ធនាគារ ព្រីនស៍ បន្តកិច្ចសហប្រតិបត្តិការជាមួយក្លិបកីឡាបាល់ទាត់វិសាខា រយៈពេល៣ឆ្នាំ បនែ្ថមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា
[ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣] ថ្ងៃនេះ នៅកីឡដ្ឋាន ព្រីនស៍ ធនាគារ ព្រីនស៍ និងក្លិបកីឡាបាល់ទាត់វិសាខា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាថ្មី ក្រោមវត្តមានលោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងកញ្ញា អ៊ូ បញ្ញា សុកិត្យា នាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់វិសាខា ដោយមានអធិបតីភាព លោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់ធនាគារ ព្រីនស៍ ក្លិបកីឡាបាល់ទាត់វិសាខា និងអ្នកសារព័ត៌មាន ជាសក្ខីភាពនៃការចុះហត្ថលេខានេះ។
កិច្ចព្រមព្រៀងនេះ បានជួយពង្រឹងភាពជាដៃគូសហការរវាងស្ថាប័នទាំងពីរ ដើម្បីផ្តល់នូវស្ថិរភាព និងវិបុលភាពដល់ការប្រកួតរបស់ក្រុមជម្រើសជាតិ និងការប្រកួតរបស់ក្លិប។ ម្យ៉ាងវិញទៀត នេះក៏ជាការបន្តឧបត្ថម្ភរបស់ ធនាគារ ព្រីនស៍ ចំពោះក្លិបកីឡាបាល់ទាត់វិសាខាសម្រាប់រដូវកាលឆ្នាំ២០២៣-២០២៥ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ធនាគារ សម្រាប់ឧត្តមភាពកីឡាផងដែរ។ គោលបំណងសំខាន់បំផុតនោះ គឺផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ។
ក្នុងពិធីចុះហត្ថលេខានេះ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អនាគតនៃវិស័យបាល់ទាត់នៅកម្ពុជា និងសិ្ថរភាពនៃការអភិវឌ្ឍន៍យូរអង្វែង។ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្លិបកីឡាបាល់ទាត់វិសាខា។ ធនាគារ ព្រីនស៍ និងក្លិបកីឡាបាល់ទាត់វិសាខា មានចក្ខុវិស័យរួមគ្នាក្នុងការជួយលើកស្ទួយវិស័យកីឡានៅកម្ពុជាក្នុងរយៈពេលវែង ដោយយើងជឿជាក់ និងរំពឹងថា កីឡាករបាល់ទាត់កម្ពុជានឹងកាន់តែមានភាពល្បីល្បាញ មានសក្ដានុពល បង្ហាញពីជំនាញវិជ្ជាជីវៈ ព្រមទាំងសមត្ថភាពជាយុវជនជំនាន់ក្រោយ ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិយើង សម្រាប់ការរីកចម្រើននាពេលអនាគត។ ធនាគារ ព្រីនស៍ នឹងចូលរួមក្នុងការជំរុញស្មារតីកីឡា ហើយនឹងបន្តគាំទ្រសកម្មភាពកីឡាបាល់ទាត់នៅកម្ពុជា យើងរួមគ្នាប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់សកម្មភាពសង្គម និងលើកស្ទួយស្មារតីកីឡា»។
ក្នុងឱកាសដ៏រីករាយនោះដែរ កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់ វិសាខា បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែលបានបន្ដភាពជាដៃគូជាមួយធនាគារ ព្រីនស៍ ក្នុងនាមដៃគូឧបត្ថម្ភធំ(Main Sponsor) របស់ក្លិប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ។ តាងនាមថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់ វិសាខា កញ្ញាបានថ្លែងអំណរគុណ ចំពោះធនាគារ ព្រីនស៍ ដែលបានសហការជាមួយក្លិប តាំងពីឆ្នាំ២០១៨ ពិសេសកំឡុងវិបត្តិកូវីដ-១៩ ទោះមានបញ្ហាអ្វី ក៏ភាគីទាំងពីរ នៅតែចាប់ដៃគ្នាមិនលែង ក្នុងន័យតែមួយគត់ ដើម្បីការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា តាមរយៈក្លិបកីឡាបាល់ទាត់ វិសាខា។
ដោយឈរលើទស្សនវិស័យដូចគ្នា នាយិកាគ្រប់គ្រងក្លិបដដែល មានជំនឿចិត្តយ៉ាងមុតមាំថា ភាពជាដៃគូដ៏ល្អមួយនេះ នឹងរក្សាបាននូវនិរន្ដរភាពយូរអង្វែងបន្ថែមទៀត ហើយក្លិបកីឡាបាល់ទាត់ វិសាខា ប្ដេជ្ញានឹងបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ទាំងការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសក្រុមធំរបស់យើង ឆ្ពោះទៅរកការប្រកួតប្រជែង និងស្វែងរកជោគជ័យថ្មីៗបន្ថែមទៀត ទាំងលើឆាកជាតិ និងអន្ដរជាតិ ក៏ដូចជាដើម្បីបង្ហាញនូវស្លាក “ធនាគារ ព្រីនស៍” ទៅលើឆាកជាតិ និងអន្ដរជាតិ ផងដែរ ។
ធនាគារ ព្រីនស៍ ប្ដេជ្ញាក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា និងការរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់ ដោយយើងមានចក្ខុវិស័យច្បាស់លាស់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡារបស់ប្រទេសជាតិខ្មែរ។