ព័ត៌មាន

ការផ្តោត​សំខាន់​លើ​អតិថិជន​របស់​ធនាគារ ព្រីនស៍ តាមរយៈ​សេវា​ធនាគារ​ឌីជីថល ជួយ​ជំរុញ​កំណើន

លោក ហ៊ន់ សុរចនា ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ព្រីនស៍ នៅក្នុង​បទសម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ឆ្លុះបញ្ចាំង​អំពី​វិធីសាស្ត្រ​របស់​ធនាគារ​ដែល​ផ្តោត​សំខាន់​លើ​អតិថិជន និង​ការគាំទ្រ​ដល់​យុទ្ធសាស្ត្រ​ឌីជីថល និង​ការពង្រីក​វត្តមាន​របស់ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ហិរញ្ញវត្ថុ​ដែល​កំពុង​កើនឡើង​។
 

Q- តើ​អ្វី​ជា​គោលបំណង​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី PRINCE Merchant App និង PRINCE Mobilebiz? តើ​ធនាគារ ព្រីនស៍ កំពុង​ពង្រឹង​ផ្នែក​ធនាគារ​សាជីវកម្ម​របស់ខ្លួន​មែន​ឬទេ ហើយ​ថា​តើ​អ្នកណា​ជា​អតិថិជន​គោលដៅ​របស់លោក​?

គោលបំណង​ដែល​យើង​នឹង​ដាក់ចេញ​នូវ​កម្មវិធី​ទូរស័ព្ទ​ទាំង​ ២ ​នេះ គឺ​ដើម្បី​ជួយ​អតិថិជន​សាជីវកម្ម​របស់​យើង​លើ​ការធ្វើ​អាជីវកម្ម​បែប​ឌីជីថល​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ទាំង​ប្រតិបត្តិការ និង​ការគ្រប់គ្រង ក៏ដូចជា​ការភ្ជាប់​ប្រតិបត្តិការ​ខាងក្រៅ និង​ខាងក្នុង​របស់​ពួកគេ​ឱ្យ​កាន់តែ​ប្រសើរ ជាពិសេស​ក្នុងកំឡុងពេល​មាន​ជំងឺ​រោគរាតត្បាត​នេះ ដែល​ខណៈ​ពេលនេះ ការធ្វើការ​ពី​ផ្ទះ​បាន​ក្លាយជា​បទដ្ឋាន​មួយ​ទៅហើយ​។

សម្រាប់​ការដាក់​ពាក្យស្នើសុំ​ពី​អតិថិជន​អាជីវកម្ម​ភាគច្រើន ផលិតផល​ទាំង​ ២ ​នេះ​អាច​សម្រួល​ដល់​ពួកគេ​ឱ្យទទួល​បាន​នូវ​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ​ជាង​មុន​។ សម្រាប់​អតិថិជន​ដែលជា​ក្រុមហ៊ុន​ធំៗ យើង​ក៏​កំពុង​បង្កើត​ការគ្រប់គ្រង​សាច់ប្រាក់ ខ្សែសង្វាក់​ផ្គត់ផ្គង់ ពាណិជ្ជកម្ម និង​ប្រតិបត្តិការ​ផលិតផល​ហិរញ្ញវត្ថុ ដែល​នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​នាពេល​អនាគត​។

សម្រាប់​សេវា​ធនាគារ​អាជីវកម្ម គោលដៅ​របស់​យើង គឺ​កសាង​ប្រព័ន្ធ​អេកូធនាគារ​ឌីជីថល ជាមួយ​ប្រព័ន្ធ​ឌីជីថល និង​ឧបករណ៍​ឌីជីថល​ដែលមាន​ឥទ្ធិពល​ជាង​មុន ដើម្បី តភ្ជាប់ និង​លើកកម្ពស់​អតិថិជន ដែល​ជួយ​ក្នុង​ការពង្រឹង​សមត្ថភាព​ឌីជីថល ការច្នៃប្រឌិត​គំរូ​អាជីវកម្ម និង​បទពិសោធន៍​សេវាកម្ម កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ហានិភ័យ ពង្រឹង​ការប្រកួតប្រជែង​ទីផ្សារ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ការអភិវឌ្ឍ​គុណភាព​ប្រកបដោយ​ចីរភាព​។

Q- តើ​អ្វី​ជា​ចំណុច​សំខាន់ៗ​នៃ​កម្មវិធី​ថ្មី​នេះ ហើយ​តើ​កម្មវិធី​នេះ​នឹង​ផ្តល់​បទពិសោធន៍​នៃ​ការទូទាត់​កាន់តែ​ងាយស្រួល ដល់​អតិថិជន​របស់លោក​យ៉ាង​ដូម្តេច​?

កម្មវិធី PRINCE Merchant App ផ្តល់ឱ្យ​អតិថិជន​រូបវន្តបុគ្គល​នូវ​ឧបករណ៍​គ្រប់គ្រង​ការគិត​លុយ​តាម​អនឡាញ ដែល​អនុញ្ញាត​ឱ្យ​អាជីវករ អាច​គ្រប់គ្រង​ក្រុមហ៊ុន​ធំ និង​ស្មុគស្មាញ​បាន​ស្រប​តាម​តម្រូវការ​អាជីវកម្ម​របស់​ពួកគេ និង​កំណត់​រចនាសម្ព័ន្ធ​អ្នកគ្រប់គ្រង​សាខា និង​បុគ្គលិក​គិតលុយ​។

អ្នក​អាច​ទាញយក QR កូដ សម្រាប់​ការទូទាត់​ដោយ​ខ្លួនឯង ហើយ​ដាក់​នៅក្នុង​ទីតាំង​ដែល​ត្រឹមត្រូវ​។ អ្នក​គិតលុយ​អាចបង្កើត​លេខ QR កូដ តាម​ពេលវេលា​ជាក់ស្តែង ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់ និង​ការបញ្ជាក់​របស់​អតិថិជន​។

ទាំង​អ្នកទទួល និង​អ្នក​បង់ប្រាក់ អាច​ទទួល​បាន​ព័ត៌មាន​ទូទាត់ និង​ទទួល​ប្រាក់​បាន​ភ្លាមៗ ហើយ​អ្នក​គិតលុយ អាច​សាកសួរ និង​គ្រប់គ្រង​ព័ត៌មាន​នៃ​ប្រវត្តិ​ប្រតិបត្តិការ សម្រាប់​ការផ្ទៀងផ្ទាត់ និង​របាយការណ៍​ហិរញ្ញវត្ថុ​។

វិធី​ទូទាត់​តាម​អនឡាញ​របស់​យើង ក៏​នឹង​ត្រូវដាក់​ដំណើរការ​នាពេល​ឆាប់ៗ​នេះ​ផងដែរ ដែល​អាចជួយ​ឱ្យ​អាជីវករ​យល់ដឹង​ពី​អាជីវកម្ម​អនឡាញ និង​ក្រៅ​បណ្តាញ​អ៊ីនធឺណិត​។

ដោយមាន​ជំនួយ​ពី​កម្មវិធី​នេះ យើង​អាច​យល់ដឹង​អំពី ការធ្វើ​អាជីវកម្ម​ឆ្លងកាត់​ធនាគារ និង​សូម្បីតែ​ឆ្លង​ប្រទេស ដើម្បី​ជួយ​ដល់​អាជីវករ​ក្នុង​ការបង្កើន​ចំនួន​អតិថិជន និង​បង្កើន​ប្រាក់ចំណូល​របស់​ពួកគេ​។ បន្ថែម​លើ​នេះ ការទូទាត់​តាម QR កូដ អាចជួយ​កាត់បន្ថយ ហានិភ័យ​នៃ​ការឆ្លង​មេរោគ ទាំង​អាជីវករ និង​អតិថិជន​របស់​ពួកគេ ហើយ​វា​ជួយ​កុំឱ្យ​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​សាច់ប្រាក់ ដែលជា​ប្រភព​នៃ​ការចម្លង​មេរោគ​មួយ​ដែរ​។
 

Q- តើ​ប្រព័ន្ធ​ឌីជីថល​នៃ​វិស័យ​ធនាគារ​បុគ្គល​របស់លោក កំពុង​វិវឌ្ឍន៍​យ៉ាងដូចម្តេច​? តើ​មាន​គម្រោង​ថ្មី​ត្រៀម​ដាក់​​ចេញ​ដែរឬទេ​?

ចាប់តាំងពី​ធនាគារ ព្រីនស៍ បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ធនាគារ​ឌីជីថល​របស់​ខ្លួន « PRINCE Mobile» នៅ​ខែតុលា ឆ្នាំ​ ២០១៩ កម្មវិធី​នេះ​ត្រូវបាន​កែលម្អ​ជា​បន្តបន្ទាប់ ជាមួយ​នឹង​មុខងារ និង​ផលិតផល​កាន់តែ​ល្អប្រសើរ និង​បទពិសោធ​អ្នកប្រើប្រាស់​កាន់តែ​ប្រសើរ ហើយ​ត្រូវបាន​វាយតម្លៃថា​ជា «​ធនាគារ​ឌីជីថល​ដែលមាន​ការរីកចម្រើន​លឿន​បំផុត​»​។

ជាមួយ​លក្ខណៈពិសេស​បច្ចុប្បន្ន ដែល​យើង​មាននៅ​ក្នុង​កម្មវិធី​ទូរសព្ទ័ PRINCE Mobile អតិថិជន​អាច​ចូលទៅ​ប្រើ​គណនី​ធនាគារ​របស់​ពួកគេ​បាន​យ៉ាង​ងាយស្រួល និង​អាចធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​បានជា​ច្រើន​ប្រភេទ ដូចជា​ការផ្ទេរ​ប្រាក់​ក្នុងស្រុក​បាន​ភ្លាមៗ តាមរយៈ​កម្មវិធី​ទូទាត់​បាគង និង​ប្រព័ន្ធ​រីធែលផេ ការទូទាត់​វិក្កយបត្រ ការទូទាត់​ប្រាក់​តាម QR កូដ ស្នើសុំ​កម្ចី និង​ដាក់​ប្រាក់​បញ្ញើ បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ និង​មុខងារ​ជាច្រើន​ទៀត​។

ក្នុងពេល​ឆាប់ៗ​នេះ យើង​នឹង​ដាក់ឱ្យ​ដំណើរការ​មុខងារ​ថ្មី​មួយទៀត​ដូចជា រង្វាន់​ពិន្ទុ​ព្រីនស៍ ការទូទាត់​តាមរយៈ​អនឡាញ ប័ណ្ណឥណទាន និង​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​។ ទាំងនេះ​នឹង​បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​វេទិកា​ធនាគារ​ឌីជីថល និង​បង្កើន​សមត្ថភាព​សេវាកម្ម​ហិរញ្ញវត្ថុ​បន្តិច​ម្តងៗ ទៅដល់​ដៃគូ​សហការ​។

Q- ជាមួយ​នឹង​ការកើនឡើង​នៃ​សេវាកម្ម​ធនាគារ​ឌីជីថល​នៅ​ទូទាំង​ពិភពលោក វិស័យនេះ​ក៏ត្រូវ​បាន​គេ​មើលឃើញ​ថា​បាន​ពើបប្រទះ​នឹង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ​។ តើ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា​របស់​ធនាគារ​មាន​សុវត្ថិភាព​កម្រិតណា​ ដើម្បី​ចៀសវាង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​នេះ​?

ប្រតិបត្តិការ​ប្រកបដោយ​សុវត្ថិភាព និង​ស្ថិរភាព គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍន៍​អាជីវកម្ម​ធនាគារ ជាពិសេស​គឺ​ធនាគារ​ឌីជីថល​។ យើង​បាន​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការវិនិយោគ​លើ​សន្តិសុខ​ព័ត៌មាន​ជា​រៀងរាល់ឆ្នាំ ដើម្បី​តាមដាន​ការវាយលុក និង​ការពារ​ហានិភ័យ និង​បណ្តាញ​កសាង​ប្រព័ន្ធ​ស្ថាបត្យកម្ម​សន្តិសុខ​ព័ត៌មាន​ពហុវិមាត្រ​របស់​យើង​។

បើ​និយាយ​អំពី​ការអភិវឌ្ឍន៍​ទេពកោសល្យ ប្រព័ន្ធ​បច្ចេកវិទ្យា និង​ប្រតិបត្ដិការ គឺ​យើង​ក៏​កំពុង​ពង្រឹង​ឥតឈប់ឈរ​។ ការផ្តល់​ដំណោះស្រាយ​កាត់បន្ថយ​ហានិភ័យ និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ស្វ័យ​ប្រវត្ដិ​មាន​ប្រសិទ្ធភាព​កម្រិតណា ការវិភាគ​ និង​ការកែសម្រួល​ការត្រួតពិនិត្យ ដែលមាន​ស្រាប់​ក៏​ត្រូវបាន​យកចិត្តទុកដាក់​ខ្លាំង​ប៉ុណ្ណោះ​ដែរ ដើម្បី​ធានាថា​ការវាយប្រហារ​ថ្មីៗ​ និង​ការគំរាមកំហែង​តាម​អ៊ីនធឺណិត​ និង​អាច​ត្រូវបាន​កាត់បន្ថយ​យ៉ាង​មាន​ប្រសិទ្ធិភាព​។ ដំណោះស្រាយ​ធនាគារ​ឌីជីថល​របស់​យើង​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​តែមួយ​គឺ​ផ្តល់ជូន​នូវ​សេវាកម្ម​ធនាគារ​ប្រកបដោយ​សុវត្ថិភាព​ដល់​អតិថិជន​របស់​យើង​។

Q- ជាមួយ​នឹង​ផលិតផល​ឌីជីថល​ទាំងអស់នេះ តើ​អ្នកណា​ជា​ទីផ្សារ​គោលដៅ​របស់លោក​នៅក្នុង​ប្រទេស​កម្ពុជា​? តើ​លោក​មានបំណង​ពង្រីក​ផ្នែក​សេវាកម្ម​ធនាគារ​បុគ្គល​ដែរឬទេ​?

យើង​មិន​ត្រឹមតែ​កំណត់​ទិសដៅ​ផ្នែក​សេវាកម្ម​ធនាគារ​បុគ្គល ដែលជា​ផ្នែក​សំខាន់​មួយ​ដ៏សំខាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ផ្តល់​អាទិភាព​ដល់ដៃ​គូ​អាជីវកម្ម​របស់​យើង​ផងដែរ នេះហើយ​ជា​មូលហេតុ ដែល​ឆាប់ៗ​នេះ យើង​នឹង​បង្ហាញ​នូវ​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ចំនួន ​២ ដើម្បី​បម្រើ​ដៃគូ​អាជីវកម្ម និង​អាជីវករ​របស់​យើង ដែល​ផ្តល់ឱ្យ​ពួកគេ​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ល្អៗ ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម និង​ជួយ​ដល់​ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​របស់​ពួកគេ​។

Q- យោងតាម​របាយការណ៍​ឆ្នាំ​ ២០១៩ របស់លោក​, មូលដ្ឋាន​អតិថិជន​របស់​ធនាគារ​គឺ​បាន​លោត​ពី​ចំនួន ២,២៦៣ នាក់​ក្នុង​ឆ្នាំ​ ២០១៨ ទៅដល់ ១១,២៥២ នាក់ ក្នុង​ឆ្នាំ​ ២០១៩​។ តើ​អ្វី​ជា​មូលដ្ឋាន​អតិថិជន​បច្ចុប្បន្ន ហើយ​តើ​ធនាគារ​ឌីជីថល​បាន​ចូលរួមចំណែក​យ៉ាងដូចម្តេច​ចំពោះ​កំណើន​ដ៏អស្ចារ្យ​នេះ​?

យើង​បាន​បន្ត​រីកចម្រើន ហើយនឹង​ឈានដល់​កំណើន​ ១០ ​ដង​នៅ​ចុងឆ្នាំ​នេះ​។ ទាំងអស់នេះ​គឺ​ដោយសារតែ​អតិថិជន​របស់​យើង បាន​គាំទ្រ​យើង​រហូតមក ទើប​ធ្វើឱ្យ​យើង​សម្រេចបាន​ដូច​ពេលនេះ​។ ផលិតផល​ឌីជីថល​ដែល​ផ្តោត​សំខាន់​លើ​អតិថិជន​របស់​យើង​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការរួមចំណែក​ដល់​ការរីកចម្រើន​ដ៏អស្ចារ្យ​នេះ​។

យើង​នឹង​បន្ត​ដាក់ឱ្យ​ប្រើប្រាស់​ផលិតផល​/​សេវាកម្ម​ថ្មីៗ ដើម្បី​បន្ត​ និង​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន ទាំង​តាម​វិធី​បុរាណ និង​ឌីជីថល​។ អតិថិជន​របស់​យើង​នឹង​បន្ត​មើលឃើញថា​យើង គឺ​កំពុង​នាំមុខគេ​ផ្នែក​ការច្នៃប្រឌិត និង​ការអភិវឌ្ឍន៍​លក្ខណៈពិសេស និង​ផលិតផល​ថ្មីៗ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ពួកគេ​។

Q- ខណៈ​ធនាគារ ព្រីនស៍ កំពុង​ពង្រីក​ខ្លួន​យ៉ាងខ្លាំង​នៅក្នុង​វិស័យ​ឌីជីថល ធនាគារ​ក៏​កំពុង​ពង្រឹង​វត្តមាន​របស់ខ្លួន​ផងដែរ​។ បច្ចុប្បន្ន​ធនាគារ​មាន ៣១ សាខា បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ មានតែ​ ៩ ​សាខា​។ តើ​លោក​អាច​ពន្យល់​អំពី​ការកើនឡើង​នេះ​បានទេ​?

ចក្ខុវិស័យ​របស់​យើង គឺ​ដើម្បី​ក្លាយជា​ធនាគារ​ឌីជីថល​ដែលមាន​ការរីកចម្រើន​លឿន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ទោះយ៉ាងណា​យើង​ក៏មាន​បំណង​ផ្តល់នូវ​បទពិសោធន៍​ដ៏អស្ទារ្យ​របស់​យើង​ដល់​អតិថិជន ក៏ដូចជា​គ្របដណ្តប់​ទាំង​អនឡាញ និង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត​។

បច្ចុប្បន្ន យើង​មាន ៣១ សាខា និង​សាខា​ថ្មី​មួយទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​ក្នុងពេល​ឆាប់ៗ ដែលនាំឱ្យ​យើង​មាន​សាខា​សរុប​ចំនួន ៣២​។ ជាមួយនឹង​ទីតាំង​ម៉ាស៊ីន ATM បច្ចុប្បន្ន​យើង​មាន​ទីតាំង ATM សរុប​ចំនួន ៦៧ ទីតាំង នៅ​ទូទាំង​ប្រទេស ហើយ​ឆាប់ៗ​នេះ​យើង​នឹងមាន​កម្មវិធី​ធនាគារ​ចល័ត​ចំនួន​ ៣ ​សម្រាប់​បម្រើ​អតិថិជន​ផ្សេងៗ​គ្នា​។ យើង​មាន​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការពង្រីក​បណ្តាញ និង​សាខា​របស់​យើង ដើម្បី​បម្រើ​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរឡើង​។

នៅ​គ្រប់​សាខា​ទាំងអស់ គឺ​យើង​បាន​អនុវត្ត​យ៉ាង​តឹងរឹង​នូវ​វិធានការណ៍​ការពារ ដើម្បី​ធានា​សុវត្ថិភាព​ដល់​បុគ្គលិក និង​អតិថិជន​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ធនាគារ​ជាមួយ​យើង​។ ជាមួយ​វិធានការ​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ភាពងាយស្រួល ព្រមទាំង​សុវត្ថិភាព​នៃ​ប្រព័ន្ធ​អនឡាញ យើង​មាន​គោលបំណង​បម្រើ​អតិថិជន​របស់​យើង​ជា​បន្តបន្ទាប់ ដើម្បីឱ្យ​ពួកគេ​អស់​កង្វល់​ក្នុង​ចិត្ត និង​មាន​សុវត្តិភាព​៕