីវកម្មរបស់យើងឱ្យសម្រេចបាននូវគោលដៅអាជីវកម្មរបស់ពួកគេ។”
លោក លឹម អូន នាយកប្រតិបត្តិនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់យ៉ាងឆាប់រហ័សដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តអាជីវកម្មរបស់ខ្លួនឡើងវិញ និងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ខ្ញុំសូមថ្លែងអំណរគុណ និងទទួលស្គាល់ដោយស្មោះចំពោះធនាគារ ព្រីនស៍ ម.ក និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ សម្រាប់ការបន្តសហការគ្នានៅក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២នេះ” ។.
ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ ម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម ដែលស្នើសុំឥណទានសហគ្រាសធុនតូច និងមធ្យម នៅធនាគារ ព្រីនស៍ នឹងទទួលបានអត្រាការប្រាក់ពិសេសចាប់ពី ៦.៥% ក្នុងមួយឆ្នាំ ជាមួយនឹងទំហំឥណទានអតិបរមារហូតដល់ ៥០០,០០០ ដុល្លារអាមេរិក និងរយៈពេលឥណទានរហូតដល់ ៧ឆ្នាំ។
ធនាគារ ព្រីនស៍បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបម្រើអតិថិជនអាជីវកម្មថ្មី និងអតិថិជនអាជីវកម្មចាស់ ជាមួយឥណទានសហគ្រាសធុនតូច និងមធ្យមនេះ ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាផលិតផលឥណទានទូទៅផងដែរ។
អ្នកអាចស្នើសុំឥណទាននៅ ៣២ សាខារបស់ធនាគារ ព្រីនស៍ ម.ក ទូទាំងប្រទេស ឬទំនាក់ទំនងមកលេខ ១៨០០ ២០ ៨៨៨៨ នៅថ្ងៃនេះ ដើម្បីប្រឹក្សាជាមួយអ្នកជំនាញផ្នែកឥណទានរបស់ធនាគារ ព្រីនស៍ ម.ក (មិនគិតថ្លៃ)។