ព័ត៌មាន

ធនាគារ ព្រីនស៍ និងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ ព្រមទាំងក្រុមហ៊ុន ID Capital បានចាប់ដៃគូក្នុងកិច្ចជំរុញការអភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជា

[ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣] ធនាគារ ព្រីនស៍ ម.ក ជាធនាគារពាណិជ្ជមួយដែលរីកចម្រើនលឿនបំផុត និងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ព្រមទាំងក្រុមហ៊ុនID Capital (IDC) បានភ្ជាប់ភាពជាដៃគូសហការនៅថ្ងៃនេះ ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានកាន់តែប្រសើរបន្ថែមទៀតដល់សហគ្រិនកម្ពុជា និងម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិកនៃសមាគម IDI និងIDC សម្រាប់កំណើនអាជីវកម្មនៅវិស័យឧស្សាហកម្មនីមួយៗ ដោយគាំទ្រការច្នៃប្រឌិតនៃអាជីវកម្ម។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ រវាងលោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC នៅការិយាល័យកណ្តាលរបស់ធនាគារ ព្រីនស៍ ដែលមានទីតាំងនៅអគារព្រីនស៍ភ្នំពេញ ផោវើរ។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ព្រីនស៍ ផងដែរ រួមមាន លោកLooi Kok Soon អនុប្រធាននាយកប្រតិបត្តិ លោកLeslie Lee នាយកប្រតិបត្តិចែកចាយ លោកAlex Lim នាយកនាយកដ្ឋានទំនាក់ទំនងសាជីវកម្ម និងទីផ្សារ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមIDI និងក្រុមហ៊ុនID Capital រួមមាន លោក ចាប សុភ័គ ប្រធានលេខាធិការដ្ឋានសមាគម IDI និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន IDC លោក អ៊ុច សោភ័ណ សមាជិកក្រុមប្រឹក្សាភិបាល លោក សៀង ឆាង សមាជិកក្រុមប្រឹក្សាភិបាល លោក សុខ វឌ្ឍនៈ នាយកប្រតិបត្តិវិនិយោគ និងអាជីវកម្ម និងអ្នកស្រី ប៉ាន់ អម្រឹតធីតា នាយកប្រតិបត្តិប្រតិបត្តិការ។

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖ “ដោយមានចក្ខុវិស័យក្នុងការរួមចំណែកឆ្ពោះទៅរកការអភិវឌ្ឍន៍ និងគាំទ្រសហគ្រិន ព្រមទាំងធុរកិច្ចកម្ពុជា ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក ធនាគារ ព្រីនស៍ បានត្រៀមខ្លួនរួចជាស្រេច ដោយប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ និងការផ្តល់ប្រឹក្សាអាជីវកម្មនានា ហើយយើងជឿជាក់ថា តាមរយៈបណ្តាញ IDI និងIDC យើងអាចទំនាក់ទំនងទៅកាន់សហគ្រិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម នៅទូទាំងឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ នៅពេលដ៏ត្រឹមត្រូវ និងសមស្រប ដើម្បីពង្រីកគម្រោងអាជីវកម្មដែលមានស្រាប់ និងថ្មីបន្ថែមទៀត។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ IDI និងIDC ដើម្បីបង្កើតជាកញ្ចប់ផលិតផលហិរញ្ញវត្ថុពិសេស​ និងជាក់លាក់ទៅតាមប្រភេទអាជីវកម្មនីមួយៗ ដែលពន្លឿនការទទួលបានជំនួយ និងដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុត។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អាជីវកម្មថ្មីដែលត្រៀមរួចរាល់ក្នុងការបង្ហាញខ្លួនក្នុងទីផ្សារ ហើយជាមួយគ្នាផងដែរ នេះក៏អាចទ្រទ្រង់ដល់កំណើនរបស់កម្ពុជា ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ។”

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC ក៏បានបញ្ជាក់ដែរថា៖ “ដោយសារឥទ្ធិពលដូមីណូ​ ក្នុងសេដ្ឋកិច្ចពិភពលោក បានបង្កើតជាបញ្ហាប្រឈមដល់វិនិយោគិន និងធុរកិច្ចក្នុងស្រុក ក្នុងការស្វែងរកដើមទុនសម្រាប់អភិវឌ្ឍគម្រោងអាជីវកម្មថ្មីដែលបានគ្រោងទុក។ ការដែលយើងមានធនាគារ ព្រីនស៍ ជាដៃគូសហការក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុ នឹងបង្កើនឱកាសកាន់តែច្រើនសម្រាប់សហគ្រិនក្នុងស្រុក ក្នុងការបង្កើនអាជីវកម្មដែលមានស្រាប់ ហើយថែមទាំងអាចវិនិយោគលើអាជីវកម្មថ្មីៗ ដែលត្រៀមចូលទៅក្នុងទីផ្សារផងដែរ។ ក្នុងនាមជាមជ្ឈមណ្ឌលវិនិយោគឈានមុខគេនៅក្នុងកម្ពុជា យើងកំពុងស្វែងរកលទ្ធភាពថ្មីៗ និងត្រួសត្រាយផ្លូវសម្រាប់ឧស្សាហកម្មអាជីវកម្មក្នុងស្រុករបស់យើង ដើម្បីអភិវឌ្ឍបន្ថែមទៀតទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ។ ការផ្តោតសំខាន់នាពេលបច្ចុប្បន្នរបស់យើង គឺទៅលើឧស្សាហកម្មផលិតផលនាំចេញ ដូចជា អង្ករ ម្រេច និងទឹកឃ្មុំ ហើយយើងកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធលើដំណោះស្រាយការនាំចេញឱ្យកាន់តែប្រសើរឡើង ពីក្នុងស្រុកទៅក្រៅប្រទេស ដូចជាសហរដ្ឋអាមេរិក ចិន និងបណ្តាប្រទេសនៅអឺរ៉ុប។ ហើយជាការពិតណាស់ នៅក្នុងផ្នែកនេះ ធនាគារ ព្រីនស៍ នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ជូនយើងនូវដំណោះស្រាយផ្នែកហិរញ្ញប្បទានពាណិជ្ជកម្ម »។

នៅក្នុងកិច្ចសហប្រតិបត្តិការនេះ IDI និង IDC គឺជាមជ្ឈមណ្ឌលវិនិយោគចម្បងដែលជួយសហគ្រិន ក្នុងការកំណត់គម្រោងវិនិយោគ និងសម្រេចបាននូវផលចំណេញពីការវិនិយោគខ្ពស់ តាមរយៈការកសាងបណ្តាញវិនិយោគិនដ៏រឹងមាំ។ ទន្ទឹមនឹងនេះ ធនាគារ ព្រីនស៍ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុស្នូលដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់សមាជិកចំនួន១០១ របស់ IDI និង IDC ដែលត្រូវការដើមទុន ដើម្បីវិនិយោគ ឬពង្រីកក្រុមហ៊ុនរបស់ពួកគេ និងគម្រោងអាជីវកម្មថ្មីៗដែលត្រៀមខ្លួនរួចរាល់សម្រាប់ការចុះបញ្ជី។ យើងផ្តល់ជូននូវការប្រឹក្សាអំពីការវិនិយោគ និងប្រតិបត្តិការអាជីវកម្មលើផ្នែកហិរញ្ញវត្ថុ ដើម្បីជួយឱ្យសហគ្រិនគ្រប់រូបសម្រេចបាននូវចក្ខុវិស័យ និងគោលដៅរបស់ពួកគេ ដោយមិនកំណត់ចំពោះប្រភេទអាជីវកម្មនោះទេ។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងមកសេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ 1800 20 8888 (ឥតគិតថ្លៃ)។