ព័ត៌មាន

ធនាគារ ព្រីនស៍ ម.ក និងផ្លាហ្សា ព្រីមៀ ឡញ ពង្រីកភាពជាដៃគូសហការ ផ្តល់ជូននូវការប្រើប្រាស់សាលសម្រាករង់ចាំលំដាប់ពិភពលោកនៅអាកាសយានដ្ឋាន ដោយមិនគិតថ្លៃសម្រាប់អតិថិជនរបស់ធនាគារ ព្រីនស៍

[ភ្នំពេញ ថ្ងៃទី06 ខែមេសា ឆ្នាំ2022]នៅថ្ងៃនេះ ធនាគារ ព្រីនស៍ ម.ក និងផ្លាហ្សា ព្រីមៀ ឡញ បានចុះហត្ថលេខាលើការពង្រីកភាពជាដៃគូសហការ ក្នុងពិធីចុះហត្ថលេខានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបន្តផ្តល់ជូនការចូលប្រើប្រាស់ដោយមិនគិតថ្លៃ នៅផ្លាហ្សាព្រីមៀ ឡញ និងដៃគូសហការរបស់ផ្លាហ្សា ព្រីមៀ ឡញ សម្រាប់អតិថិជនរបស់ធនាគារ ព្រីនស៍។

សាលសម្រាករង់ចាំនៅអាកាសយានដ្ឋានបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់អ្នកដំណើរ ដែលផ្តល់នូវកន្លែងសម្រាក និងការបញ្ចូលថាមពល ក្នុងអាកាសយានដ្ឋានដែលមានដំណើរការយ៉ាងដ៏មមាញឹក។ អតិថិជនមួយចំនួនរបស់ធនាគារ ព្រីនស៍ បានរីករាយនឹងការចូលប្រើប្រាស់ផ្លាហ្សា ព្រីមៀ ឡញ ដោយមិនគិតថ្លៃ ចាប់តាំងពីឆ្នាំ2020 ហើយឥឡូវនេះ យើងកំពុងពង្រីកភាពជាដៃគូសហការរបស់យើង ដើម្បីបន្តនាំយកនូវសេវាកម្ម និងបទពិសោធន៍លំដាប់ពិភពលោកជូនដល់អតិថិជនរបស់ធនាគារ ព្រីនស៍ ដែលពេញចិត្តនឹងកម្រិតនៃសេវាកម្ម ផាសុកភាព និងភាពងាយស្រួល ក្នុងអំឡុងពេលធ្វើដំណើរនៅអាកាសយានដ្ឋាន។

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា “យើងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរសម្រាប់អតិថិជនរបស់យើង ដើម្បីឱ្យការធ្វើដំណើររបស់ពួកគេ ទទួលបានការពង្រឹងដោយភាពងាយស្រួល ផាសុកភាព និងការធ្វើដំណើរដោយភាពទាន់សម័យ។” លោកបានបន្ថែមទៀតថា “នៅពេលដែលយើងកំពុងមើលឃើញជាបណ្តើរៗពីភាពវិជ្ជមាន នៃការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញ ជាពិសេសក្នុងចំណោមអ្នកធ្វើដំណើរអាជីវកម្ម និងតម្រូវការជាច្រើនរបស់អ្នកធ្វើដំណើរកម្សាន្ត អត្ថប្រយោជន៍នៃប័ណ្ណទាំងនេះប្រាកដជាទទួលបានភាពពេញនិយមពីអតិថិជនរបស់យើង។”​

លោកបានមានប្រសាសន៍ទៀតថា​“ធនាគារ ព្រីនស៍ បានបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងខ្លា លើគ្រប់មធ្យោបាយ ដើម្បីនាំយកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត សម្រាប់បម្រើតម្រូវការរបស់អតិថិជនរបស់យើង ដែលសមស្របទៅតាមដំណាក់កាលនៃជីវិតរបស់ពួកគេ ដូចថ្មីៗនេះ យើងទើបតែបានណែនាំសេវាបង់ផ្តាច់ឥណទានគេងដ្ឋាន ដែលផ្តល់ជូននូវអត្រាការប្រាក់ទាបបំផុតក្នុងក្រុងត្រឹមតែ 6.68% ជាមួយនឹងកម្រៃសេវាអនុម័តឥណទានដោយមិនគិតថ្លៃ ដែលរួមផ្សំជាមួយនឹងភាពងាយស្រួលនៃការស្នើសុំ និងការបង់សងត្រឡប់ ព្រមទាំងផលិតផលថ្មីៗជាច្រើនទៀត ដែលនឹងដាក់ឱ្យដំណើរការក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។”

“ជាដំបូង យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការបន្តភាពជាដៃគូជាមួយធនាគារ ព្រីនស៍ ក្នុងការផ្តល់សេវាកម្មអាកាសយានដ្ឋានដ៏ទំនើប ជូនដល់អតិថិជនរបស់ធនាគារ។ នេះគឺជាឱកាសដ៏រំភើបមួយសម្រាប់ផ្លាហ្សា ព្រីមៀ គ្រុប នៅពេលដែលយើងអាចបន្តពង្រឹងទំនាក់ទំនងអាជីវកម្មរបស់យើង ជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។ គោលបំណងរបស់យើង គឺដើម្បីពង្រីកសេវាកម្មបដិសណ្ឋារកិច្ចអាកាសយានដ្ឋានលំដាប់ពិភពលោក 360 ដឺក្រេ និងបរិក្ខារនានានៅក្នុងប្រទេសកម្ពុជា ហើយយើងកំពុងស្ថិតនៅវិថីឆ្ពោះទៅរកគោលដៅរបស់យើង ជាពិសេសក្នុងអំឡុងពេលនៃការបើកការធ្វើដំណើរឡើងវិញនេះ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវសេវាកម្មបដិសណ្ឋារកិច្ចអាកាសចរណ៍លំដាប់លេខមួយដែល ទទួលបានពានរង្វាន់ រួមមានសាលសម្រាករង់ចាំនៅអាកាសយានដ្ឋាន ការជួបប្រជុំនៅអាកាសយានដ្ឋាន(Airport Meet & Greet) សណ្ឋាគារអាកាសយានដ្ឋានក្នុងស្ថានីយរង់ចាំ(In Terminal Airport Hotel) អាហារដ្ឋាននៅអាកាសយានដ្ឋាន(Airport Dinning) និងសេវាកម្មអាកាសយានដ្ឋានលំដាប់កំពូលផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។”មានប្រសាសន៍ដោយលោកCavin Loh ប្រធាននាយកប្រចាំតំបន់នៃផ្នែកលក់ និងទីផ្សារ ប៉ែកអាស៊ីអាគ្នេយ៍។ ផ្លាហ្សា ព្រីមៀ ឡញ គឺជាបណ្តាញសាលសម្រាករង់ចាំនៅអាកាសយានដ្ឋាន ឯករាជ្យធំជាងគេបំផុតលំដាប់ពិភពលោក ដែលផ្តល់នូវកន្លែងជាមួយនឹងសេវាកម្ម និងគ្រឿងបរិក្ខារលំដាប់កំពូលសម្រាប់អ្នកធ្វើដំណើរចេញ ធ្វើដំណើរឆ្លងកាត់ និងការធ្វើដំណើរមកដល់ នៅតាមអាកាសយានដ្ឋានធំៗជុំវិញពិភពលោក។

ជាមួយនឹងការពង្រីកភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ព្រីនស៍ ដែលមានប័ណ្ណដូចខាងក្រោមអាចចូលប្រើប្រាស់ផ្លាហ្សា ព្រីមៀ ឡញ និងសាលសម្រាករង់ចាំរបស់ភាគីទីបី ដែលជាដៃគូសហការរបស់ផ្លាហ្សា ព្រីមៀ ឡញ នៅទូទាំងពិភពលោករហូតដល់ 1280កន្លែង នៅក្នុង148ប្រទេសផ្សេងៗគ្នា។ ម្ចាស់ប័ណ្ណអេធីអឹមសេវាធនាគារអាទិភាពរបស់ធនាគារ ព្រីនស៍ នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន04ដងក្នុងមួយឆ្នាំ  សម្រាប់ម្ចាស់ប័ណ្ណឥណទាន/ឥណពន្ធម៉ាស្ទ័រកាតPlatinumនឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន06ដងក្នុងមួយឆ្នាំ សម្រាប់ប័ណ្ណឥណទាន/ឥណពន្ធវីសាPlatinumនឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន 06ដងក្នុងមួយឆ្នាំ ហើយសម្រាប់ប័ណ្ណឥណទានយូភីអាយDiamond នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន 08ដងក្នុងមួយឆ្នាំ ។

ប្រសិនបើលោកអ្នកមិនទាន់មានប័ណ្ណណាមួយខាងលើទេ សូមស្នើប័ណ្ណអេធីអឹមសេវាធនាគារអាទិភាពរបស់ធនាគារ ព្រីនស៍ ឬប័ណ្ណធនាគារ ព្រីនស៍ Platimum/Diamond ប្រភេទណាមួយ នៅថ្ងៃនេះ ដើម្បីរីករាយជាមួយនឹងឯកសិទ្ធិភាព និងការផ្ដល់ជូនដ៏អស្ចារ្យពី ធនាគារ ព្រីនស៍ ម.កនិងផ្លាហ្សា ព្រីមៀ ឡញ។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្ម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងកាន់សេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ1800 20 8888។