លោក Tan Sri Muhammad Bin Ibrahim គឺជាអភិបាលឯករាជ្យមិនប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ជាង៣០ឆ្នាំ ក្នុងវិស័យធនាគារ ធានារ៉ាប់រង ហិរញ្ញវត្ថុ គោលនយោបាយរូបិយវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។ នៅឆ្នាំ២០១០ លោក Tan Sri Muhammad ត្រូវបានតែងតាំងជាទេសាភិបាលរង នៃ ធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ី (Bank Negara Malaysia)។ បន្ទាប់ពីបានបំពេញតួនាទីជាទេសាភិបាលរងចំនួនពីរអាណត្តិរួចមក លោក Tan Sri Muhammad ត្រូវបានតែងតាំងជាទេសាភិបាលទី៨ នៃធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ី ចាប់ពីខែឧសភា ឆ្នាំ២០១៦ រហូតដល់ខែមិថុនា ឆ្នាំ២០១៨។ ក្នុងអំឡុងពេលបំពេញការងារ នៅធនាគារកណ្តាល លោកបានដឹកនាំត្រួសត្រាយបង្កើតនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាច្រើន រួមទាំងការដឹកនាំក្រុមការងារដើម្បីធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ការរៀបចំគោលនយោបាយរូបិយវត្ថុ ស្ថិរភាពហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង ការប្តូររូបិយប័ណ្ណបរទេស ការរៀបចំបទប្បញ្ញត្តិ និងការត្រួតពិនិត្យធនាគារ ប្រតិបត្តិការវិនិយោគ ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងទីផ្សារហិរញ្ញវត្ថុ។
ក្នុងតួនាទីជាទេសាភិបាល លោក Tan Sri Muhammad បានធ្វើការពង្រឹង និងផ្សព្វផ្សាយសេវាហិរញ្ញវត្ថុ ដល់សាធារណៈជនម៉ាឡេស៊ី ពាក់ព័ន្ធការអប់រំផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ។ លោកបានជ្រោមជ្រែងការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងដាក់បច្ចេកវិទ្យាហរិញ្ញវត្ថុជារបៀបវារៈនៃគោលដៅមុខគេ។ មិនតែប៉ុណ្ណោះ លោកTan Sri Muhammad ក៏បានជំរុញការយល់ដឹងអំពីក្រមសីលធម៌ និងការអប់រំរយៈពេលវែង សំដៅជម្រុញឲ្យការអនុវត្តក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈខ្ពស់។
យោងលើជំនាញរបស់លោក លោកTan Sri Muhammad ត្រូវបានអញ្ជើញឱ្យធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុនផ្សេងៗ រួមមានជាអាទិ៍ ក្រុមហ៊ុនPetronas ក្រុមហ៊ុនMalaysian Deposit Insurance Corporation ជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានAsian Institute of Finance ទីភ្នាក់ងារthe Financed Accreditation Agency អាជ្ញាធរLabuan Financial Services Authority និងមជ្ឈមណ្ឌលInternational Centre for Education in Islamic Finance។
បច្ចុប្បន្ន លោកជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន GDEX Berhad និង Hexstar Technology Solutions Berhad ផងដែរ ។
លោក Tan Sri Muhammad ជាគណនេយ្យករជំនាញនៃវិទ្យាស្ថានគណនេយ្យករម៉ាឡេស៊ី(Malaysian Institute of Accountant) ព្រមទាំងជាអ្នកជំនាញវិជ្ជាជីវៈធនាគារម្នាក់ផងដែរ។លោកទទួលបានសញ្ញាប័ត្រអុនបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យ Harvard និងសញ្ញាប័ត្រអុនបណ្ឌិតផ្នែក Science in Islamic Banking and Finance នៅសាកលវិទ្យាល័យInternational Islamic University។