ការផ្តោតសំខាន់លើអតិថិជនរបស់ធនាគារ ព្រីនស៍ តាមរយៈសេវាធនាគារឌីជីថល ជួយជំរុញកំណើន
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិធនាគារ ព្រីនស៍ នៅក្នុងបទសម្ភាសជាមួយកាសែតភ្នំពេញប៉ុស្តិ៍ បានឆ្លុះបញ្ចាំងអំពីវិធីសាស្ត្ររបស់ធនាគារដែលផ្តោតសំខាន់លើអតិថិជន និងការគាំទ្រដល់យុទ្ធសាស្ត្រឌីជីថល និងការពង្រីកវត្តមានរបស់ខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុដែលកំពុងកើនឡើង។
Q- តើអ្វីជាគោលបំណងនៃការដាក់ឱ្យប្រើប្រាស់កម្មវិធី PRINCE Merchant App និង PRINCE Mobilebiz? តើធនាគារ ព្រីនស៍ កំពុងពង្រឹងផ្នែកធនាគារសាជីវកម្មរបស់ខ្លួនមែនឬទេ ហើយថាតើអ្នកណាជាអតិថិជនគោលដៅរបស់លោក?
គោលបំណងដែលយើងនឹងដាក់ចេញនូវកម្មវិធីទូរស័ព្ទទាំង ២ នេះ គឺដើម្បីជួយអតិថិជនសាជីវកម្មរបស់យើងលើការធ្វើអាជីវកម្មបែបឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព ទាំងប្រតិបត្តិការ និងការគ្រប់គ្រង ក៏ដូចជាការភ្ជាប់ប្រតិបត្តិការខាងក្រៅ និងខាងក្នុងរបស់ពួកគេឱ្យកាន់តែប្រសើរ ជាពិសេសក្នុងកំឡុងពេលមានជំងឺរោគរាតត្បាតនេះ ដែលខណៈពេលនេះ ការធ្វើការពីផ្ទះបានក្លាយជាបទដ្ឋានមួយទៅហើយ។
សម្រាប់ការដាក់ពាក្យស្នើសុំពីអតិថិជនអាជីវកម្មភាគច្រើន ផលិតផលទាំង ២ នេះអាចសម្រួលដល់ពួកគេឱ្យទទួលបាននូវប្រសិទ្ធភាពកាន់តែប្រសើរជាងមុន។ សម្រាប់អតិថិជនដែលជាក្រុមហ៊ុនធំៗ យើងក៏កំពុងបង្កើតការគ្រប់គ្រងសាច់ប្រាក់ ខ្សែសង្វាក់ផ្គត់ផ្គង់ ពាណិជ្ជកម្ម និងប្រតិបត្តិការផលិតផលហិរញ្ញវត្ថុ ដែលនឹងត្រូវដាក់ឱ្យដំណើរការនាពេលអនាគត។
សម្រាប់សេវាធនាគារអាជីវកម្ម គោលដៅរបស់យើង គឺកសាងប្រព័ន្ធអេកូធនាគារឌីជីថល ជាមួយប្រព័ន្ធឌីជីថល និងឧបករណ៍ឌីជីថលដែលមានឥទ្ធិពលជាងមុន ដើម្បី តភ្ជាប់ និងលើកកម្ពស់អតិថិជន ដែលជួយក្នុងការពង្រឹងសមត្ថភាពឌីជីថល ការច្នៃប្រឌិតគំរូអាជីវកម្ម និងបទពិសោធន៍សេវាកម្ម កាត់បន្ថយចំណាយប្រតិបត្តិការ និងហានិភ័យ ពង្រឹងការប្រកួតប្រជែងទីផ្សារ ដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍគុណភាពប្រកបដោយចីរភាព។
Q- តើអ្វីជាចំណុចសំខាន់ៗនៃកម្មវិធីថ្មីនេះ ហើយតើកម្មវិធីនេះនឹងផ្តល់បទពិសោធន៍នៃការទូទាត់កាន់តែងាយស្រួល ដល់អតិថិជនរបស់លោកយ៉ាងដូម្តេច?
កម្មវិធី PRINCE Merchant App ផ្តល់ឱ្យអតិថិជនរូបវន្តបុគ្គលនូវឧបករណ៍គ្រប់គ្រងការគិតលុយតាមអនឡាញ ដែលអនុញ្ញាតឱ្យអាជីវករ អាចគ្រប់គ្រងក្រុមហ៊ុនធំ និងស្មុគស្មាញបានស្របតាមតម្រូវការអាជីវកម្មរបស់ពួកគេ និងកំណត់រចនាសម្ព័ន្ធអ្នកគ្រប់គ្រងសាខា និងបុគ្គលិកគិតលុយ។
អ្នកអាចទាញយក QR កូដ សម្រាប់ការទូទាត់ដោយខ្លួនឯង ហើយដាក់នៅក្នុងទីតាំងដែលត្រឹមត្រូវ។ អ្នកគិតលុយអាចបង្កើតលេខ QR កូដ តាមពេលវេលាជាក់ស្តែង ដើម្បីជួយសម្រួលដល់ការទូទាត់ និងការបញ្ជាក់របស់អតិថិជន។
ទាំងអ្នកទទួល និងអ្នកបង់ប្រាក់ អាចទទួលបានព័ត៌មានទូទាត់ និងទទួលប្រាក់បានភ្លាមៗ ហើយអ្នកគិតលុយ អាចសាកសួរ និងគ្រប់គ្រងព័ត៌មាននៃប្រវត្តិប្រតិបត្តិការ សម្រាប់ការផ្ទៀងផ្ទាត់ និងរបាយការណ៍ហិរញ្ញវត្ថុ។
វិធីទូទាត់តាមអនឡាញរបស់យើង ក៏នឹងត្រូវដាក់ដំណើរការនាពេលឆាប់ៗនេះផងដែរ ដែលអាចជួយឱ្យអាជីវករយល់ដឹងពីអាជីវកម្មអនឡាញ និងក្រៅបណ្តាញអ៊ីនធឺណិត។
ដោយមានជំនួយពីកម្មវិធីនេះ យើងអាចយល់ដឹងអំពី ការធ្វើអាជីវកម្មឆ្លងកាត់ធនាគារ និងសូម្បីតែឆ្លងប្រទេស ដើម្បីជួយដល់អាជីវករក្នុងការបង្កើនចំនួនអតិថិជន និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។ បន្ថែមលើនេះ ការទូទាត់តាម QR កូដ អាចជួយកាត់បន្ថយ ហានិភ័យនៃការឆ្លងមេរោគ ទាំងអាជីវករ និងអតិថិជនរបស់ពួកគេ ហើយវាជួយកុំឱ្យប៉ះពាល់ដោយផ្ទាល់ជាមួយសាច់ប្រាក់ ដែលជាប្រភពនៃការចម្លងមេរោគមួយដែរ។
Q- តើប្រព័ន្ធឌីជីថលនៃវិស័យធនាគារបុគ្គលរបស់លោក កំពុងវិវឌ្ឍន៍យ៉ាងដូចម្តេច? តើមានគម្រោងថ្មីត្រៀមដាក់ចេញដែរឬទេ?
ចាប់តាំងពីធនាគារ ព្រីនស៍ បានសម្ពោធជាផ្លូវការនូវផលិតផលធនាគារឌីជីថលរបស់ខ្លួន « PRINCE Mobile» នៅខែតុលា ឆ្នាំ ២០១៩ កម្មវិធីនេះត្រូវបានកែលម្អជាបន្តបន្ទាប់ ជាមួយនឹងមុខងារ និងផលិតផលកាន់តែល្អប្រសើរ និងបទពិសោធអ្នកប្រើប្រាស់កាន់តែប្រសើរ ហើយត្រូវបានវាយតម្លៃថាជា «ធនាគារឌីជីថលដែលមានការរីកចម្រើនលឿនបំផុត»។
ជាមួយលក្ខណៈពិសេសបច្ចុប្បន្ន ដែលយើងមាននៅក្នុងកម្មវិធីទូរសព្ទ័ PRINCE Mobile អតិថិជនអាចចូលទៅប្រើគណនីធនាគាររបស់ពួកគេបានយ៉ាងងាយស្រួល និងអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានជាច្រើនប្រភេទ ដូចជាការផ្ទេរប្រាក់ក្នុងស្រុកបានភ្លាមៗ តាមរយៈកម្មវិធីទូទាត់បាគង និងប្រព័ន្ធរីធែលផេ ការទូទាត់វិក្កយបត្រ ការទូទាត់ប្រាក់តាម QR កូដ ស្នើសុំកម្ចី និងដាក់ប្រាក់បញ្ញើ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ និងមុខងារជាច្រើនទៀត។
ក្នុងពេលឆាប់ៗនេះ យើងនឹងដាក់ឱ្យដំណើរការមុខងារថ្មីមួយទៀតដូចជា រង្វាន់ពិន្ទុព្រីនស៍ ការទូទាត់តាមរយៈអនឡាញ ប័ណ្ណឥណទាន និងការផ្ទេរប្រាក់ឆ្លងប្រទេស។ ទាំងនេះនឹងបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធវេទិកាធនាគារឌីជីថល និងបង្កើនសមត្ថភាពសេវាកម្មហិរញ្ញវត្ថុបន្តិចម្តងៗ ទៅដល់ដៃគូសហការ។
Q- ជាមួយនឹងការកើនឡើងនៃសេវាកម្មធនាគារឌីជីថលនៅទូទាំងពិភពលោក វិស័យនេះក៏ត្រូវបានគេមើលឃើញថាបានពើបប្រទះនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ តើហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យារបស់ធនាគារមានសុវត្ថិភាពកម្រិតណា ដើម្បីចៀសវាងការវាយប្រហារតាមអ៊ីនធឺណិតនេះ?
ប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍អាជីវកម្មធនាគារ ជាពិសេសគឺធនាគារឌីជីថល។ យើងបានចំណាយដើមទុនយ៉ាងច្រើនក្នុងការវិនិយោគលើសន្តិសុខព័ត៌មានជារៀងរាល់ឆ្នាំ ដើម្បីតាមដានការវាយលុក និងការពារហានិភ័យ និងបណ្តាញកសាងប្រព័ន្ធស្ថាបត្យកម្មសន្តិសុខព័ត៌មានពហុវិមាត្ររបស់យើង។
បើនិយាយអំពីការអភិវឌ្ឍន៍ទេពកោសល្យ ប្រព័ន្ធបច្ចេកវិទ្យា និងប្រតិបត្ដិការ គឺយើងក៏កំពុងពង្រឹងឥតឈប់ឈរ។ ការផ្តល់ដំណោះស្រាយកាត់បន្ថយហានិភ័យ និងប្រព័ន្ធការពារសុវត្ថិភាពស្វ័យប្រវត្ដិមានប្រសិទ្ធភាពកម្រិតណា ការវិភាគ និងការកែសម្រួលការត្រួតពិនិត្យ ដែលមានស្រាប់ក៏ត្រូវបានយកចិត្តទុកដាក់ខ្លាំងប៉ុណ្ណោះដែរ ដើម្បីធានាថាការវាយប្រហារថ្មីៗ និងការគំរាមកំហែងតាមអ៊ីនធឺណិត និងអាចត្រូវបានកាត់បន្ថយយ៉ាងមានប្រសិទ្ធិភាព។ ដំណោះស្រាយធនាគារឌីជីថលរបស់យើងត្រូវបានបង្កើតឡើងក្នុងគោលដៅតែមួយគឺផ្តល់ជូននូវសេវាកម្មធនាគារប្រកបដោយសុវត្ថិភាពដល់អតិថិជនរបស់យើង។
Q- ជាមួយនឹងផលិតផលឌីជីថលទាំងអស់នេះ តើអ្នកណាជាទីផ្សារគោលដៅរបស់លោកនៅក្នុងប្រទេសកម្ពុជា? តើលោកមានបំណងពង្រីកផ្នែកសេវាកម្មធនាគារបុគ្គលដែរឬទេ?
យើងមិនត្រឹមតែកំណត់ទិសដៅផ្នែកសេវាកម្មធនាគារបុគ្គល ដែលជាផ្នែកសំខាន់មួយដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តល់អាទិភាពដល់ដៃគូអាជីវកម្មរបស់យើងផងដែរ នេះហើយជាមូលហេតុ ដែលឆាប់ៗនេះ យើងនឹងបង្ហាញនូវកម្មវិធីធនាគារតាមទូរស័ព្ទចំនួន ២ ដើម្បីបម្រើដៃគូអាជីវកម្ម និងអាជីវកររបស់យើង ដែលផ្តល់ឱ្យពួកគេនូវឧបករណ៍បច្ចេកវិទ្យាល្អៗ ដើម្បីគាំទ្រដល់អាជីវកម្ម និងជួយដល់ការប្រកួតប្រជែងនៅក្នុងទីផ្សាររបស់ពួកគេ។
Q- យោងតាមរបាយការណ៍ឆ្នាំ ២០១៩ របស់លោក, មូលដ្ឋានអតិថិជនរបស់ធនាគារគឺបានលោតពីចំនួន ២,២៦៣ នាក់ក្នុងឆ្នាំ ២០១៨ ទៅដល់ ១១,២៥២ នាក់ ក្នុងឆ្នាំ ២០១៩។ តើអ្វីជាមូលដ្ឋានអតិថិជនបច្ចុប្បន្ន ហើយតើធនាគារឌីជីថលបានចូលរួមចំណែកយ៉ាងដូចម្តេចចំពោះកំណើនដ៏អស្ចារ្យនេះ?
យើងបានបន្តរីកចម្រើន ហើយនឹងឈានដល់កំណើន ១០ ដងនៅចុងឆ្នាំនេះ។ ទាំងអស់នេះគឺដោយសារតែអតិថិជនរបស់យើង បានគាំទ្រយើងរហូតមក ទើបធ្វើឱ្យយើងសម្រេចបានដូចពេលនេះ។ ផលិតផលឌីជីថលដែលផ្តោតសំខាន់លើអតិថិជនរបស់យើងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរួមចំណែកដល់ការរីកចម្រើនដ៏អស្ចារ្យនេះ។
យើងនឹងបន្តដាក់ឱ្យប្រើប្រាស់ផលិតផល/សេវាកម្មថ្មីៗ ដើម្បីបន្ត និងបំពេញតាមតម្រូវការរបស់អតិថិជន ទាំងតាមវិធីបុរាណ និងឌីជីថល។ អតិថិជនរបស់យើងនឹងបន្តមើលឃើញថាយើង គឺកំពុងនាំមុខគេផ្នែកការច្នៃប្រឌិត និងការអភិវឌ្ឍន៍លក្ខណៈពិសេស និងផលិតផលថ្មីៗដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ។
Q- ខណៈធនាគារ ព្រីនស៍ កំពុងពង្រីកខ្លួនយ៉ាងខ្លាំងនៅក្នុងវិស័យឌីជីថល ធនាគារក៏កំពុងពង្រឹងវត្តមានរបស់ខ្លួនផងដែរ។ បច្ចុប្បន្នធនាគារមាន ៣១ សាខា បើធៀបនឹងឆ្នាំ ២០១៨ មានតែ ៩ សាខា។ តើលោកអាចពន្យល់អំពីការកើនឡើងនេះបានទេ?
ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយជាធនាគារឌីជីថលដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងណាយើងក៏មានបំណងផ្តល់នូវបទពិសោធន៍ដ៏អស្ទារ្យរបស់យើងដល់អតិថិជន ក៏ដូចជាគ្របដណ្តប់ទាំងអនឡាញ និងក្រៅប្រព័ន្ធអ៊ីនធឺណិត។
បច្ចុប្បន្ន យើងមាន ៣១ សាខា និងសាខាថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញគ្រោងនឹងបើកក្នុងពេលឆាប់ៗ ដែលនាំឱ្យយើងមានសាខាសរុបចំនួន ៣២។ ជាមួយនឹងទីតាំងម៉ាស៊ីន ATM បច្ចុប្បន្នយើងមានទីតាំង ATM សរុបចំនួន ៦៧ ទីតាំង នៅទូទាំងប្រទេស ហើយឆាប់ៗនេះយើងនឹងមានកម្មវិធីធនាគារចល័តចំនួន ៣ សម្រាប់បម្រើអតិថិជនផ្សេងៗគ្នា។ យើងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីកបណ្តាញ និងសាខារបស់យើង ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។
នៅគ្រប់សាខាទាំងអស់ គឺយើងបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ការពារ ដើម្បីធានាសុវត្ថិភាពដល់បុគ្គលិក និងអតិថិជនដែលធ្វើប្រតិបត្តិការនៅធនាគារជាមួយយើង។ ជាមួយវិធានការក្រៅប្រព័ន្ធអ៊ីនធឺណិត និងភាពងាយស្រួល ព្រមទាំងសុវត្ថិភាពនៃប្រព័ន្ធអនឡាញ យើងមានគោលបំណងបម្រើអតិថិជនរបស់យើងជាបន្តបន្ទាប់ ដើម្បីឱ្យពួកគេអស់កង្វល់ក្នុងចិត្ត និងមានសុវត្តិភាព៕